ដោយ៖ ភ្នំស្វាយ / កំពង់ធំ៖ អាជ្ញាធរ ស្នើប្រជាពលរដ្ឋ មានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
មន្ត្រីរសាលាខេត្តកំពង់ធំ បាអោយដឹងកាលពីថ្ងទី៦ ខែឧសភាថា៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវជាថ្មី ដូច្នេះទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងអំឡុងពេល នៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវទឹកចិត្តក្តីអាណិតស្រឡាញ់ ជូនចំពោះពុកម៉ែបងប្អូន គ្រប់ពេលវេលា និងនៅជាមួយគ្នា គ្រប់កាលៈទេសៈ។
សូមរំលឹកថា ជំងឺកូវីដ១៩ បាននឹងកំពុងតែមាន ការឆ្លងរីករាលដាល នៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំ ។ ដោយឡែក នៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើង ជាបន្តបន្ទាប់ ។ ស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនមិនត្រូវភ្លេចនូវ ការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕/V