ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការចុះបញ្ជី។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានបញ្ជាក់ថាគណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពត បានទទួលពាក្យចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតពី គណបក្សប្រជាជនកម្ពុជា។សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល ៥ ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។
គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គណបក្សនយោបាយទាំងអស់អាចស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវធ្វើនៅ គ.ខ.ប ខេត្តកំពត។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានកំណត់ក្នុងទម្រង់បែបបទលេខ ១០០៨។
សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ ៕សរន