ដោយៈមុនីរ័ត្ន/ភ្នំពេញ : គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១និងការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង ២ពាន់នាក់ ដែលល្មើសនឹងបម្រាម។ក្នុងនោះបានបញ្ជូនទៅតុលាការ ផាកពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យា អប់រំណែនាំ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់អ្នកកាសែត នៅរសៀលថ្ងៃទី៦ខែឧសភានេះថា លទ្ធផលនៃការបង្ក្រាបសកម្មភាពល្មើសបម្រាមរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ត្រឹមថ្ងៃទី៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការចំនួន ១២៧ករណី ស្មើមនុស្ស ៧៥៥នាក់ (ស្រី ១៤៦នាក់) , បង់ពិន័យអន្តរការណ៍ចំនួន ៥៣ករណី ស្មើមនុស្ស ១៩២នាក់ (ស្រី ២៦នាក់) និងធ្វើកិច្ចសន្យា អប់រំ បានចំនួន ៤៨៤ករណី ស្មើមនុស្សចំនួន ១៤២២នាក់ (ស្រី ៣៦៩នាក់)។
រីឯអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ថាក្នុងដំណាក់កាលនៃការអនុវត្តបម្រាមគោចរ ក៏ដូចជាការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៧៨នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន ១០នាក់ , បញ្ជូនទៅតុលាការចំនួន ៣នាក់ ,ធ្វើការអប់រំណែនាំចំនួន ៨៣នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ៣១នាក់ និងពិន័យអន្តរការណ៍ចំនួន ៣៤៩នាក់៕សរន