ប្រែសម្រួល : កញ្ញាដាលីស/CGTN ៖ ថ្ងៃទី ១ ឧសភា កាលបរិច្ឆេទផុតកំណត់ជំនាន់លោកត្រាំក្នុងការដកកងទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន បានកន្លងផុតជាផ្លូវការ។ប៉ុន្តែទន្ទឹមគ្នានេះដែរមានដំណឹងលេចឮថាក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងការពារមូលដ្ឋានបរទេសនៅក្រោមកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ គំនិតដែលថាសហរដ្ឋអាម៉េរិកអាចផ្តល់អំណាចដល់ពួកភេរវករដែលខ្លួនអះអាងថាកំពុងរារាំងនោះ បាននាំឱ្យមានការផ្តោតសំខាន់លើហានិភ័យចម្បងចំនួនបីសម្រាប់ការដកទ័ពរបស់កងកម្លាំងចម្រុះនាពេលបច្ចុប្បន្ន គឺវាធ្វើឱ្យករណីរបស់ក្រុងវ៉ាស៊ីនតោនចុះខ្សោយក្នុងការធ្វើសង្គ្រាមប្រឆាំងសកម្មប្រយុទ្ធរហូតដល់ថ្ងៃទី ១១ ខែកញ្ញា វាផ្តល់នូវការលើកទឹកចិត្តថ្មីដល់ក្រុមប្រដាប់អាវុធជាច្រើនក្នុងការរៀបចំការត្រឡប់មកវិញ និងវាបង្កបញ្ហាប្រឈមដល់ការកសាងមូលដ្ឋានគ្រឹះរបស់សហរដ្ឋអាម៉េរិកសម្រាប់សន្តិភាពក្នុងតំបន់ក្រោយការដកទ័ពក្រោមសម័យដឹកនាំរបស់លោកបៃដិន។
អំពីការទប់ស្កាត់ការវាយប្រហារប្រឆាំងនឹងកងកម្លាំងចម្រុះ ការបង្ហាញភាពអស់កម្លាំងរបស់កងកម្លាំងប្រដាប់អាវុធអាម៉េរិកកំពុងដាក់ទម្ងន់បន្ថែមលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលជាសម្ពន្ធមិត្តប្រឆាំងភេរវកម្ម។ សន្តិសុខសកម្មជាង ១០០ នាក់ត្រូវបានសម្លាប់នៅក្នុងរលកនៃអំពើហិង្សានាពេលថ្មីៗនេះហើយការវាយប្រហារផ្ទៃក្នុងប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាលបានកើនឡើង ៨២ ភាគរយ។ សំខាន់ជាងនេះទៀត ការប្រឈមមុខកាន់តែខ្ពស់របស់កងកម្លាំងសន្តិសុខចំពោះការវាយលុកពីក្រុមសកម្មប្រយុទ្ធនានាបានកើតឡើងនៅគ្រាដែលក្រុមសកម្មប្រយុទ្ធដែលកាន់តែមានអំណាចជាច្រើនកំពុងលេចមុខឡើងដើម្បីសម្ញែងឫទ្ធិ ដោយជួយពង្រឹងកណ្តាប់ដៃរបស់ពួកតាលីបង់នៅខាងក្រៅ។
ផ្ទុយស្រឡះទាំងស្រុង កងកម្លាំងរបស់បស្ចិមប្រទេសបែរជាបានបង្កើនការត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារប្រហាក់ប្រហែលនេះ ប៉ុន្តែមិនបានយករឿងទាំងនេះមកនិយាយនោះទេត្បិតឃើញអំពើហិង្សាកើនឡើងជាក់ស្តែងនៅនឹងភ្នែកស្រស់ក៏ដោយ។ ឧត្តមសេនីយ៍ ស្កុត មីលល័រ ជាមេបញ្ជាការកំពូលសម្រាប់កងកម្លាំងបរទេស ចាត់ទុកកម្លាំងចម្រុះជាសមត្ថកិច្ច”ក្នុងការឆ្លើយតបដោយបង្ខំចំពោះការវាយប្រហារណាមួយប៉ុណ្ណោះ” ដោយបង្កើនលទ្ធភាពវាយប្រហារកាន់តែខ្ពស់ទៅលើមូលដ្ឋាននានាដែលគាំទ្រដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ ទោះយ៉ាងណាកម្លាំងចម្រុះដដែលនេះគឺស្ថិតនៅរួមគ្នាតែមួយនៅផ្នែកសំខាន់ៗនៃប្រទេសអាហ្វហ្គានីស្ថាន។
អំពីយុទ្ធសាស្ត្រចរចាវិញ វ៉ាស៊ីនតោនក៏បានមើលរំលងបរិមាណអំណាចដែនដីដែលខ្លួនបានបាត់បង់ឱ្យទៅពួកតាលីបង់ផងដែរដោយទុកឱ្យកងកម្លាំងសន្តិសុខរដ្ឋាភិបាលបំពេញចន្លោះសន្តិសុខនេះដោយខ្លួនឯង។ ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធ រួមមានទាំងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្ននិងអចិន្ត្រៃយ៍ឥឡូវនេះបានក្លាយជាទីតាំងកាន់កាប់របស់ពួកតាលីបង់នៅលើផ្លូវផ្គត់ផ្គង់ភាគខាងជើង-ខាងត្បូងដ៏សំខាន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយពង្រីកឥទ្ធិពលនេះឥតឈប់ឈរ ព្រោះសហរដ្ឋអាម៉េរិកពឹងលើការការពារពីពួកតាលីបង់សម្រាប់មូលដ្ឋានបរទេស។
នេះគឺជាទម្រង់ដ៏សំខាន់មួយ ពីព្រោះទោះបីជារដ្ឋបាលបៃដិនព្យាយាមការពារកិច្ចព្រមព្រៀងជំនាន់ត្រាំនិងពន្យារការដកទ័ពរហូតដល់ខែកញ្ញាក៏ដោយក៏ទីក្រុងវ៉ាស៊ីនតោននៅតែត្រូវការការយល់ព្រមពីពួកតាលីបង់ចំពោះកាលវិភាគពន្យារពេលដកទ័ពរបស់ខ្លួនបន្ថែមទៀត ដោយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងអំពើហិង្សាអាចផ្តល់សុខសុវត្ថិភាពដល់កងកម្លាំងចម្រុះជាអាទិភាព។ ប្រសិនបើការរំពឹងទុកគឺថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននឹងត្រូវមានតួនាទីកាត់បន្ថយអំពើហិង្សាដែរនោះការវាយតម្លៃចុងក្រោយពីអគ្គអធិការកិច្ចពិសេសសម្រាប់ការកសាងអាហ្គានីស្ថានឡើងវិញ (SIGAR)ដែលជាអ្នកឃ្លាំមើលកំពូលរបស់មន្ទីរបញ្ចកោណ នឹងដកចេញរាល់ការសង្ស័យទាំងអស់ ពោលគឺ ៖”ការដកទ័ពទាំងស្រុងពីអាហ្វហ្គានីស្ថាននឹងធ្វើតេស្តិ៍មើលថាតើកងកម្លាំងការពារជាតិនិងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANDSF)អាចទ្រទ្រង់ខ្លួនឯងនិងការពាររដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដែរឬអត់”។ គ្មានការលើកឡើងអំពីដែនដីអាហ្វហ្គានីស្ថានមួយភាគធំដែលគ្មានការការពារ នៅពេលដែលអាទិភាពនៃការដកទ័ពរបស់អាម៉េរិកចាប់ផ្តើមលេចរូបរាងនោះទេ។
សញ្ញាថ្មីក៏បង្ហាញផងដែរថា ក្រុមសកម្មប្រយុទ្ធដូចជា ក្រុមអាល់កៃដានិងក្រុមអាយស៊ីសមានអារម្មណ៍ដឹងអំពីការមិនចុះសម្រុងនេះ។ក្រុមទាំងពីរបានយកការប្រឆាំងនឹងសហរដ្ឋអាម៉េរិកធ្វើជាអាទិភាពចម្បងរៀងៗខ្លួនប៉ុន្តែគាំទ្រការអនុវត្តជាក់ស្តែងនូវសំណាញ់វាយលុយដ៏ប្រុងប្រយ័ត្នអំឡុងពេលអាម៉េរិកកំពុងដកទ័ព។ ភ្នាក់ងារសម្ងាត់អាល់កៃដាពីរនាក់បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខលើទូរទស្សន៍ CNN ថា “សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាម៉េរិកនឹងនៅតែបន្តនៅគ្រប់មុំទាំងអស់លើកលែងតែពួកគេត្រូវបានបណ្តេញចេញអស់ពីពិភពអ៊ីស្លាម”។
មានការភ័យខ្លាចអំពីការវិលត្រឡប់របស់ក្រុមតាលីបង់ក្រោយអាម៉េរិកដកទ័ព
ក្រុមអាយស៊ីស ដែលត្រូវបានរុញច្រានដោយពួកតាលីបង់តាមសំណើរបស់សហរដ្ឋអាម៉េរិក កំពុងសម្ញែងឥទ្ធិពលរបស់ខ្លួនតាមរយៈការបំផ្ទុះគ្រាប់បែកដាច់ដោយឡែកកាន់តែច្រើនឡើងដោយការបំផ្ទុះគ្រាប់បែកខ្លះអះអាងធ្វើឡើងដោយសម្ពន្ធមិត្តក្នុងស្រុករបស់ខ្លួន ខណៈការបំផ្ទុះខ្លះទៀតធ្វើឡើងក្នុងបំណងបង្កគ្រោះថ្នាក់ដល់មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងអ្នកកាសែត។
ដូច្នេះតើទាំងអស់នេះនិយាយអ្វីខ្លះអំពីការកសាងមូលដ្ឋានគ្រឹះរបស់សហរដ្ឋអាម៉េរិកសម្រាប់សន្តិភាពក្នុងតំបន់ក្រោយការដកកងទ័ព?
ខ្លឹមសារមានតិចតួច។
ទីមួយ ក្រុមសកម្មប្រយុទ្ធនានាដែលមានការជំរុញទឹកចិត្តប្រជែងឱ្យមានអំពើហិង្សាទំនងជាសម្ញែងឥទ្ធិពលរបស់ក្រុមខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្រោយការដកទ័ពចេញក្នុងនាមជាការគំរាមកំហែងដល់ជំហររបស់ក្រុមមួយផ្សេងទៀត។ ការជ្រើសរើសកងជីវពលដោយរលូននិងព្រំប្រទល់ប្រហោងធ្លុងច្បាស់ជាបង្កើនការផ្តាច់ខ្លួនឆ្លងដែនដោយនេះចង្អុលបង្ហាញពីបរាជ័យខាងយុទ្ធសាស្ត្ររបស់កងកម្លាំងអាម៉េរិក ដែលកំពុងត្រៀមចាកចេញទៅ ពោលគឺយោធាអាហ្វហ្គានីស្ថាននៅកំពុងខ្វះការអនុវត្តជាក់ស្តែងក្នុងការឃ្លាំមើលគោលដៅនិងជម្រើសអំណាចដែនអាកាសត្បិតសហរដ្ឋអាម៉េរិកសន្យាលើកិច្ចសហប្រតិបត្តិការក៏ដោយ។
ទីពីរ ទីក្រុងវ៉ាស៊ីនតោនប្រឈមមុខនឹងការសាកល្បងខាងការទូតក្នុងតំបន់ ដែលអាចជឿទុកចិត្តបាន។
សហរដ្ឋអាម៉េរិកត្រូវតែគាំទ្រដំណោះស្រាយនយោបាយនៅអាហ្វហ្គានីស្ថានជាមួយការប្តេជ្ញាចិត្តនិងសេចក្ដីម៉ឺងម៉ាត់ដូចក្រុម Troika(ក្រុមប្រទេសប៉ាគីស្ថានចិននិងរុស្ស៊ី)ស្តីពីការតាំងទីលំនៅដោយសន្តិវិធីនៅអាហ្វហ្កានីស្ថាន។ ការមូលមតិរួមគ្នាចំនួន ១៤ចំណុចដែលសម្រេចបានក្នុងសប្តាហ៍នេះរវាងពួកគេគឺជាសញ្ញាស្វាគមន៍មួយដែលថាសហរដ្ឋអាម៉េរិកយ៉ាងហោចណាស់កំពុងព្រមានអំពីសន្ទុះនៃក្រុមបះបោរឆ្លងកាត់ព្រំដែន ដើម្បីបកស្រាយថា សន្តិសុខគឺជាបញ្ហាត្រូវដោះស្រាយរួមគ្នាជាចាំបាច់។
ប៉ុន្តែទីបំផុតវាគឺស្ថិតនៅលើសហរដ្ឋអាម៉េរិកដើម្បីបញ្ជាក់ថាគន្លងរបស់ខ្លួនសម្រាប់សន្តិភាពក្នុងអំឡុងពេលដកទ័ពចេញគឺស្របជាមួយនឹងកងកម្លាំងរដ្ឋាភិបាល ដែលងាយរងគ្រោះនៅនឹងកន្លែង។ ភាពផ្ទុយស្រឡះជាច្រើនដូចជាការសុខចិត្តប្រគល់មូលដ្ឋានយុទ្ធសាស្ត្រដល់ពួកតាលីបង់ ការអួតអាងអំពីអនុភាពយោធានិង ការមើលរំលងការគាំទ្រដល់យោធាអាហ្វហ្គានីស្ថានលើផ្នែកស៊ើបការណ៍សម្ងាត់ គឺ ជាភស្តុតាងបង្ហាញពីភាពមិនស៊ីចង្វាក់គ្នា៕
ទាហានកំពុងសម្អាតអាវុធនៅមូលដ្ឋាននៅជាយក្រុងម៉ៃដានសា ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០