Home ព័ត៌មានសំខាន់ៗ តើ​ឧស្សាហកម្ម...

តើ​ឧស្សាហកម្ម​ទេសចរណ៍​គួរ​ត្រៀមខ្លួន​យ៉ាងដូចម្តេច​ក្រោយ​វិបត្តិ កូ​វីដ ១៩? ​តើ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ណាខ្លះ​នឹង​អាច​ទទួលបាន​ទេសចរ​ច្រើន​ឡើងវិញ​?

ដោយ​៖​លោក គ​ន្ធា ភិរម្យ​/​ភ្នំពេញៈតើ​ឧស្សាហកម្ម​ទេសចរណ៍​គួរ​ត្រៀមខ្លួន​យ៉ាងដូចម្តេច​ក្រោយ​វិបត្តិ កូ​វីដ ១៩?
​តើ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ណាខ្លះ​នឹង​អាច​ទទួលបាន​ទេសចរ​ច្រើន​ឡើងវិញ​?។
​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នឹង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​!។

​តាម​ការសង្កេត ក្រោយ​វិនាសកម្ម​ធំៗ ដូចជា​ក្រោយ​សង្គ្រាមលោកលើកទី​១ និង​ក្រោយ​សង្គ្រាមលោកលើកទី​២​ដែល​បាន​វាយ​រម្លំ​សេដ្ឋកិច្ចពិភពលោក​ដួល​ផ្គាប់​មុខ កំណើនសេដ្ឋកិច្ច​តែងតែ​ហក់​ឡើងវិញ​ខ្ពស់ និង​យ៉ាង​លឿន​រហ័ស​ជាទីបំផុត​។ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​១៩(covid-19 )​ចំពោះ​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា លើ​សកលលោក ប្រជាពលរដ្ឋ​ដែល​បាន​ទទួលរង​សម្ពាធ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ក្នុងសម័យ​វិបត្តិ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញ​ដើរលេង​ធ្វើដំណើរ​កម្សាន្ត​ដ៏​ច្រើន​ឡើងវិញ​នៅពេលដែល​សង្គមជាតិ​វិល​រក​ភាពប្រក្រតី​ដូចដើម​។​
​ចំពោះ​វិស័យសេដ្ឋកិច្ច ជាពិសេស​វិស័យ​ទេសចរណ៍​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ​នឹង​អាចមាន​សន្ទុះ​រីកចម្រើន ខ្លាំងជាងគេ​វិញ​ដោយយោង​លើ​ហេតុផល​សំខាន់ៗ​មួយចំនួន​។ អនុវិស័យ​មួយ​ចំ នួន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល​ដូចជា ភោជនីយដ្ឋាន ក្រុមហ៊ុន​ទេស ចរណ៍ ការដឹកជញ្ជូន​ទេសចរ និង​សេវាកម្ម​ស្នាក់នៅ ជាដើម ត្រូវបាន​គេ​រំពឹងថា​នឹង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ក្រោយ​វិបត្តិ​ជម្ងឺឆ្លង​នេះ​។​

មនុស្ស​នឹង​ចាប់ផ្តើម​ធ្វើដំណើរ​ដ៏​ច្រើន​ឡើងវិញ​!
​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ អ្វីដែល​ប្រជាពលរដ្ឋ​ទូទៅ​នៅ​គ្រប់ ទីកន្លែង​ក្នុងប្រទេស នឹក​ស្រមៃ​ចង់​ធ្វើ​មុនគេ និង​ខ្លាំងជាងគេ គឺ​ការចង់​ចេញ​ដើរហើរ ការជួបជុំ​មិត្តភក្តិ និង​ក្រុមគ្រួសារ និង​ការចង់​ធ្វើដំណើរ​កម្សាន្ត​ឡើងវិញ​។​

​យោងតាម​អង្គការ​ទេសចរណ៍​ពិភពលោក ទេសចរណ៍​គឺជា​វិស័យ​ដែល​ត្រូវបាន ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុងចំណោម​សកម្មភាព​សេដ្ឋកិច្ច​នានា​នៅលើ​ពិភពលោក​។ ដោយសារតែ​វិស័យ​ទេសចរណ៍​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ផល ប៉ះពាល់​អវិជ្ជមាន​ពី​covid-19 មិនបាន​ជះ​មកលើ​តែ​មូលដ្ឋាន​អាជីវកម្ម​ណាមួយ​ជាក់លាក់​ឡើយ គឺ​ប្រព័ន្ធ​ទាំងមូល​តែម្តង​ដែល​ត្រូវបាន​ទទួលរង​នូវ​ផលប៉ះពាល់​ទាំងនោះ​។ ការសិក្សា​មួយ​បាន​បង្ហាញថា មានតែ​ទេសចរណ៍​ក្នុងស្រុក​ប៉ុណ្ណោះ​ដែល​អាច​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល​បាន (Seeler & Lueck, 2020)​។ ការសិក្សា​ផ្សេងទៀត​ក៏បាន​បង្ហាញ​ពី​ការដើរ​តួយ៉ាង​សំខាន់​នៃ​ធនធានធម្មជាតិ (Nature-Based Resources) និង​សកម្មភាព​ខាងក្រៅ​ផ្សេងៗ​ទៀត (Outdoor activities) ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ធាតុ​ផ្សំ​យ៉ាងសំខាន់​បំផុត​សម្រាប់​សកម្មភាព​ទេសចរណ៍​ភ្លាមៗ​ក្រោយ​វិបត្តិ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​នេះ (Hussain & Fusté-Forné, 2021​។​


​ដូច​ទៅនឹង​ការសិក្សា​មួយចំនួន​ខាងលើ​ដែល​អាច​នាំឱ្យ​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួងទេសចរណ៍​ជឿជាក់ថា វិស័យ​ទេសចរណ៍​ក្នុងស្រុក​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​នឹងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​បំផុត ប្រៀប​ទៅនឹង​ទំរង់​អក្សរ «V» ដែល​ទម្រង់​នេះ​បង្ហាញ​ពី​ស្ថានភាព​ទេសចរណ៍​មានការ​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​ស្ថានភាព​នេះ​ក៏​នឹងត្រូវ​ហក់​ឡើងវិញ​ដ៏​ខ្លាំងក្លា​ផងដែរ​។​

ប្រជាពលរដ្ឋ​ខ្មែ​នឹងធ្វើ​ដំណើរ​កម្សាន្ត​យ៉ាងច្រើន​ចេញពី​កន្លែង​ដែល​ខ្លួន​កំពុង​រស់នៅ​សព្វថ្ងៃ​
​ក្នុងចំណោម​ការធ្វើដំណើ​រ​កម្សាន្ត​យ៉ាងគំហុក​របស់​ទេសចរ​ជាតិខ្មែរ​យើង​ឆាប់ៗ​នាពេល​ខាងមុខនេះ គេ​រំពឹងថា​នឹងមាន​ភ្ញៀវ​មិនតិច​ទេ​ដែល​នឹង​កក់​បន្ទប់​ស្នាក់នៅ​ក្នុងអំឡុង​នៃ​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ពួកគេ​។ ដូច​ទស្សនៈ​ដែល​បានលើកឡើង​របស់លោក James (2003) ដែល​បានធ្វើ​ការណែនាំ​មក​ថា មនុស្ស​មាន​តម្រូវការ «​ស្នាក់នៅ​» ចាំបាច់​បំផុត​នៅពេល​ធ្វើដំណើរ​ចេញពីផ្ទះ​របស់​ពួកគេ​ពេលទៅដល់​ទីកន្លែង​ណាមួយ​ក្នុង​គោលបំណង​លំហែរ​កម្សាន្ត ឬ​ធ្វើ​ជំនួញ​។ ក្រៅពី​សេវាកម្ម​ស្នាក់នៅ សណ្ឋាគារ​ក៏​ផ្តល់នូវ​សេវាកម្ម​ដ៏ទៃទៀត​ដែល​មនុស្ស​ត្រូវការ​ដើម្បី​កម្សាន្ត​សប្បាយ​ដូចជា ការជួបជុំ​មិត្តភក្តិ​បងប្អូន​ដើម្បី​លេង​ក្នុង​សួន​ទឹក​កម្សាន្ត ការ​ញ៉ាំ​ម្ហូបអាហារ​ក្នុង​សណ្ឋាគារ ការចូល​លេង​ក្នុង​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ​ដែលមាន​នៅតាម​សណ្ឋាគារ​ធំៗ​ខ្លះ និង​សេវាកម្ម​ផ្សេងៗ​ទៀត​ដែលមាន​បម្រើ​ក្នុង​វិស័យ​ស្នាក់នៅ​។​


​ស្របពេល​នឹង​ការធុញទ្រាន់​មួយរយៈ​នៃ​ការអត់ធ្មត់ «​នៅផ្ទះ​» ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង covid-19 នោះ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញ​ធ្វើដំណើរ​ដ៏​ច្រើន​នៅពេល​មាន​ការបើក​ឡើងវិញ​នូវ​ការធ្វើដំណើរ​ដោយ​សេរី​។ ហេតុផល​នេះ​អាចជា​តម្រុយ​មួយ​នៃ​តម្រូវការ​នៃ​ការ​ស្នាក់នៅ ដែល​មូលដ្ឋាន​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ និង​ប្រតិបត្តិ​ករ​ដែល​បម្រើ​សេវាកម្ម​ស្នាក់នៅ គួរ​ត្រៀមខ្លួន​ក្នុងការ​ចាប់យក​ឱកាស​នៃ​ការចេញ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ទេសចរ​ផ្ទៃក្នុង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
​មិនតែប៉ុណ្ណោះ ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំនេះ ស្ថានភាព​ធម្មតា​បែប​ថ្មី​ក៏បាន​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​សម្រួល​ដល់​ការរស់នៅ ការចិញ្ចឹម​ជីវិត និង​ការប្រាស្រ័យ​ទាក់ទង​។ ចំណេះដឹង និង​ជំនាញ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក៏​សម្រួល​បន្ថែម​ដល់​ភ្ញៀវទេសចរ​ជាតិ​ក្នុងការ​កក់​បន្ទប់​ស្នាក់នៅ និង​ការចំណាយ​នានា​ក្នុង​វិស័យ​ទេសចរណ៍ តាមបែប​អេ​ឡិច​ត្រូ​និ​ច​។ ក្នុងន័យនេះ មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ស្នាក់នៅ​គួរ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក៏ដូចជា​និន្នាការ​របស់ ភ្ញៀវទេសចរ​ជាតិ​ក្នុង​បរិបទ​ដ៏​ទំនើប​ជឿនលឿន​នេះ​៕

ពលរដ្ឋ​ខ្មែរ​នឹង​ចេញ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​យ៉ាងច្រើន​!
​គេ​រំពឹងថា​ទេសចរ​ជាតិ​នឹង​ចេញ​ធ្វើដំណើរ​ដើម្បី​ទទួលទាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​យ៉ាងច្រើន​កុះករ​ក្រោយ​វិបត្តិ​covid-19​។ ដោយ សារ​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ពិសេស​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវបាន ហាមឃាត់​នូវ​ការជួបជុំ និង​ការធ្វើដំណើរ ពួកគេ​នឹក​ស្រមៃ​នឹង​ដើរ ហើរ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ និង​ផឹកស៊ី ប្រកបដោយ​ភាពសប្បាយ​រីករាយ​ឡើងវិញ​ជាពុំខាន​។ ការសិក្សា​បង្ហាញថា​ម្អូ​ប​អាហារ​គឺជា​ធាតុ​ផ្សំ​មួយ​នៃ​បទពិសោធន៍​របស់​ភ្ញៀវទេសចរ ក៏ដូចជា​របៀបរបប​នៃ​ការរស់នៅ (Lifestyles) បែប​ទាន់សម័យ​ផងដែរ (Michael & Liz, 2003)​។​
​ហេតុផល​ដ៏​សំខាន់​នេះហើយ ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាពិសេស​ភោជនីយដ្ឋាន​គួរ​ត្រៀម​រួចរាល់​ដើម្បី​បម្រើ​សេវាកម្ម​របស់ខ្លួន​ដល់​ទេសចរ​ជាតិ ដែល​នឹង​គ្រោង​ធ្វើដំណើរ​ចេញ​ក្រៅពី​តំបន់​ដែល​ពួកគេ​កំពុង​រស់នៅ​ដើម្បី​ចូល​បរិភោគ​ម្ហូបអាហារ​ដូច​ការគ្រោងទុក​របស់​ពួកគេ​៕

​ការដឹកជញ្ជូន​ទេសចរ​នឹងមាន​ភាព​មមាញឹក​ឡើង​វិញ​
​ថ្វីត្បិតតែ​ក្រុមគ្រួសារ​ខ្លះ​មាន​រថយន្ត​ផ្ទាល់ខ្លួន គេ​នៅតែ​ជឿថា​ការធ្វើដំណើរ​ទេស ចរណ៍​ជា​ក្រុមៗ​ដោយ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងទៀត នឹងមាន​ភាព​មមាញឹក​ឡើងវិញ​។ ដោយមាន​ការហាម​ប្រាម​មិនឱ្យ​ជួបជុំ ឬ​ធ្វើដំណើរ​ជា​ក្រុម​អស់​មួយរយៈ​កន្លងមក គេ​អាច​គិតទុក​មុន​បាន​ថា ការធ្វើដំណើរ​ជា​លក្ខណៈ​ទ្រង់ ទ្រាយ​ធំ​នឹង​កើត​ឡើងវិញ ដូចជា​ការធ្វើដំណើរ​តាមរយៈ​រថយន្តក្រុង​ទេសចរណ៍ ទូក​ទេសចរណ៍​ទាំង​រដ្ឋ និង​ឯកជន និង​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ក្នុងស្រុក ជាដើម​។ ការចុះ​កម្មសិក្សា និង​ទស្សនៈកិច្ច​សិក្សា​តាម​រថយន្តក្រុង​របស់​សិស្ស​និស្សិត​តាម​វិទ្យាល័យ​ឬ​សាកល​វិ​ទ្យ​ល័យ អាចជា​ឧទាហរណ៍​មួយ​ដែល​គេ​នឹង​ឃើញ​មាន​សារជាថ្មី​ផងដែរ​។
​បន្ថែម​ពីនេះ​ទៀត ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ក្នុងស្រុក (​ភ្នំ​ពេ​ញ‍​-​សៀមរាប​- ព្រះសីហនុ​) ដែលជា​ការធ្វើដំណើរ​រ​បស់​អ្នកជំនួញ ថ្នាក់ដឹកនាំ​របស់​ក្រសួង​ស្ថាប័នរដ្ឋ បុគ្គលិក​ក្រុមហ៊ុន ឬ​អង្គការ និង​ទេសចរ​លំដាប់​លើ​មធ្យម នឹង​រំពឹងថា​មាន​ភាព​មមាញឹក​ឡើងវិញ​ផងដែរ​។ មិនតែប៉ុណ្ណោះ ការធ្វើដំណើរ​តាម​ទូក​ទេសចរណ៍ និង​កប៉ាល់​ធំៗ​ដើម្បី​ឆ្លងទៅ​តាម​កោះ​នានា​នៅតាម​តំបន់​សមុទ្រ​ក៏​គេ​អាច​ប៉ាន់​ស្មានថា​នឹងមាន​ភាព​មមាញឹក​ឡើង​វិញ​ក្រោយ​វិបត្តិ​ជម្ងឺឆ្លង​រាតត្បាត covid-19 នេះ​។


​និន្នាការ​នៃ​ការធ្វើដំណើរ​ជា​ក្រុម​របស់​យុវជន​ក៏​គេ​រំពឹងថា​នឹងមាន​ចលនា​យ៉ាង រស់​រវើក​ឡើងវិញ​បន្ទាប់ពី​មានការ​ហាមឃាត់​អស់​ជាង​មួយឆ្នាំ​កន្លងមកនេះ​។ គេ​នឹង​អាច​មើលឃើញ​ពី​ការដើរ​ជា​ក្រុម​របស់​ពួក​យុវជន​នេះ​ក្នុង​ទម្រង់​ជាការ​ដើរ​ព្រៃ ការបោះ​តង់ ការ​ជិះ​រថភ្លើង និង​ការធ្វើដំណើរ​តាម​កោះ ជាដើម​។
​តាម​ការលើកឡើង​ខាងលើនេះ ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​វិស័យ​ដឹកជញ្ជូន ដូចជា​រថយន្តក្រុង​ទេសចរណ៍ ទូក​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​គួរ​ត្រៀមលក្ខណៈ​រួចជាស្រេច​នៅពេលដែល​រាជរដ្ឋាភិបាល​អនុញ្ញាតិ​ឱ្យមាន​ការជួបជុំ រួមទាំង​ធ្វើដំណើរ​ដោយ​សេរី​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​
​ក្រោយ​វិបត្តិ​ដ៏​អួរ​អាប់​នេះ មនុស្សជាតិ​នឹង​នាំគ្នា​ចេញ​ក្រៅ​ធ្វើដំណើរ​កម្សាន្ត​ដោយ​ឯកជន ឬ​ដោយ​ការទិញ​កញ្ចប់​ទស្សនកិច្ច​។ ប្រតិបត្តិ​ករ​ទេសចរណ៍ ឬ​សមាគម​ការី​ទេសចរណ៍​គួរ​ត្រៀម​រួចរាល់​ក្នុងការ​រៀបចំ​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ក្នុងស្រុក​ទៅ តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ព្រោះ​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ​នឹង​ងើបឡើង​ខ្លាំង​ឡើងវិញ​បន្ទាប់ពី​ការហាមឃាត់​នៃ​ការធ្វើដំណើរ​អស់​មួយរយៈ​នេះ​។​
​ក្នុងចំណោម​ប្រភេទ​នៃ​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ធំៗ​ទាំងបី ដូចជា​បែប​Inbound Package Tour បែប​Outbound Package Tour និង​បែប Domestic Package Tour ត្រូវបាន​គេ​មើលឃើញថា មានតែ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​បែប Domestic Package Tour ប៉ុណ្ណោះ ដែល​នឹងមាន​ដំណើរ​ការល្អ​ក្នុង​រយៈពេល​មធ្យម​ទៅ​វែង​ខាងមុខ​។​
​ទោះយ៉ាងណា តម្លៃ​នៃ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​គួរ​ជាត​ម្លៃ​ទាប ឬ​មធ្យម​ដោយសារ​ស្ថានភាព​នៃ​ប្រាក់ចំណូល​របស់​មនុស្ស​ម្នាក់ៗ​ទើបបាន ធូរស្រាល​បន្តិច​បន្ទាប់​ពី​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​នេះ​៕សរន

​ឯកសារយោង​
• Bangkok Hospital (2021). Psychiatrists’ Advices On Managing Stress And Coping With COVID-19 Disease. Retrieved from https://www.bangkokhospital.com/en/content/psychiatric-guidance-on-stress-management-trading-covid-19 ( Accessed on 01 May 2021).
• Chuck, Y. G., James. C. M., Dexter. J. L. C. (1997) The Travel Industry. Third Edition. New York, USA.
• Hussain, A. Fusté-Forné, F. Post-Pandemic Recovery: A Case of Domestic Tourism in Akaroa (South Island, New Zealand). World 2021, 2, 127–138. https://doi.org/10.3390/world2010009
• James. A. B. (2003). Hotel Front Office Management. Third Edition by John Wiley & Sons, Inc.
• Michael. H., Liz, S., Richard. M., Niki., Brock. (2003). Food Tourism Around the World. Development, management and markets. Oxford. Elsevier.
• Seeler, S. Lueck, M. The Coronavirus Survival Challenge for NZ Tourism: Affordability and Sustainability. 2020. Available online: https://www.stuff.co.nz/travel/back-your-backyard/121407526/the-coronavirus-survival-challenge-for-nz-tourismaffordability-and-sustainability (accessed on 30 April 2021).
• The Johns Hopkins University (2021). Stressed About COVID-19? Here’s What Can Help. Retrieved from https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/stressed-about-covid19-heres-what-can-help. [Retrieved on 01 May 2021].
• UNWTO. COVID-19: Putting People First. 2020. Available online: https://www.unwto.org/tourism-covid-19 (accessed on 30 April 2021).
ស្រាវជ្រាវ​ដោយ​លោក គ​ន្ធា ភិរម្យ​
​ត្រួតពិនិត្យ​ដោយ​​ឯកឧត្តម ជួន ជ័យ​សត្យា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular