អាល្លឺម៉ង់​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៣ លាន​អឺរ៉ូ សមមូល​នឹង ៦៣ លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អាល្លឺម៉ង់​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៣ លាន​អឺរ៉ូ សមមូល​នឹង ៦៣​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាល កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ ប្រជាជន​កម្ពុជា សម្រាប់​ឆ្នាំ​២០២១-២០២២ នេះ​បើតាម​សេចក្តីប្រកាស​ដែល​រស្មី​កម្ពុជា ទទួលបាន​ក្រោយ​កម្ពុជា​និង​អាល្លឺម៉ង់​បញ្ចប់​ការចរចារ ស្តីពី​កិច្ចសហ ប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ឆ្នាំ​២០២១ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ រយៈពេល​ពីរ​ថ្ងៃ កន្លងទៅ ។

​ប្រភព​ដដែល​បាន​អះអាងថា ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង នេះ រួមមាន + ២៦ លាន​អឺរ៉ូ សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ និង ២៧ លាន​អឺរ៉ូ សម្រាប់​កិច្ច​សហ ប្រតិបត្តិការ​ផ្នែក​បច្ចេកទេស ។ បន្ថែម​លើ​នេះ នា​ខែ​មិនា ឆ្នាំ​២០២១ ភាគី​អាល្លឺម៉ង់ បានផ្ដល់​ហិរញ្ញប្បទាន​ឥត សំណង ចំនួន ៤,៨ លាន​អឺរ៉ូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក បច្ចេកទេស ។ បើ​បូក​បញ្ចូល​ទាំង​ហិរញ្ញប្បទាន ដែល​បាន​សន្យា​ផ្ដល់​ក្នុង​កិច្ចចរចា​នេះ ទំហំ​ហិរញ្ញប្បទាន​សរុប​បាន​កើន​ដល់ ៥៧,៨ លាន​អឺរ៉ូ សមមូល​នឹង ៦៩​លាន​ដុល្លារ អាមេរិក ។​

​គួររំលឹកថា កិច្ចចរចារ​នេះ គឺ​បាន​រៀបចំឡើង កាលពី​ថ្ងៃទី ៥ និង ៦ ខែ ឧសភា កន្លងទៅ ដោយ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍ កម្ពុជា​នៃ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ រាជរដ្ឋាភិបាល​ចំនួន​១៨​។

​រីឯ​ភាគី​អាល្លឺម៉ង់​ដឹកនាំ​ដោយ លោក ណូ​បឺត បាថ​ល ( Norbert – Barthle) សមាជិកសភា នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ សម្រាប់ សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​(BMZ) អមដោយ លោក គ្រី​ស្ទា​ន ប័​ហ្គឺ​រ ( Christian Berger) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកស្រី ជី​ស៊ី ហា​ម័​ស្មី​ត (Gsea Hammerschmidt ) នាយិកា និង​ជា​ស្នងការ​ទទួលបន្ទុក​តំបន់​អាស៊ី​នៃ BMZ, និង​អ្នកជំនាញ​សំខាន់ៗ ជាច្រើន​ទៀត ។

​គោលដៅ​ចម្បង​នៃ​កិច្ចចរចា​នេះ គឺ​ដើម្បី​ពិភាក្សា និង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច សហប្រតិបត្តិការ​ទ្វេភាគី និង​ការសន្យា​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ សម្រាប់​ឆ្នាំ​២០២១ -២០២២ ។ ទន្ទឹមនឹងនេះ ភាគី ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​យោបល់ និង​ពិភាក្សា លើ​ប្រធានបទ​ពាក់ព័ន្ធ​នានា​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី ទាំង​ទិដ្ឋភាព​បច្ចេកទេស និង​ទិដ្ឋភាព​នយោបាយ​សំដៅ​តម្រង់ទិស​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ អភិវឌ្ឍន៍​របស់​អាល្លឺម៉ង់ ជាមួយ​កម្ពុជា​នាពេល​អនាគត ។​

​កិច្ចចរចា​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​ក្នុង​ស្មារតី​ស្ថាបនា និង​ភាពជា ដៃគូ​ស្មើភាព​គ្នា ក្នុង​កិច្ច សហប្រតិបត្តិការ ។ ជា​លទ្ធផល ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុង ការបន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​លើ​អាទិភាព ចំនួន ៣ គឺ ១) សន្តិភាព និង​សង្គម ប្រកបដោយ​បរិ​យា​ប័ន្ន , ២) ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ ប្រកបដោយ ចីរភាព​សម្រាប់​ការងារ​សមរម្យ និង ៣) ទំនួល​ខុសត្រូវ​ចំពោះ​ភពផែនដី (​វិស័យ​ថាមពល និង អាកាសធាតុ​) ដែលមាន​សង្គតិភាព​យ៉ាង​ល្អប្រសើរ​ទៅនឹង​អាទិភាព​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​របៀប​វា​វះ ឆ្នាំ​២០៣០ របស់​អាល្លឺម៉ង់ ។​

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​សុខភាព​សកល​, គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២១ ភាគី​អាល្លឺម៉ង់ បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ១៣,៨ លាន​អឺរ៉ូ សមមូល​នឹង ១៧ លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​វិធានការ​ឆ្លើយតប​បន្ទាន់​ទៅនឹង ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ នៅ​កម្ពុជា ។ ហិរញ្ញប្បទាន​នេះ ត្រូវបាន ប្រើប្រាស់​ដើម្បី រួមចំណែក​គាំទ្រ​ដល់​វិធានការ​ឆ្លើយតប​បន្ទាន់​ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ ស្ដារ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្រៅពី​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ភាគី​អាល្លឺម៉ង់​ក៏បានផ្តល់​ហិរញ្ញ ប្ប​ទាន​សហប្រតិបត្តិការ​ដ​ល់​កម្ពុជា​តាមរយៈ គម្រោង​ថ្នាក់​តំបន់ និង​សាកល ព្រមទាំង​តាមរយៈ​ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ , អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular