Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​រងគ្រោ...

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ចំនួន​ពីរ​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

ដោយ​: គង់​ហេង​/​កំពង់ចាម​: លោក អ៊ុន ចាន់​ដា ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត​កំពង់ចាម បាន​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជិត ១០០ គ្រួ​សារបាន​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​កងមាស នៅ​ព្រឹក​ថ្ងៃទី ៧ ឧសភា​នេះ​។

លោក ទួ​ច ឆៃ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ដែល​បាន​អមដំណើរ​គណ​:​ប្រតិភូ​ចុះ​ចែក​អំណោយ​សង្គ្រោះបន្ទាន់ នៃ​គ្រោះមហន្តរាយធម្មជាតិ​បានឱ្យដឹងថា ការផ្តល់​ជូនអំណោយ​នេះ​ធ្វើឡើង​ចំនួន​ពីរ​ទីតាំង​រងគ្រោះ​ផ្សេងគ្នា គឺ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​ប៉ះពាល់​ចំនួន ១០ គ្រួសារ និង​ឃុំ​រាយ​បាយ​ណ៍ គឺ​ចំនួន ៦ ឃុំ ក្នុងស្រុក​កងមាស​ប៉ះពា​ល់​ចំនួន ៨០ គ្រួសារ​។​

​លោកនាយក​ប្រតិបត្តិ​បានឱ្យដឹង​ទៀតថា អំណោយ​មនុស្សធម៌​ទាំង ៩០​គ្រួសារ គឺ​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥ គីឡូក្រាម​, មី ៥០ កញ្ចប់​, ទឹកត្រី មួយ​យួរ​, ទឹកស៊ីអ៊ីវ​មួយ​យួរ​,​ត្រីខ ១០ កំប៉ុង និង​ឃី​ត​មួយ​។ រីឯ​ចំនួន ១៩ គ្រួសារ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ គឺ​មួយ​គ្រួសារ​ទទួលបាន​អំណោយ​ជា​ថវិកា​ចំនួន ៣០០.០០០ រៀល​, ខូចខាត​មធ្យម​ចំនួន ១៥ គ្រួសារ​ទទួលបាន ២០០.០០០ រៀល និង​ខូចខាត​កម្រិត​ស្រាល​ចំនួន ៥៦ គ្រួសារ​ទទួលបាន ១០០.០០០ រៀល​។ ក្នុងនោះ​ចំពោះ​ជនរងគ្រោះ ១០ គ្រួសារ​របស់​ស្រុក​ព្រៃឈរ​ទទួលបាន​អំណោយ​បន្ថែម​ពីសា​ខា​កាកបាតក្រហម​ស្រុក​នេះ គឺ​ចំនួន ៨ គ្រួសារ ទទួលបាន​ស័ង្កសី​ចំនួន ១៣៧ សន្លឹក និង​ពីរ​គ្រួសារ​ដែល​របើក​ក្បឿង​ក្នុង​មួយ​គ្រួសារ​ទទួលបាន ២០០.០០០​រៀល និង​អនុគណៈ​ស្រុក​ព្រៃឈរ ក៏បានផ្តល់​ជូន​មួយ​គ្រួសារ មី ចំនួន ពីរ កេស និង​ថវិកា ១០០.០០០ រៀល​ផងដែរ​។​

​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី ៥ ឧសភា កន្លងទៅ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ប៉ះ​លើ​ស្រុក​ចំនួន ៥ គឺ​ស្រុក​បាធាយ ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ ស្រុក​កងមាស និង​ស្រុក​ស្ទឹងត្រង់ បណ្តាលឱ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៩៤ គ្រួសារ​។ ក្នុងនោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំនួន ៣៩​គ្រួសារ មធ្យម​ចំនួន ៩៩ គ្រួសារ និង​ស្រាល​ចំនួន ៥៦​គ្រួសារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular