មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​និង​ជប៉ុន អបអរ​ខួប​១០០​ឆ្នាំ នៃ​ម៉ាក CITIZEN

1236
ចែករម្លែក

ដោយ​: គឹម​ប៊ុន / ភ្នំពេញៈ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស និង​ជប៉ុន បានរៀបចំ​កម្មវិធី​ជួបជុំ​អ្នកលក់​នាឡិកា CITIZEN និង​អបអរ​ខួប​១០០ នៃ​នាឡិកាដៃ​ម៉ាក CITIZEN កាលពី​រាត្រី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោកស្រី លី គាវ អគ្គនាយិកា​ក្រុមហ៊ុន LDI Enterprise LTD លោក Hosogaya San អគ្គនាយក​ក្រុមហ៊ុន​CITIZEN មកពី​ប្រទេស​ជប៉ុន និង​កញ្ញា Helen Liu ប្រធាន​ផ្នែក​លក់ ក្រុមហ៊ុន CITIZEN រួមទាំង​អ្នកលក់​ដុំ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ​។​

​នាឡិកាដៃ​ម៉ាក CITIZEN ត្រូវបាន​ផលិតឡើង​នៅក្នុង​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​១៩១៨ មកទល់ពេលនេះ​គឺមាន​អាយុកាល​១០០​ឆ្នាំ និង​ទទួលបាន​ការគាំទ្រ និង​ពេញនិយម​ប្រើប្រាស់​ពាសពេញ​លើ​ពិភពលោក​ទាំង​យុវវ័យ មធ្យម​វ័យ​និង​មជ្ឈិមវ័យ​។​

​លោក គួច ណាវ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​និង​ជប៉ុន បាន​ឲ្យ​ដឹង​បន្ថែមថា មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​និង​ជប៉ុន​មាន​ប្រវត្តិ​ល្បីឈ្មោះ​ជា​យូរ​ឆ្នាំ​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា មកទល់ពេលនេះ​គឺ​២៥​ឆ្នាំ ជាមួយនឹង​ទំនុកចិត្ត​ចំពោះ​ផលិតផល​ដែល​ក្រុមហ៊ុន​ធ្វើ​ចរាចរណ៍​ទំនិញ​ជូន​អតិថិជន នៅក្នុង​ប្រទេស​ដែល​បាន​គាំទ្រ និង​ទទួលស្គាល់ថា ជា​ផលិតផល​សុទ្ធ​ពិតៗ​១០០%​មិនមាន​ក្លែងបន្លំ​។ ដោយ​ភាព​ល្បី​រន្ទឺ ទើប​មាន​បណ្តា​ក្រុមហ៊ុន​ម៉ាក​នាឡិកាដៃ​ល្បីៗ លើ​ពិភពលោក តែងតែ​បានមក​ទំនាក់ទំនង​ផ្តល់​សិទ្ធិផ្តាច់មុខ​ដូចជា ក្រុមហ៊ុន​ធំ CITIZEN WATCH CO.,LTD របស់​ប្រទេស​ជប៉ុន​បានផ្តល់​នូវ​សិទ្ធិផ្តាច់មុខ​នាឡិកា​ម៉ាក CITIZEN តាំងពីដើម​ខែមេសា​ឆ្នាំ​២០០៤ រយៈកាល​១៤​ឆ្នាំ​មកនេះ ក្រុមហ៊ុន​យើងខ្ញុំ​បាន​បើក​សាខា CITIZEN ជាច្រើន​កន្លែង​តាម​ផ្សារ​ទំនើបៗ​នៅក្នុង​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្តសៀមរាប​។

​លោក គួច ណាវ បាន​ធនា​អះអាងថា ”​រាល់​ផលិតផល​នាឡិកាដៃ​ដែល​បាន​តាំង​លក់​នៅក្នុង​ហាង CITIZEN របស់​យើងខ្ញុំ​ទាំងអស់ គឺជា​នាឡិកា​ដែល​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ពិតៗ​ឥត​ក្លែងបន្លំ ព្រមទាំង​មានការ​ធានា​ជា​លក្ខណៈ​អន្តរជាតិ រយៈពេល​មួយ​ឆ្នាំំ​ថែមទៀត​។ ដោយឡែក​សំរាប់​ការអបអរ​ខួប​១០០​ឆ្នាំ នៃ​នាឡិកាដៃ​ម៉ាក​CITIZEN​នេះ រាល់​ការ​ជាវ​នាឡិកាដៃ​ម៉ាក CITIZEN ប្រភេទ​ណាក៏ដោយ គឺ​ជាវ​មួយគ្រឿង​នឹង​ទទួល​ការបញ្ចុះ​តំលៃ​៤០%​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​។ ទន្ទឹមនឹង​គ្នា​នេះ ក្នុង​ការដែល​ក្រុមហ៊ុន​លក់បាន​នាឡិកា​មួយគ្រឿង ខាង​ក្រុមហ៊ុន​នឹងធ្វើ​ការបរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២​ដុល្លារ មានន័យថា អស់លោកអ្នក​ក៏បាន​ចូលរួមចំណែក​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​៕ ល​