លោក​ឌូ​តឺ​តេ ប្រគល់​សិទ្ធិ​ស្វ័យគ្រប់គ្រង​ដល់​ជន​មូស្លីម ដើម្បី​ទប់ទល់​នឹង​ក្រុម​អាយ​ស៊ី​ស​ក្នុង​ទីក្រុង​ម៉ា​រ៉ាវី​

1239
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានប្រគល់​សិទ្ធិ​ស្វ័យគ្រប់គ្រង​ដល់​ជនជាតិភាគតិច​មូស្លីម​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ កក្កដា ក្នុង​បំណង​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស ដែល​បាន​ចាប់យក​ទីក្រុង​ភាគខាងត្បូង​មួយ ក្នុងការ​ប្រជែង​ដ៏​ក្លៀវក្លា​បំផុត​ចំពោះ​ការគ្រប់គ្រង​រយៈពេល​មួយឆ្នាំ​របស់លោក​។​

​លោក​ឌូ​តឺ​តេស​ង្ឃឹ​ម​ថា ការសន្យា​នៃ​សិទ្ធិ​ស្វ័យគ្រប់គ្រង​នេះ​នឹង​បញ្ចុះបញ្ចូល​ឱ្យ​ជនជាតិ​មូស្លីម​ហ្វីលីពីន​បដិសេធ​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​កូនចៅ​វា​មួយចំនួន​នៅ​កំពុង​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ា​រ៉ាវី បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ជិត​ពីរ​ខែ ដែល​បណ្តាលឱ្យ​ស្លាប់​មនុ​ស្ស​ជាង ៥០០​នាក់​។​

​លោក​ឌូ​តឺ​តេ​ប្តេជ្ញា​ការពារ​តាមរយៈ​សភា​នូវ​សេចក្តីព្រាងច្បាប់​មូលដ្ឋាន​ស្តីពី​ជន​មូស្លីម​បាង​សា​ម៉ូ​រ៉ូ (Bangsamoro Basic Law) ដែល​តាក់តែង​និង​ដាក់ជូន​រួមគ្នា​មក​រូបលោក កាលពី​ថ្ងៃ​ចន្ទ ដោយ​មន្ត្រី​រដ្ឋាភិបាល និង ក្រុម​ទ័ពព្រៃ​មូស្លីម​ធំ​បំផុត​របស់​ប្រទេស គឺ​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ (MILF)​។​

​លោក​ឌូ​តឺ​តេ​បាន​ថ្លែង​ទៅកាន់​មេដឹកនាំ MILF និង​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ “​វេលា​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ប្រឹងប្រែង​របស់​យើង​ដើម្បី​បញ្ចប់​ការ​ស្អប់ ការមិនជឿ​ទុកចិត្ត​គ្នា និង​អំពើ​អយុត្តិធម៌ ដែល​បណ្តាលឱ្យ​ខាតបង់​និង​ប៉ះពាល់​ជីវិត​ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់​”​។​

​ភាគី​ទាំងពីរ​និយាយថា ការផ្តល់​ជម្រើស​ល្អប្រសើរ​ដល់​ជន​ជនជាតិភាគតិច​អ៊ីស្លាម​ក្រីក្រ និង​ជនជាតិ​ភាគច្រើន​កាតូលិក​របស់​ប្រទេស​នេះ គឺជា​រឿង​សំខាន់​ក្នុងការ​ឆ្ពោះទៅរក​ការលុបបំបាត់​ភាពជ្រុលនិយម​ហិង្សា​។​

​ប្រធាន MILF លោក​ម៉ួ​រ៉ា​ត អ៊ីប្រាហ៊ីម បាន​ប្រាប់​ទៅ​ក្រុមមនុស្ស​ដែល​កេណ្ឌ​គ្នា​ជា​ធ្លុង​មួយ (​សំដៅលើ​ក្រុម​ខ្មាន់កាំភ្លើង​នៅ​ម៉ា​រ៉ាវី​) ថា “​មនុស្ស​ដែលមាន​គំនិត​ខុសឆ្គង​ទាំងនោះ​បាន​បំពេញ​ចន្លោះ​ខ្វះខាត​ដែល​បង្កើតឡើង​ដោយ​ការខកខាន​របស់​យើង​ក្នុង​ការអនុម័ត​ច្បាប់​ជា​មូលដ្ឋាន​ហើយ​បាន​បង្កើត​ការ​ថ្នាំងថ្នាក់​ចិត្ត​មក​ប្រជាជន​របស់​យើង​”​។​

​តាំងពី​ទសវត្សរ៍ ១៩៧០ ជន​មូស្លីម​បានធ្វើ​សង្គ្រាម​ផ្តាច់ខ្លួន​ចំណាស់​រាប់​ទសវត្សរ៍ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ១០០.០០០ នាក់​ក្នុង​តំបន់​មិន​ដា​ណាវ ដែល​រួមទាំង​ក្រុង​ម៉ា​រ៉ាវី​៕ ដោយ៖ កញ្ញាដាលីស

លោក​ឌូ​តឺ​តេ​និង​ក្រុម​មេដឹកនាំ MILF កាន់​សេចក្តីព្រាងច្បាប់​មូលដ្ឋាន​ស្តីពី​ជន​មូស្លីម​បាង​សា​ម៉ូ​រ៉ូ