ដោយៈសុផល/ភ្នំពេញៈជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោករដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿងជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែឧសភានៅឃ្លាំងឱសថ កណ្តាលនៃ ក្រសួងសុខាភិបាល ក្រោមវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។
រថយន្តគិលានសង្គ្រោះ៣៥គ្រឿងជាជំនួយរដ្ឋាភិបាលជប៉ុនបានប្រគល់ជូនកម្ពុជា(រូបថតស្ថានទូត)
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថាជំនួយនេះគឺផ្អែកលើវិធានការកិច្ចសហប្រតិបត្តិការដែលបានដាក់ចេញជាមួយបណ្តាប្រទេសអាស៊ានដែលត្រូវបានប្រកាសដោយលោកអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារ ជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជាជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រដូចជារថយន្តគិលានសង្គ្រោះ ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា។
ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ ចាំបាច់។យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព៏ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕សរន
រថយន្តគិលានសង្គ្រោះ៣៥គ្រឿងជាជំនួយរដ្ឋាភិបាលជប៉ុនបានប្រគល់ជូនកម្ពុជា(រូបថតស្ថានទូត)