ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ កូវីដ១៩ នៅកម្ពុជា ហាក់ដូចជាធូរស្រាលបន្តិច ខណៈដែលរាជរដ្ឋាភិបាល ក៏អាចគ្រប់គ្រងបានហើយ លើព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ រាជរដ្ឋាភិបាល បានជំរុញការធ្វើតេស្ត និងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម ដែលមានការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ ខណៈដែលភ្នំពេញ និងក្រុងតាខ្មៅ ក៏បានបើកឲ្យឆ្លងកាត់ ចេញចូលឡើងវិញ ក្រោយបិទខ្ទប់ អស់រយៈពេល ៣សប្តាហ៍។
១- សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ពិសេសផ្សព្វផ្សាយ វិធានការបង្ការជំងឺឆ្លងកូវីដ១៩
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ផ្តល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ ពាក់ព័ន្ធនឹងវិធានការ បង្ការជំងឺឆ្លងកូវីដ១៩។ ក្រៅពីសម្តេចតេជោ អង្គការសមាគមអ្នកសារព័ត៌មានជាច្រើន ក៏បានថ្លែងសារ ជាបន្តបន្ទាប់ អបអរសារទរទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ នៅឆ្នាំនេះផងដែរ។ ដោយឡែកក្លិបអ្នកកាសែតកម្ពុជា ដែលជាស្ថាប័នក្រៅរដ្ឋាភិបាល ធ្វើការជាមួយអ្នកសារព័ត៌មាន នៅកម្ពុជា ធំជាងគេ ក៏បានចេញសារលិខិតអំពាវនាវ ដល់អ្នកសារព័ត៌មាន ឱ្យបន្តផ្សព្វផ្សាយនូវ ព័ត៌មានពិត និងមានវិជ្ជាជីវៈ ដើម្បីបម្រើដល់មហាជនផងដែរ។
២- អាជ្ញាធររាជធានីភ្នំពេញ បន្តសហការជាមួយ កងទ័ពជើងគោក ដឹកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់
អាជ្ញាធររាជធានីភ្នំពេញ បន្តសហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែក ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដែលកំពុងមានជីវភាពខ្វះខាត។ មកដល់ដើមសប្តាហ៍នេះ ប្រជាពលរដ្ឋជាង ១៤ម៉ឺនគ្រួសារ បានទទួលស្បៀងអាហារពីអាជ្ញាធររាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី ១៩ មេសា ដល់ថ្ងៃ០២ ខែឧសភា។
៣-រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតអោយប្រជាពលរដ្ឋ អាចធ្វើដំណើរចេញចូល ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅឡើងវិញ ចាប់ពីថ្ងៃទី៦ ខែឧសភា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត អោយប្រជាពលរដ្ឋ អាចធ្វើដំណើរចេញចូល ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឡើងវិញបានហើយ ចាប់ពីទី៦ ខែឧសភា។ ប៉ុន្តែទោះជា អនុញ្ញាត អោយប្រជាពលរដ្ឋ អាចចេញចូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានឡើងវិញ បន្ទាប់ពីបិទខ្ទប់អស់ពេល ៣សប្តាហ៍ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរ នៅក្នុងភូមិសាស្ត្រ ទាំងពីរនេះ នៅតែបន្តដាក់ចេញវិធានការថ្មីៗ ចាំបាច់មួយចំនួនផ្សេងទៀត សំដៅបង្ការ និងទប់ស្តាក់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ ក្នុងនោះ តំបន់លឿងទុំ និងតំបន់ក្រហម នៅតែបន្តបិទខ្ទប់ តែមានបង្រួមតូចជាងមុន។
៤-ទោះបីបញ្ចប់វិធានការបិទខ្ទប់ រាជធានីភ្នំពេញ នៅតែកំណត់តំបន់ ៣ដដែល គ្រាន់តែបង្រួម ការបិទខ្ទប់
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទោះបីបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦ ឧសភា ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែកំណត់ រក្សាតំបន់ ៣ ដដែល ដោយគ្រាន់តែបង្រួម តំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។ រដ្ឋបាលរាជធានីភ្នំពេញ នៅតែកំណត់តំបន់លឿង ហាមមិនឲ្យបើកហាង ហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត។ តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល។ រីឯតំបន់ក្រហម នៅតែជាតំបន់ ដែលត្រូវបិទខ្ទប់ ឲ្យបានម៉ឺងម៉ាត់បំផុតដដែល។
៥-សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបន្តចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុង តំបន់ក្រហម
កាលពីថ្ងៃទី៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារជាសំឡេង បានណែនាំឲ្យមន្ត្រី ពាក់ព័ន្ធទាំងអស់ បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីមួយ ជូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ប្រមាណ ៥២ ម៉ឺននាក់។ ក្រៅពីពលរដ្ឋ រស់នៅតំបន់ក្រហម ដែលនឹងទទួលវ៉ាក់សាំងកូវីដ១៩ ពលរដ្ឋផ្សេងទៀត នៅក្នុងក្របខណ្ឌ ទូទាំងប្រទេស ក៏នឹងទទួលបានវ៉ាក់សាំង ទាំងអស់គ្នាដែរ គ្រាន់តែជារឿងមុន និងក្រោយប៉ុណ្ណោះ។
៦-ក្រសួងសុខាភិបាល បន្ថែមខេត្ត ៣ទៀត ជាភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព
កាលពីថ្ងៃទី៥ ខែឧសភា ក្រសួងសុខាភិបាល បានប្រកាសថា ភូមិសាស្ត្រខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវបានកំណត់ យកជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឲ្យមានការអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព។ មកដល់ពេលនេះ ក្រសួងសុខាភិបាល បានកំណត់ឲ្យអនុវត្ត កាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងខេត្តរាជធានី ចំនួន ១០ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ តាមច្បាប់ បុគ្គលដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវផ្ដន្ទាទោស ជាពិន័យអន្តរកាល ពី ២០ម៉ឺនរៀល ទៅ ១លានរៀល។
៧- សម្តេចតេជោ ហ៊ុន សែន អវិជ្ជមានកូវីដ ១៩ ក្រោយធ្វើចត្តាឡីស័ក
កាលពីថ្ងៃទី៦ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ។ ក្រោយយកសំណាកធ្វើតេស្តរួចមក ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី អវិជ្ជមានកូវីដ១៩។ សម្តេច បានធ្វើតេស្តរក មេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក ក្រោយពេលសម្តេច អញ្ជើញវិលត្រឡប់ មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា។
៨- នៅភ្នំពេញ ចរាចរណ៍កកស្ទះឡើងវិញ ខណៈផ្លូវចេញចូលក្រុង មានអ្នកដំណើរចេញចូលច្រើន
នៅថ្ងៃដំបូងនៃការបើក រាជធានីភ្នំពេញឡើងវិញ កាលពីថ្ងៃទី៦ ឧសភា ចរាចរណ៍នៅក្នុងក្រុង ចាប់ផ្តើមមមាញឹក រហូតដល់កកស្ទះ ដោយអន្លើៗឡើងវិញហើយ។ ចំណែកតាមផ្លូវចេញចូល រាជធានីភ្នំពេញ ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ជាដើម ក៏មានអ្នកដំណើរច្រើន ទាំងចេញ និងទាំងចូលភ្នំពេញ រហូតកន្លែងខ្លះ បង្កការកកស្ទះចរាចរណ៍ ថែមទៀតផង។ យ៉ាងណាក៏ដោយ ទោះជាចរាចរណ៍ មមាញឹកឡើងវិញ រហូតដល់កកស្ទះ នៅកន្លែងខ្លះ នៅពេលបើកក្រុងឡើងវិញ នៅថ្ងៃទី៦ ខែឧសភានេះ ក៏គេឃើញ អ្នកធ្វើដំណើរ តាមម៉ូតូ តាមរ៉ឺម៉កកង់បី ក៏តាមឡាន សុទ្ធតែពាក់ម៉ាស់ គ្រប់ៗគ្នា និងព្យាយាមរក្សាគម្លាត ពីគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។
៩-រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយរយៈពេល ៧ ថ្ងៃបន្ថែមទៀត
នៅក្នុងសប្តាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល ៧ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ ការសម្រេចបន្តបិទផ្អាក ជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយនេះ គឺចាប់អនុវត្តន៍ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
១០-កូវីដ១៩ ប្រចាំសប្តាហ៍នេះ
នៅក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២ ខែឧសភា រហូតដល់ថ្ងៃទី៨ ខែឧសភា នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤១៩៧នាក់។ អ្នកជាសះស្បើយ មានចំនួន ១៩៧១នាក់ និងមាន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១២នាក់ នៅក្នុងសប្តាហ៍នេះ។ បើគិតត្រឹមថ្ងៃទី៨ ឧសភា នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ១៩ សរុបចំនួន ១៨.៧១៧នាក់ ជាសះស្បើយ ៧.៣៤០នាក់ និងករណីស្លាប់ សរុប ១១៤ នាក់៕/V