​ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ អ្នកញៀន​គ្រឿងញៀន​ម្នាក់ បានសម្លាប់​ជនអនាថា​ម្នាក់ កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​សួន​មានជ័យ ស្ថិត​ក្នុងភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​សេរី​សោភ័ណ បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ (​ឃាតករ​) មានឈ្មោះ ហួយ រតនា ភេទ​ប្រុស អាយុ​ប្រហែល ៣២ ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ ២ សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង ។​

​យោងតាម​អ្នក​ថែ​សួន​មានជ័យ​ម្នាក់ បាន​និយាយថា​៖ គេ​បានឃើញ​ជនសង្ស័យ នៅក្នុង​សួន​មានជ័យ​នេះ តាំងពី​ថ្ងៃទី​៧ ខែឧសភា ។ ជននេះ ជក់​ថ្នាំញៀន​ផង ហិតកាវ​ប៉ះ​កង់​ផង ហើយ​មាន​សភាព ដូច​មនុស្ស​ឆ្កួត និង​ដើរ​រករឿង​គេ ពេញ​សួន​មានជ័យ ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​តដៃ ឬក៏​ខ្ជិល​រាយការណ៍​ពី ជននេះ​ឡើយ ព្រោះ​គិតថា គេ​ញៀន និង​ឆ្កួត ទៅហើយ​។​

​ម្យ៉ាងទៀត នា​ច្រើន​ខែ​មកនេះ ក្នុង​ក្រុង​សិរីសោភ័ណ​នេះ គេ​បាន​បានឃើញ មាន​មនុស្ស​វិកល​ច​រិ​ក និង​ញៀន​ថ្នាំញៀន ៥-៦ នាក់​ឯណោះ ដែល​ដើរ ឈប់ ដេក និង​មាន​សកម្មភាព​។​

​អ្នក​ថែ​សួន បាន​បន្តថា លុះ​នៅ​ម៉ោង​ជិត ៣ រសៀល ក៏​ស្រាប់តែ​ឃើញ ជន​ញៀន​គ្រឿងញៀន ឬ​ជា​ឃាតក​នោះ បាន​ធាក់​ទៅ​លេ​ី​ជនអនាថា មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល ៣៧ ឆ្នាំ​ចំ​មុខ បែកក្បាល បណ្តាល​ឲ្យ​ស្លាប់ នៅលើ​ពន្លា វេទិកា​ខេត្ត​តែម្តង​។ ក្រោយមក ក្រុម​ប្រជា​ការពារ ភូមិ ៣​នាក់ បាន​ដេញចាប់​ឃាតក​នោះបាន ហើយ​ប្រគល់ជូន​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ ។​

​ករណីនេះ សមត្ថកិច្ច​អាវុធហត្ថ​ថា នឹង​ផ្តល់ព័ត៌មាន​បន្ថែម នៅ​ថ្ងៃស្អែក ទី​៩ ខែឧសភា ៕/V​