ប្រែ​សម្រួលៈ​វាសនា​/​កា​ប៊ុល​៖​ការផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​និង​គ្រាប់​កាំភ្លើងត្បាល់​នៅក្រៅ​សាលារៀន​មួយ​នៅក្នុង​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃ​សៅរ៍​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៥៥​នាក់ និង​បង្ក​​អោយ​របួស​ជាង​១៥០​នាក់​ទៀត ភាគច្រើន​ជា​សិស្សស្រី ក្នុង​ការវាយប្រហារ​មួយ​ដែល​ប្រធានាធិបតី អាស​រ៉ា​ហ្វ ហ្កានី បន្ទោស​លើ​ក្រុម​បះបោរ​តា​លី​បង់​។​

​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​បរទេស​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អ្នកស្លាប់​និង​រងរបួស​ភាគច្រើន​ជា​សិស្ស​ស្រី​ដែល​កំពុង​ចេញពី​សាលារៀន​Sayed ul Shuhada និង​ជា​​ច្រើន​រងរបួស​ធ្ងន់​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​ទិដ្ឋភាព​គួរអោយ​រន្ធត់ ដោយ​សៀវភៅ​និង​កាតា​ប​បាចសាច​ពេញ​ផ្លូវ​ដែល​ប្រឡាក់​ដោយ​ឈាម​និង​អ្នកស្រុក​នាំគ្នា​សំរុក​ទៅ​ជួយ​ជនរងគ្រោះ​។​

​សាក្សី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា «​វា​ជា​ការផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​ចំ​មុខ​ច្រកចូល​សាលារៀន​»​។​

​លោក​ថា ជនរងគ្រោះ​ទាំងអស់​លើកលែងតែ ៧-៨​នាក់ សុទ្ធតែ​ជា​ក្មេងស្រី​សិស្សសាលា​ដែល​កំពុង​ចេញទៅ​ផ្ទះ​ក្រោយ​រៀន​ចប់​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​និយាយថា ចំនួន​ស្លាប់​ក្នុង​ការផ្ទុះ​នេះ​មាន​ចំនួន​យ៉ាងតិច​៣០​នាក់ និង​របួស​៥២​នាក់​។​

​សូមបញ្ជាក់​ថា រដ្ឋធានី​កា​ប៊ុល​បាន​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើង​ការ​ខ្ពស់​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​មុន​បាន​ប្រកាស​ផែនការ​ដកទ័ព​អាម៉េរិក​អោយអស់​យ៉ាងយូរ​ត្រឹម​ថ្ងៃ​១១​កញ្ញា​ ដោយ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​និយាយថា ពួក​តា​លី​បង់​បាន​បង្កើន​ការវាយប្រហារ​នៅ​ទូទាំង​ប្រទេស​នៅ​ក្រោយ​ការប្រកាស​នេះ​។​

​មិនទាន់​មាន​ក្រុម​ណាមួយ​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ ហើយ​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​បដិសេធ​ថា​ក្រុម​លោក​មិន​ជាប់​ពាក់ព័ន្ធ​ទេ​និង​ថ្កោលទោស​ការ​វាយ​​ប្រហារ​នេះ​ថែម​ទៀត​៕

​អ្នក​រង​របួស​និង​អ្នក​ស្លាប់​ក្នុង​ការផ្ទុះ​ត្រូវបាន​នាំ​ចូល​ពេទ្យ​ក្នុង​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​សៅរ៍​