ដោយ: សុខុម / ស្ទឹងត្រែង: ប្រជាពលរដ្ឋ រស់នៅជាប់នឹងព្រៃឡង់ខេត្តស្ទឹងត្រែង រិះគន់ថា មន្ត្រីបរិស្ថាន ចុះអនុវត្តច្បាប់ ប្រើសិទ្ធិអំណាច សម្លុតគំរាមបាញ់ និងចាប់ដាក់គុក មកលើពួកគាត់ ធ្វើអោយមាន ការភ័យខ្លាច។ វិធីដោះស្រាយបែបនេះ បានកើតឡើង រាប់មិនអស់ ធ្វើឱ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត។
លោក គង់ ថា ប្រជាពលរដ្ឋ នៅភូមិអូរឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បាននិយាយ ថា លោកមិនពេញចិត្ត ចំពោះទង្វើ របស់មន្ត្រីការពារព្រៃឡង់ នោះឡើយ ដោយសារ តែខាងបរិស្ថាន ប្រើសិទ្ធិអំណាចកៀបសង្កត់ ហាមឃាត់មិនឱ្យលោក ធ្វើរបងព័ទ្ធព្រៃ នៅខាងក្រោយភូមិ ដើម្បីចិញ្ចឹមគោ-ក្របី។
អ្នកស្រី សាយ រ៉ា រស់នៅភូមិកំពង់ប៉ាង ឃុំកាំងចាម បានរៀបរាប់ផងដែរថា ក្រុមគ្រួសារ គាត់ ទៅរើសចន្ទីនៅចម្ការ ត្រូវត្រូវមន្ត្រីបរិស្ថាន ដេញបាញ់។ ក្រោយពីហេតុការណ៍ កើតឡើង គ្រួសារអ្នកស្រី ក៏បានសម្រេចចិត្ត ដាក់ពាក្យបណ្ដឹង ទៅសមាគមអាដហុក ខេត្តស្ទឹងត្រែងសុំឲ្យជួយរកយុត្តិធម៌។
ពលរដ្ឋ បានលើកឡើងទៀតថា មន្ត្រីបរិស្ថាន តែងតែប្រើវិធីសម្លុតគំរាម អ្នកកាប់ចម្ការ និងដឹកឈើ ទារលុយជាថ្នូរ និងការមិនបង្ក្រាប។ មួយគ្រួសារ ក៏ធ្លាប់ត្រូវបានមន្ត្រីបរិស្ថាន ជំរិតទារប្រាក់ ជាច្រើនលានរៀល ហើយគ្រួសារនោះបានប្ដឹងដល់លោកអភិបាល ខេត្តស្ទឹងត្រែង ជួយដោះស្រាយទៀតផង។
លោក ទុំ សារុំ មេឃុំសៀមបូក ជាប់នឹងតំបន់ព្រៃឡង់ បាននិយាយថា ប្រជាពលរដ្ឋ រួមទាំងរូបលោក ក៏មិនដឹងថា ព្រៃណាដែលជាកន្លែងអភិរក្ស របស់បរិស្ថានដែរ។ ពេលប្រជាពលរដ្ឋ ចូលទៅព្រៃ រកអនុផល ធនធានធម្មជាតិ ឬក៏ធ្វើចម្ការ តែងតែប៉ះ ទង្គិចជាមួយមន្ត្រីបរិស្ថាន មានការប្ដឹងផ្ដល់ជាច្រើន ករណី។
បន្ថែមពីនេះ លោកមេឃុំ សៀមបូក បាននិយាយថា ប្រជាពលរដ្ឋ ចង់បានឈើធ្វើផ្ទះ ស្នើសុំច្បាប់ភូមិ ឃុំ និងមន្ត្រីបរិស្ថាន ដើម្បីចូលព្រៃអាឈើ។ តែពេលដាក់លិខិតស្នើ សុំទៅ ដល់មន្ត្រីបរិស្ថាន បែរជាបាត់ដំណឹងសូន្យ។ លុះពេលប្រជាពលរដ្ឋ រង់ចាំយូរពេក និងមិនយល់ច្បាប់ទម្លាប់ផង ក៏នាំគ្នាចូលព្រៃអារឈើ ដឹកយកមកធ្វើផ្ទះ ហើយត្រូវ មន្ត្រីបរិស្ថាន ល្បាតជួប និងត្រូវចាប់ចង ឬក៏ពិន័យជាប្រាក់ជាដើម។
លោក ឃីម សុខា មេឃុំកាំងចាម បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋរបស់លោក ក៏ជួបប្រទះជាមួយ មន្ត្រីបរិស្ថានផងដែរ ខណៈពេលប្រជាពលរដ្ឋ មួយចំនួន ពិតជាបានចូលទៅកាប់ព្រៃ ធ្វើចម្ការ ក្នុងដែនអភិរក្ស របស់ដែនជម្រកសត្វព្រៃព្រៃឡង់។ លោកបាននិយាយបន្តថា ករណីខាងលើនេះ បានកើតឡើង ជាបន្តបន្ទាប់ ត្រូវបានដោះស្រាយ។
លោក ម៉ម ដារា ប្រធានស្នាក់ការដែនជម្រក សត្វព្រៃឡង់ បានប្រាប់អ្នកសារព័ត៌មានថា លោកធ្វើតាមច្បាប់។ ច្បាប់មិនត្រូវយោគយល់ទេ។ រឿងមួយគ្រួសារ នៅភូមិអូឡង់ ធ្វើរបងហ៊ុមព័ទ្ធព្រៃ មានជម្លោះជាមួយមន្ត្រីបរិស្ថាននោះ លោកធ្លាប់អោយពួកគាត់ ធ្វើកិច្ចសន្យា ហើយនៅតែប្រព្រឹត្ត ដដែល។ រឿងនេះ លោកនឹងកសាងសំណុំរឿង ប្ដឹងទៅតុលាការ ពីបទរារាំងមន្ត្រីជំនាញ៕/V-PC