ដោយ៖ រ៉ាម៉ន /ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មាន ហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូច ជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាល ជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង ៥០០ នាក់ មកនៅត្រឹមជាង ២០០ នាក់ ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួម មកត្រឹម បិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ ទាំងមូលនោះទេ។
នេះបើតាមការបញ្ជាក់ ឲ្យដឹងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម តាមដងផ្លូវលេខ ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ឧសភា ២០២១ នេះ ។
លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩ នៅភ្នំពេញ កើនឡើងពីជាង ៤០០ ទៅ ៥០០ នាក់ ក្នុងមួយថ្ងៃ តែសម្រាប់តួលេខ ថ្ងៃនេះ អ្នកឆ្លង ជំងឺកូវីដ-១៩ បានធ្លាក់ចុះមកនៅត្រឹមតែជាង ២០០ នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញាមួយបង្ហាញ ពីការថយចុះច្រើន អ្នកជម្ងឺកូវីដ-១៩ ។ ដូច្នេះជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សា ដើម្បីរៀបចំតំបន់ក្រហមទាំងនេះឲ្យមក នៅរួមតូចជាងមុន ឬអាចឈានទៅដល់ ការបិទខ្ទប់ ត្រឹមតែលំនៅដ្ឋានដែលមាន បញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈ ឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួល ក្នុងការធ្វើចរាចរណ៍ បំពេញការងារ និងរកស៊ីបាន៕/V-PC