Home ព័ត៌មានជាតិ នយោបាយ ហ៊ាង ស៊ឹម​ហន់...

ហ៊ាង ស៊ឹម​ហន់ រំឭក​អំពី​ការដាំ​ថ្នាំជក់​ក្នុង​របប​ខ្មែរក្រហម​

ដោយៈ ស៊ា​ង ចិន្ដា នាយក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម​
​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ហ៊ាង ស៊ឹម​ហន់ កើត​នៅ​ឆ្នាំ​១៩៥៤ ក្នុង​គ្រួសារ​កសិករ​នៅ ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​គឺជា​កូន​ទី​៤​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​១១​នាក់ ប៉ុន្តែ​បាន​បាត់​ប្អូនប្រុស​ម្នាក់​។​នៅពេល​ខ្ញុំ​មាន​អាយុ​៨​ឆ្នាំ​ខ្ញុំ​បាន​ចាក​ចេញពី​ភូម​កំណើត​ទៅ​រស់នៅ​ជាមួយ​បងប្អូន​នៅ​ស្រុក​ចំការលើ​។ ខ្ញុំ​បាន​រៀន​ដល់​ថ្នាក់​ទី​៧​ចាស់​នៅ​សាលាបឋមសិក្សា​ស្វាយទៀប ស្ថិតនៅក្នុង​ស្រុកចំការ​លើ​។ ខ្ញុំ​អាច​អាន និង​សរសេរ​ភាសា​បារាំង​បាន ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ភ្លេច​អស់ហើយ​។ ដោយសារតែ​ជីវភាព​ក្រីក្រ ខ្ញុំ​បាន​ឈប់រៀន និង​បាន​មកជួយ​ធ្វើ​ចំការ​ជាមួយ​ឪពុកម្ដាយ​នៅ​ស្រុកកំណើត វិញ​។

ហ៊ាង ស៊ឹម​ហន់ អាយុ​៦៧ រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​(​ស៊ា​ង ចិន្តា​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ត្រឡប់មក​ស្រុកកំណើត​វិញ ខ្ញុំ​បាន​ដាំ​ដំណាំ​កសិកម្ម មានដូចជា ចេក ដំឡូង និង​បន្លែ រយៈពេល​២​ឆ្នាំ រហូតដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋប្រហារ​របស់ លន់ នល់ បានកើត​ឡើង​។ ខ្ញុំ​បាន​ប៉ាន់​ស្មានថា នឹងមាន​ការប្រែប្រួល​ស្ថានការណ៍​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ខ្ញុំ​បន្តធ្វើ​ចម្ការ​នៅផ្ទះ​ដូច​ធម្មតា​។ នៅ​ឆ្នាំ​១៩៧១ យោធា​ខ្មែរក្រហម​បានមក​ដល់​កៀក​ភូមិ​កោះ​ថ្មី​។ ខ្ញុំ និង​គ្រួ​សារបាន​ភៀសខ្លួន​ទៅ​ទី​រួម​ខេត្តកំពង់ចាម​មួយរយៈ​។ នៅពេលនោះ កងទ័ព លន់ នល់ ជាច្រើន​នាក់​ត្រូវបាន​បញ្ជូនទៅ​ប្រយុទ្ធ​ជាមួយ​យោធា​ខ្មែរក្រហម​។​នៅពេល​យោធា​ខ្មែរក្រហម​បាន​ថយ ខ្ញុំ និង​គ្រួ​សារបាន​វិលត្រឡប់​ចូលក្នុង​ភូមិ​វិញ​។

​ខ្ញុំ​ទើបតែ​បានដឹង​ច្បាស់​ថា​នេះ​គឺជា​ការ​ផ្ទុះឡើង​សង្គ្រាមស៊ីវិល​រវាង​កង​ទ័ព លន់ នល់ និង យោធា​ខ្មែរក្រហម​។
​ភូមិ​កោះ​ថ្មី គឺជា​សមរភូមិ​ប្រទាញប្រទង់​រវាង​កងទ័ព លន់ នល់ និង​យោធា​ខ្មែរក្រហម​។ រហូតដល់​ឆ្នាំ​១៩៧៣ យោធា​ខ្មែរក្រហម​បាន​វាយ​ផ្ដាច់​យក​ភូមិ​របស់ខ្ញុំ​។​ខ្ញុំ​និង​អ្នកភូមិ​កោះ​ថ្មី​ត្រូវបាន​យោធា​ខ្មែរក្រហម​ជម្លៀស​ទៅកាន់​តំបន់​រំដោះ​គ្រប់គ្រង​ដោយ​ខ្មែរក្រហម គឺ​ពាម​កោះ​ស្នា​។ នៅពេលនោះ ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ​។ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ ទៅ​កងចល័ត​នារី ដើម្បី​យាម​កាណូត​ដឹក​ជ័រកៅស៊ូ​ទៅ​មកពី​ភ្នំពេញ និង​តំបន់​រំដោះ​ពាម​កោះ​ស្នា​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​និង​គ្រួសារ ត្រូវបាន​បញ្ជូនមក​ភូមិ​កំណើត​វិញ​។ ខ្ញុំ​ត្រូវបាន​ប្ដូរ​មក​ធ្វើការ​នៅក្នុង​កងចល័ត​នារី​ដើម្បី​ទៅធ្វើ​ការដាំ​ដំណាំ និង​ថ្នាំជក់​។
​ការដាំ​ថ្នាំជក់​គឺ​ត្រូវការ​ដី​មាន​ជីវជាតិ​ល្អជា​ពិសេស​ដី​តាម​ដង​ទន្លេ​។ ខ្ញុំ​បាន​ក្រោក​នៅវេលា​ម៉ោង​៥​ព្រឹក ដើម្បី​ភ្ជួរ​រាស់​ដី និង​ហាលថ្ងៃ​ឲ្យ​ដី​ស្ងួត ហើយ​ប្រែ​ទៅជា​ពណ៌​ស​និង​ស្រួយ​។ រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ខ្ញុំ​បាន​បន្ត​ភ្ជួរ​រាស់​ដី​ឲ្យ​ហ្មត់​ល្អិត​ដើម្បី​លើកដី​ទៅជា​រង​។ វេលា​ម៉ោង​១២ គឺជា​ពេល​សម្រាក​ហូបបាយ​ថ្ងៃ​។

ទិដ្ឋភាព​កសិករ​ដាំ​បន្លែ នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះ​ថ្មី ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​។​(​ស៊ា​ង ចិន្តា​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខ្ញុំ​បាន​ហូប​តែ​បបរ​រាវ​មួយ​ចាន និង​បាន​សម្រាក​បន្តិច​។ នៅវេលា​ម៉ោង​១ ខ្ញុំ​បាន​បន្តធ្វើ​ការងារ​។ បន្ទាប់ពី​បាន​លើកដី​ធ្វើជា​រង ដែលមាន​ទទឹង​ប្រហែល​៨​តឹក និង​កម្ពស់​ប្រហែល​២​តឹក ខ្ញុំ​បាន​យក​កូន​ថ្នាំជក់​ដែល​បាន​បណ្ដុះ​នៅលើ​ថ្នាល និង​លូតលាស់​បាន​កម្ពស់​ប្រហែល​២​តឹក​មក​ដាំ​។ បន្ទាប់មក ខ្ញុំ​បាន​ស្រោច​ទឹក និង​មើល​ថែកូន​ថ្នាំជក់ ដោយបាន​ជម្រះ​ស្មៅ និង​ឆាយដី​នៅ​ជុំវិញ ដើម្បី​ឲ្យ​ដើម​ថ្នាំជក់​លូតលាស់​បានល្អ​។ រយៈពេល​ប្រហែល​៣០​ថ្ងៃ ឬ​៤០​ថ្ងៃ​ក្រោយមក ទើប​ខ្ញុំ​បាន​កាត់​ស្លឹក​ថ្នាំជក់​ជា​បន្តបន្ទាប់ រហូត​ស្លឹក​ថ្នាំង​ចុងក្រោយ​។ ស្លឹក​ថ្នាំជក់ ដែល​ប្រមូលបាន​មួយ​លើកៗ ត្រូវបាន​រៀប​លើ​គ្នា​ជាច្រើន​សន្លឹក​និង​បត់​ជា​ពីរ​។ បន្ទាប់មក ខ្ញុំ​បាន​យក​ស្លឹក​ថ្នាំជក់​ដែល​បាន​បត់​ជា​ពីរ ទៅ​ស​ម្ងួ​ត និង​បន្ទុំ​ឲ្យ​ទៅជា​ពណ៌​លឿង​។ បន្ទាប់ពី​ស្លឹក​ថ្នាំ​ប្រែ​ទៅជា​ពណ៌​លឿង ខ្ញុំ​បាន​យក​វា​មក​ហាន់​សម្រាប់​ទុក​ប្រើប្រាស់​។ ខ្ញុំ​នៅចាំ​បាន​ថា ថ្នាំជក់​មួយចំនួន​បាន​ដឹក​ទៅ​សហករណ៍ ដើម្បី​ចែក​ឱ្យ​សម​មិត្ត​ជក់ ប៉ុន្តែ​ថ្នាំជក់​មួយចំនួនធំ​ត្រូវបាន​ដឹកចេញទៅ​បាត់ ដោយ​មិនដឹងថា​ដឹក​ទៅណា​ឡើយ​។​

​នៅ​ដើមឆ្នាំ​១៩៧៦ ខ្ញុំ​បាន​រៀបការ​ក្រោម​ការរៀបចំ​របស់​ខ្មែរក្រហម​។ បន្ទាប់ពី​រៀបការ​រួចហើយ ខ្ញុំ និង​គ្រួសារ ត្រូវបាន​ផ្លាស់​ទៅធ្វើ​ការ​នៅ​សហករណ៍​នៅ​ខាង​តំរិល ស្រុក​អូ​រាំង​ឪ​។ ខ្ញុំ និង​គ្រួសារ​ត្រូវបាន​ខ្មែរក្រហម​ដាក់ ឲ្យ​ធ្វើការ​ក្នុង​កងចល័ត​ផ្សេង​ពីគ្នា​។​ខ្ញុំ​បាន​ទៅធ្វើ​ស្រែ​ខណៈពេលដែល​ប្ដី​របស់ខ្ញុំ​បាន​ទៅ​លើក​ទំនប់​ជីក​ប្រឡាយ​ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច​ដោយ​គ្មាន​អាហារ​ហូប​និង​ពេល​សម្រាក​គ្រប់គ្រាន់​។

ផ្ទាំង​ពិព័រណ៍​នេះ​បង្ហាញ​អំពី​កងចល័ត​នារី​ខ្មែរក្រហម​កំពុង​ប្រមូល​ទិន្នផល​ស្រូវ​។ (​ស៊ា​ង ចិន្តា​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​ពិព័រណ៍​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានដាក់​តាំងនៅ​«​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម​» នៅ​ខេត្តកំពង់ចាម​។​

​នៅ​រយៈពេល​៦​ខែក្រោយ​មក ខ្ញុំ​និង​គ្រួសារ ត្រូវបាន​បញ្ជូនមក​ភូមិ​កោះ​ថ្មី​វិញ​។ រហូតដល់​ចុងឆ្នាំ​១៩៧៦ ខ្ញុំ​ទទួលបាន​កូនប្រុស​ម្នាក់ និង​បាន​សម្រាក​នៅផ្ទះ​រយៈពេល​៤​ខែ​។ ក្នុងអំឡុង​ពេលនេះ ខ្ញុំ​ក៏ត្រូវ​ធ្វើការ​ឈូស​ពោត​ដើម្បី​យកមក​ដាំ​ហូប​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ របប​អាហារ​ត្រូវបាន​បែងចែក គឺ​ចាប់ពី​ខែមករា ដល់ ខែមិថុនា ប្រជាជន​ហូប​បបរ​រាវ និង​ចាប់ពី​ខែកក្កដា​ដល់​ខែធ្នូ​ប្រជាជន​ដាំពោត​ហូប​។ បន្ទាប់មក ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ការដាំ​ដំណាំ រួមមាន ដំឡូង បន្លែ និង​ស្រូវ​។ នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​បានឃើញ​យោធា និង​កម្មាភិបាល​ភូមិភាគ​និរតី បាន​ចូលមកក្នុង​ភូមិ​របស់​ខ្ញុំ​។ ខ្ញុំ​គឺជា​ប្រជាជន​មូលដ្ឋាន​ម្នាក់ និង​មិនដឹងថា មូលហេតុ​អ្វី​បាន​ជាមាន​វត្តមាន​កង​ទ័ព និង​កម្មាភិបាល​ភូមិភាគ​និរតី​នៅក្នុង​ភូមិ​បែបនេះ​ទេ​។ បន្ទាប់មក កម្មាភិបាល​ភូមិភាគ​បូព៌ា ត្រូវបាន​ចាប់ខ្លួន​យកទៅ​បាត់​ជា​បន្តបន្ទាប់​។ ខ្ញុំ​មានតែ​បន្តធ្វើ​ការដាំ​ដំណាំ​ក្នុង សភាព ភ័យខ្លាច​ពី​ការចាប់​ទាំង​គ្រួសារ​យកទៅ​សម្លាប់ចោល​។

​នៅ​ដើមឆ្នាំ​១៩៧៩ យោធា​ខ្មែរក្រហម​ដែលមាន​អាយុ​ប្រហែល​ពី​១៤​ឆ្នាំទៅ​១៥​ឆ្នាំ​– បាន​ដើរ​អូស​កាំភ្លើង​លើដី​មកសុំ​បាយ​ហូប​។ ខ្ញុំ​បាន​ដាំបាយ​ឲ្យ​យោធា​ហូប និង​បានដឹងថា​យោធា​វ័យក្មេង​ទាំងនេះ គឺ​បាន​បាក់ទ័ព​ពី​សមរភូមិ​ជាមួយ​កងទ័ព​វៀតណាម ហើយ​បាន​បន្តរ​ត់ទៅ​ទិស​ខាងលិច​។ ខ្ញុំ និង​គ្រួសារ បាន​រួចផុតជីវិត​ពី​សេចក្ដីស្លាប់ បន្ទាប់ពី​ការចូល​មកដល់​របស់​កងទ័ព​វៀតណាម នៅ​ឆ្នាំ​១៩៧៩​។ ខ្ញុំ​កើត​បាន​កូនប្រុស​ម្នាក់ទៀត​នៅ​ឆ្នាំ​១៩៨០ និង​បន្ត​មុខរបរ​ធ្វើ​ចម្ការ និង​លក់ដូរ​បន្តិចបន្តួច​។ បច្ចុប្បន្ន ខ្ញុំ​មិនអាច​ធ្វើ​ការងារ​ធ្ងន់​បានទេ​។ ខ្ញុំ​តែងតែ​រំឭក​ការចងចាំ​អំពី​ដំណើរ​ជីវិត​របស់ខ្ញុំ ដើម្បី​ជាការ​ចែករំលែក​ដល់​កូនចៅ​និង​ក្មេងជំនាន់ក្រោយ​ឲ្យ​ដឹង​អំពី​ប្រវត្តិ​ដ៏​លំបាក និង​បទពិសោធន៍​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​៕

ការលើក​ដី​ជា​រង បន្ទាប់ពី​ការ​ភ្ជួរ​រាស់​ដី​រួច នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះ​ថ្មី ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​(​ស៊ា​ង ចិន្តា​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular