ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ សម្ភារៈ​សុខាភិបាល​ជាច្រើន រួម​នឹង​ថវិកា​មួយចំនួន បម្រើ​ការងារ​ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​នគរបាល ក្រុង​ហូជីមិញ និង​នគរបាល ខេត្ត​ឡុង អាង នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ឧបត្ថម្ភ​ជូន​នគរបាល រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង និង​នគរបាល ខេត្តព្រៃវែង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់ ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ នៅ​គ្រា​ដែល​នគរបាល នៃ​ក្រុង ខេត្ត នៃ​ប្រទេស​ទាំង​២ បាន​នឹង​នៅ​ជួរមុខ ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិ ការ ដើម្បី​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​កំពុង​ឆ្លង​រីក​រាលដាល នៅក្នុង​សហគមន៍ នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែលនាំឱ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង ២ នេះ ស្លាប់​ជា​បន្តបន្ទាប់​។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​សុខាភិបាល បានធ្វើ​ឡើង នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​លិ៍្ល ខេត្តស្វាយរៀង និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៊ិន ហៀ​ប ខេត្ត​ឡុង អាង គណៈប្រតិភូ​នគរបាល រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​។ ចំណែក​ភាគី នគរបាល​ក្រុង​ហូជីមិញ និង​នគរបាល​ខេត្ត ឡុង អាង ដឹកនាំ​ប្រតិភូ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ស្នងការរង​នគរបាល ក្រុង​ហូជីមិញ តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡេង ហុង ណា​ម ស្នងការ​នគរបាល ក្រុង​ហូជីមិញ​។ ក្នុងនោះ​មានការ​អ​ញ្ចើ​ញ​ចូលរួម ពី​លោក​ស្នងការរង ទទួល​ការងារ​ព្រំដែន នៃ​ស្នងការដ្ឋាន​គរ​បាល ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង និង​វត្តមាន​ស្នងការរង នគរបាល​ខេត្ត​ឡុង អាង ។​

​នៅក្នុង​ឱកាស​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ស្នងការរង​នគរបាល ក្រុង​ហូជីមិញ បាន​លើកឡើងថា ការឧបត្ថម្ភ​នូវ​គ្រឿង សម្ភារៈ​សុខាភិបាល និង​ថវិកា នៅពេលនេះ គឺជា​ការបង្ហាញ​នូវ ការបង្កើន​កិច្ចសហប្រតិបត្តិការ រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​នគរបាល​ក្រុង​ហូជីមិញ នគរបាល​ខេត្ត​ឡុង អាង នៃ​ប្រទេស​វៀតណាម ជាមួយ​នគរបាល រាជធានី​ភ្នំពេញ នគរបាល ខេត្តស្វាយរៀង និង ខេត្តព្រៃវែង ឱ្យ​កាន់តែ​រឹងមាំ និង​ការចែករំលែក បទពិសោធន៍ សម្រាប់​ចូលរួម ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដែល​ជំងឺ​កូ​វីដ​១៩ កំពុង​ប្រឈម ចំពោះមុខ នៃ​ការ​រាតត្បាត នៅក្នុង​ប្រទេស ទាំង​២ គឺ​វៀតណាម -​កម្ពុជា​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ក៏បាន​លើកឡើង​ទៀតថា នគរបាល​កម្ពុជា និង​នគរបាល វៀតណាម កន្លងមក បាន​សហការគ្នា​យ៉ាង​ល្អ ក្នុងការ​បង្ការ ទប់ស្កាត់ ជំងឺឆ្លង​កូ​វីដ​១៩ មិនឱ្យ​ឆ្លង​ចូល​ទៅវិញទៅមក រវាង​ប្រទេស​វៀតណាម និង កម្ពុជា នោះឡើយ ។ ជាង​នេះ​ថែមទៀត លោក​ក៏បាន​ជម្រាបជូន គណៈប្រតិភូ​នគរបាល រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង និង​ព្រៃវែង ឱ្យដឹងថា អំពី​សភាពការណ៍ ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​វៀតណាម បច្ចុប្បន្ននេះ នៅតែមាន​កត្តា ស្មុគស្មាញ​ច្រើន ហើយ​ការឆ្លង​ចូលក្នុង​សហគមន៍ អាច​ផ្ទុះឡើង​គ្រប់ពេល​និង​គ្រប់​ទីកន្លែង ហើយ​កម្លាំង​នគរបាល ក្រុង​ហូជីមិញ និង​នគរបាល​ខេត្ត​ឡុង អាង សហការ​ជាមួយ នគរបាល វៀតណាម​ទាំងមូល បាន​នៅ​ឈរ​ជួរមុខ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ ការឧបត្ថម្ភ​ជូន​នូវ សម្ភារៈ​សុខាភិបាល និង​ថវិកា នៅពេលនេះ គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ជាការ​ជួយ​គ្នា ទៅវិញទៅមក នៅ​គ្រា​ដែល​ប្រទេស​ទាំង​២ កំពុង​ជួប​ការលំបាក ដោយ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​លោកស្នងការ​នគរបាល ខេត្តស្វាយរៀង និង​លោកស្នងការ​នគរបាល ខេត្តព្រៃវែង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោកស្នងការ​នគរបាល ក្រុង​ហូជីមិញ និង​ស្នងការ​នគរបាល ខេត្ត​ឡុង​អាង ប្រទេស​វៀតណាម ដែល​បាន​បរិច្ចាគ​នូវ សម្ភារៈ​សុខាភិបាល និង​ថវិកា មួយចំនួន ជូន​ដល់​នគរបាល រាជធានី​ភ្នំពេញ និង នគរបាល​ខេត្ត​ទាំង​២ ស្វាយរៀង ព្រៃវែង ដើម្បី​បំពេញតម្រូវការ​ចាំបាច់ សម្រាប់​កងកម្លាំង​នគរបាល​កម្ពុជា ប្រើប្រាស់​បង្ការ​កូ​វីដ​១៩ ទន្ទឹម​ដែល នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង កំពុង​បំពេញភារកិច្ច យ៉ាងសកម្ម ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី លើកឡើង​ទៀតថា បច្ចុប្បន្ននេះ កម្ពុជា និង​វៀតណាម ជា​ប្រទេស ជិតខាង​ដ៏​ល្អ​នឹង​គ្នា នៅ​គ្រប់​កាលៈទេសៈ​នៃ​ការលំបាក តែងតែ​ជួយ​គ្នា​ទៅវិញទៅមក ដោយ​មិន បោះបង់​គ្នា នោះឡើយ ជាពិសេស​ទន្ទឹម​ដែល​ប្រទេស​ទាំង​២ កំពុង​រាតត្បាត ដោយ​ជំងឺឆ្លង​កូ​វីដ​១៩ បាន​សហការ​នឹង​ផ្តល់ព័ត៌មាន​គ្នា​ទៅវិញទៅមក ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ មិនឱ្យ​នាំចូល រវាង​ប្រទេស​ទាំង ២ នោះឡើយ​។ កិច្ចការងារ​នេះ លោក​ក៏​សំណូមពរ ភាគី​នគរបាល​វៀតណាម បន្ត​សហការគ្នា ឱ្យ​កាន់​ប្រសើរ​ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ ភាព និង​ឈានទៅដល់​ការ​កាត់ផ្តាច់ កុំឱ្យ​ឆ្លង​រីក​រាល​ចូល នៅក្នុង​សហគមន៍ នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​វៀតណាម​។​

​សូមបញ្ជាក់ថា សម្ភារៈ​សុខាភិបាល ដែល​នគរបាល​ក្រុង​ហូជីមិញ សហការ​ជាមួយ​នគរបាល​ខេត្ត​ឡុង អាង ឧបត្ថម្ភ​ជូន​នោះ រួមមានៈ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួលបាន​ម៉ាស់ ចំនួន ១២ កេស​ធំ ស្មើនឹង ៣ ម៉ឺន​ម៉ាស់ ថ្នាំ​សម្លាប់​មេរោគ ចំនួន ៣០ ធុង ថវិកា​ចំនួន ២០០ លាន​ដុង និង​ឯកសណ្ឋាន​មួយចំនួន​។ ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង និង​ស្នងការដ្ឋាន​នគរបាល ខេត្តព្រៃវែង ក្នុង​មួយ​ខេត្ត ទទួលបាន​ម៉ាស់ ៤ កេស​ធំ​, ថ្នាំ​សម្លាប់​មេរោគ ២០ ធុង និង​ថវិកា ១០០ លាន​ដុង វៀតណាម​៕/V​