ដោយៈភ្នំស្វាយ -ភ្នំសន្ទុក/ កំពង់ធំៈអាជ្ញាធរខេត្តបានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមផ្លូវ ផ្ទះនិងនៅផ្សារស្ទោង មុននឹងបើកដំណើរការលក់ដូរឡើងវិញ នៅថ្ងៃស្អែក។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនោះ ។
ពោលគឺដើម្បីអោយផ្សារសេរីស្ទោង ឬផ្សាររដ្ឋមួយនេះ មុននឹងការបើកដំណើរការលក់ដូរឡើងវិញនៅថ្ងៃ ស្អែក(ទី១០ខែឧសភា) និងបន្តបាញ់ថ្នាំតាមផ្ទះមួយចំនួននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ ដើម្បីការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

លោក សុខ លូ បាននិយាយថា បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង កាលពីថ្ងៃទី២៨ ខែមេសាកន្លងមក រដ្ឋបាលខេត្តកំពង់ធំបានសម្រេចបិទទីតាំងដែលមានការផ្ទុះនូវជំងឺ Covid-19 នេះ ជាបណ្ដោះអាសន្ន និងបានបង្កើតគណៈកម្មកាភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់នេះដោយហ្មត់ចត់បំផុត ហើយក្រុមការបានប្រមូលបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ យកមកដាក់នៅមណ្ឌលចត្តាឡីស័ក និងយកសំណាកដើម្បីវិភាគរកជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ។រហូតមកដល់ពេលនេះស្ថានការណ៍នៅក្នុងស្រុកស្ទោងគឺយើងអាចគ្រប់គ្រងបាន។

លោក ក៏បានថ្លែងអំណរគុណ និងកោត សរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំកំពុងបំពេញបេសកកម្មដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង។

ទន្ទឹមនឹងបើកផ្សារឡើងវិញ នោះលោក ក៏បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ សូមរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ៕សរន