ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួលអំណោយ ម៉ាស់សុខាភិបាល ពីសមាគមខ្មែរ-ចិន នៅកម្ពុជា សមាគមត្រកូល លីម និងសមាគមសហព័ន្ធប្រជាជនចិន នៅទីក្រុងហ៊ូចូវ តាមរយៈ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស របស់រាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្តុះ និងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ។
ពិធីប្រគល់ និងទទួល បានធ្វើឡើង នៅស្នាក់ការសមាគមត្រកូល លីម មានទីតាំងខាងកើត ស្ពានជ្រោយចង្វារ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
អំណោយរួមមានៈ ម៉ាស់ធម្មតា ចំនួន ២៥០.០០០ ម៉ាស , ម៉ាស N95 ចំនួន ១០.០០០ ម៉ាស និងនំសាកឺរា ចំនួន ៦០ កេស។
ក្នុងនាមកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ មាស សុភា បានថ្លែងអំណរគុណ ចំពោះសមាគមទាំង ៣ រួមមាន សមាគមន៍ខ្មែរ-ចិន នៅកម្ពុជា សមាគមន៍ត្រកូល លីម និងសមាគម សហព័ន្ធប្រជាជនចិន នៅទីក្រុងហ៊ូចូវ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា អំណោយដ៏ថ្លៃថ្លានេះ ជាការចែករំលែកដ៏ មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ៕/V