ដោយ៖ ប.ជ័យ – ភ្នំសន្ទុក / កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យសកម្មភាព សាងសង់ផ្ទះ ជូនអតីតយុទ្ធជន ដែលមានជីវភាព លំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅ មិនទាន់សមរម្យ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រាប់ថា៖ កាលពីឆ្នាំកន្លងទៅ ក្រុមការងារ បានដំណើរការ សាងសង់ មានចំនួន ១៥៦ ខ្នងផ្ទះ ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។
ការសាងសង់បានចំនួន ៥២ ខ្នងផ្ទះរួចហើយ ដោយមួយខ្នង មានទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ មានតសំយ៉ាបផ្ទះ ទៅខាងក្រោយផ្ទះ ប្រវែង ៣ ម៉ែត្របន្ថែម ។
បច្ចុប្បន្ន ក្រុមជាងសំណង់ កំពុងដំណើរការសាងសង់ បន្តទៀត តាមផែនការ ដែលបានគ្រោងទុក ដើម្បីត្រៀមចាប់ឆ្នោត យកក្បាលដី និងប្លង់ផ្ទះ នៅពេលខាងមុខនេះ។ បន្ថែមលើនោះ សម្តេចក៏បាន ផ្ដល់ផ្លូវលំ ខ្វាត់ខ្វែង នៅក្នុងភូមិអតីតយុទ្ធជននេះ មានប្រវែង ១២ គីឡូម៉ែត្រ ផងដែរ ។
ជាមួយនោះដែរ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានឧបត្ថម្ភស្បៀងអាហារ បរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងថវិកាមួយចំនួន ដល់កងកម្លាំង៕/V