ដោយ:ដេប៉ូ/ភ្នំពេញ:នៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១នេះកម្ពុជាបានរៀបចំរៀបចំទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង – ដូចសត្វស្លាប។

គួរបញ្ជាក់ថាទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក ហើយប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពី ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះ ការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។ ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។

ក្រសួងបរិស្ថានបានឱ្យដឹងថាបច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថានជាសេនាធិការ។

ក្រសួងបរិស្ថានបន្តឱ្យដឹងថា ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ជាក់ស្តែងក្នុងឆ្នាំ២០១៩ តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី៕