ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោកឃួង ស្រេង អភិ បាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាង ដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥ លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូននារិវ័យក្មេងម្នាក់ ដែលសម្រាលកូន ដោយខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងយប់ ក្រោយពីទទួលបានព័ត៌មានថា នារីម្នាក់នេះ មានជីវភាពខ្វះខាតខ្លាំងនៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកកាន់មន្ទីរពេទ្យទាំងយប់។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នារាត្រីថ្ងៃទី៩ ឧសភានេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីនារីអភ័ព្វម្នាក់ បានទទួលថវិកាចំនួន ១០ លានរៀល ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ម៉ិញម្តងហើយ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។ នារីម្នាក់នេះ មានឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់ម្ហូបអាហារចល័តតាមមុខរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ម្តាយបង្កើតរបស់នារី អាយុ១៧ឆ្នាំ ដ៏អភ័ព្វម្នាក់នេះ ក្នុងឱកាសនោះ បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចទាំង២ ដែលបានជួយកូនស្រីគាត់ និងរូបគាត់ ខណៈកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងគ្រានេះ ។ សម្តេចទាំង២ជាព្រះដែលធ្វើឱ្យពួកគាត់រស់ម្តងទៀត ។

លោកស្រី បានបញ្ជាក់ថា លោកស្រី និងកូនស្រីរបស់គាត់ម្នាក់នេះ បានព្យាយាមទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ម្តងហើយ តែមិនបានសម្រេច ដោយសារពិបាកចិត្តខ្លាំងដោះស្រាយរឿង ជំពាក់ថ្លៃឈ្នួលផ្ទះគេ ២ខែ គ្មានលុយសង ហើយនៅពេលនេះ ជួបទុក្ខធំម្តងទៀត បានសម្តេចទាំង២ជួយ ពួកគាត់ម្តាយ និងកូន មានក្តីសង្ឃឹម ក្នុងជីវីតជាថ្មី ហើយនិងមិនភ្លេចគុណសម្តេចទាំង២ អស់មួយជីវិត។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បើតាមការឱ្យដឹងពីមន្ត្រីខណ្ឌមានជ័យថា នៅវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូន ដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួល បន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ សង្កាត់ ភូមិ បញ្ជូនមកសម្រាកថែទាំ និងព្យាបាល នៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល បន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ នារី ម្នាក់ ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ ទើបតែឆ្លងទន្លេកូនស្រីទី១ បាន១០ខែប៉ុណ្ណោះ ។ ហើយនៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាង នៅក្បែរបន្ទប់គ្នា ក៏មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថា គាត់មានទម្ងន់កូនទី២នោះទេ ស្មានតែគាត់ឈឺក្រពះ។

ក្រោយពីបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាព ស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលា ៕/V