ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ការ​បង្រួម​តំបន់​បិទ​ខ្ទប់ ឱ្យនៅ​រួម​តូច ជា​ចេតនា​មួយ ដែល​អាជ្ញាធរ រាជធានី​ភ្នំពេញ ត្រូវតែ​ធ្វើ ដើម្បី​សម្រួល​ការលំបាក ជូន​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ ចេញ ចូល ទៅធ្វើ​ការងារ និង​ប្រកបមុខរបរ រកស៊ី​ចិញ្ចឹមជីវិត បាន​ស្រួល ខណៈដែល​អាជ្ញាធរ រាជធានី​ភ្នំពេញ បាន​បិទ​ខ្ទប់​អស់​ជាច្រើន សប្តាហ៍​កន្លងមកនេះ ដើម្បី​កាត់ផ្តាច់​ឱ្យបាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

​ដើម្បីឱ្យ​ការងារ​នៃ ការ​បង្រួម​តំបន់​បិទ​ខ្ទប់ អោយនៅ​រួម​តូច​នេះ មាន​ប្រសិទ្ធភាព មាន​លក្ខណៈ​គ្រប់ ជ្រុងជ្រោយ ដែល​អាច​សង្ឃឹម​បាន​ថា មិនមាន​ហានិភ័យ នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​បន្តទៀត នៅ​រសៀល​ថ្ងៃទី​១០ ឧសភា​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ អភិបាលខណ្ឌ​ទាំង ១៤ ចូលប្រជុំ តាមរយៈ video conference មួយ ដើម្បី​ពិនិត្យ ពិភាក្សា និង​កំណត់​ទីតាំង ឱ្យបាន​ច្បាស់លាស់ មុន​នៃ​ការសម្រេច​ដាក់​តំបន់ ដែល​ត្រូវ​បង្រួម​នេះ ឱ្យមាន​ប្រសិទ្ធភាព ដែល​អាច​ជឿ​ទុកចិត្តបាន នៅ​ថ្ងៃ​១២ ឧសភា ខាងមុខនេះ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង​បានធ្វើ​ការណែនាំ អោយ​អាជ្ញាធរ​ខណ្ឌ ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់ អោយបាន​ម៉ត់ចត់​បំផុត គឺ​មិន​អនុញ្ញាត​ឱ្យមាន ករណី​ប្រជាពលរដ្ឋ នៅ​តំបន់​លឿង ចូលទៅ តំបន់​លឿងទុំ និង​តំបន់​ក្រម ជាដាច់ខាត ហើយ​កិច្ចប្រជុំ​នេះ យើង​ពិភាក្សាគ្នា ដើម្បី​កំណត់​ទីតាំង តំបន់​ប្រឈម​នោះ មក​នៅ​រួម​តូច ដូច្នេះ​សុំ​អាជ្ញាធរ​យើង ត្រូវ​សិក្សា​កំណត់ ឱ្យបាន​ច្បាស់ មុន​នៃ​ការកំណត់​ពណ៌ តំបន់​នីមួយៗ ឱ្យនៅ​រួម​តូច​នេះ នៅ​ថ្ងៃ​១២ ឧសភា​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ គ្រប់​ខណ្ឌ​ទាំង​១៤ បាន​ឡើងរាយការណ៍ ពី​ស្ថានភាព នៃ​ការគ្រប់គ្រង​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន របស់ខ្លួន​រៀងៗ​ខ្លួន ដោយ​តំបន់​ខ្លះ ដែល​ធ្លាប់ជា​តំបន់​ក្រហម និង តំបន់​លឿងទុំ បាន​ស្នើឱ្យ​ប្រែក្លាយ មកជា​ជា​តំបន់​លឿង ដោយ​តំបន់​នោះ មិនមាន​ការរីក​រាល​ដាល ជម្ងឺ​កូ​វីដ​-១៩ បន្តទៀត ។ តំបន់​ខ្លះទៀត សូម​ឱ្យនៅ​រក្សា​តំបន់​ក្រហម ឬ​តំបន់​លឿងទុំ ដដែល​។ ប៉ុន្តែ​ទោះបីជា យ៉ាងណាក្តី ក្នុង​តំបន់​មួយចំនួន មិនត្រូវ​បាន​បិទ​ខ្ទប់​ភូមិ សង្កាត់​នោះទេ គឺ​គ្រាន់តែ​បិទ​ខ្ទប់​ផ្ទះ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ តែប៉ុណ្ណោះ​៕/V​