ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃនេះបានប្រកាស បដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយដែលមានខ្លឹមសារថា អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទ ស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ ដែលបង្ក ឱ្យមានការភ័ន្តច្រឡំដល់សាធារណជន។
ក្រសួងនេះបានបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ព័ត៌មានដែលបានចុះផ្សាយ ក្នុងគេហទំព័រមួយចំនួន ជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិ យស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
ក្រសួង ក៏សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូច ខាងលើដែលបានផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្តនិងប័ណ្ណបើកបរ យានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយលក់ផ្លាកលេខយានយន្តតាមបណ្ដាញសង្គម ក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការចំពោះអំពើបោកប្រាស់និងការក្លែងឯកសារ សាធារណៈទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់សាធារណជនដើម្បីយកមក ផ្តន្ទា ទោសតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈ ក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើ បោកប្រាស់របស់ជនខិលខូចនាំឱ្យខាត បង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំង នានាដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។
ជាងនេះទៅទៀត ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការ ផ្សព្វផ្សាយព័ត៌ មានមិនពិតរបស់ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឱ្យមានភាព អសន្តិសុខ និងចលាចលដល់សង្គម ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាប និងចាប់ជនខិលខូចដែលបានប្រព្រឹត្តខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។
បច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវា សាធារណៈឱ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕/PC