ដោយ​៖ រ៉ា​ម៉ន /​ភ្នំពេញ​៖ ប្រជាពលរដ្ឋ រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជម្ងឺ​កូ​វីដ​-១៩ មាន​ចំនួន​ជាង ៣៥ ម៉ឺន​គ្រួសារ​ហើយ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ គិត​មកដល់​ត្រឹម​ថ្ងៃទី​១០ ខែឧសភា នេះ ។​

​ជាក់ស្តែង នៅ​ថ្ងៃទី​៩ និង ១០ ឧសភា ២​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​រាជធានី បាន​បន្ត​ដឹកជញ្ជូន ស្បៀងអាហារ ទៅ​ចែកជូន​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់ បាន​ចំនួន ៣០.០០០ គ្រួសារ​បន្ថែមទៀត ក្នុង​នោះបាន​ដឹកជញ្ជូន ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ខណ្ឌមានជ័យ ចំនូ​ន ១០.០០០ គ្រួសារ នៅ​ពោធិ៍​សែន​ជ័យ ចំនួន ១០.០០០ គ្រួសារ ខណ្ឌ​សែន​សុខ ១.០០០ គ្រួសារ ខណ្ឌឫស្សីកែវ ចំនួន ៦.០០០ គ្រួសារ ខណ្ឌ​៧​មករា ៥០០ គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន ១.០០០ គ្រួសារ ខណ្ឌ​កំបូល ចំនួន ១.៥០០ គ្រួសារ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ និង​បញ្ជា​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ កងទ័ពជើងគោក បាន​ដឹកជញ្ជូន ស្បៀងអាហារ ដែលជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​បិទ​ខ្ទប់ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​១០​ខែ ឧសភា បាន​ចំនួន ៣៥៩.៦៥២ គ្រួសារ ។​

​គួរ​បញ្ជាក់ថា ការអនុវត្ត​តាម​បទបញ្ជា របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ពាក់ព័ន្ធ​នឹង​សកម្មភាព​មនុស្សធម៌ ខាងលើនេះ បាន​ប្រើប្រាស់ កងកម្លាំង​ទ័ពជើងគោក ចំនួន ២០៦ នាក់ និង​រថយន្ត ៦២ គ្រឿង ដោយ​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ ទៅ​ចែកជូន ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែលមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​៕/V​