ដោយ: ម៉េងឆៃ / ភ្នំពេញ: ចាប់តាំងពីបើកការធ្វើដំណើរឆ្លងខេត្ត កាលពីថ្ងៃទី២៦ ខែមេសា ហើយបន្តដល់ការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា គឺមានប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពិសេសចេញពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា។ ក្នុងការចល័តធ្វើដំណើរនេះ ជារៀងរាល់ថ្ងៃ រកឃើញអ្នកឆ្លងកូវីដ១៩ ដែលសុទ្ធតែជាជនចំណូលថ្មី ហើយភាគច្រើនចេញពីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។
កាលពីព្រឹកថ្ងៃទី១០ ខែឧសភា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១៦នាក់ទៀត។ អ្នកឆ្លងកូវីដ១៩ នៅខេត្តកំពង់ចាម ទើបរកឃើញថ្មីទាំងនេះ ភាគច្រើន ជាកម្មករកាត់ដេរ នៅភ្នំពេញ ហើយធ្វើដំណើរទៅលេងស្រុក។ ពេលទៅដល់ស្រុក ក៏ពិនិត្យ រកឃើញឆ្លងកូវីដ។
នៅរសៀលថ្ងៃទី១០ឧសភា រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសពីករណីស្ត្រីកម្មករកាត់ដេរម្នាក់ មានផ្ទៃពោះ ៧ខែ បានស្លាប់ ដោយសារជំងឺកូវីដ១៩។ ស្ត្រីឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ GNT ហៅ អគារ៣២ នៅព្រៃស ក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃទី៦ឧសភា នាងបានធ្វើដំណើរជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើត នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សេចក្តីប្រកាស បង្ហាញថា ស្ត្រីរូបនេះ និងស្វាមី ត្រូវបានបញ្ជូនមកយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រដ្ឋបាលខេត្តកំពង់ចាម ដោយសង្ស័យមានជំងឺកូវីដ១៩ ព្រោះមកពីតំបន់ក្រហម រាជធានីភ្នំពេញ។ នៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែល ស្ត្រីរូបនេះ បានចេញអាការៈ ក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការ នៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។
សេចក្តីប្រកាស បន្តថា ដោយការវិវត្តនៃជំងឺ ចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦:០៥នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ បានស្លាប់ បាត់បង់ជីវិត ដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានផ្ទៃពោះ ៧ខែ។
ដោយឡែក កាលពីថ្ងៃទី៩ ខែឧសភា នៅខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន ៥នាក់ កាលពីថ្ងៃទី៧-៨-៩ ខែឧសភា ឆ្នាំ២០២១។ អ្នកទាំង ៥នាក់នោះ មាន ៤នាក់ មកពីខេត្តព្រះសីហនុ និងម្នាក់ មកពីភ្នំពេញ។
ដូច្នេះបើផ្អែកតាមករណីឆ្លងថ្មី ដែលទើបប្រកាសកាលពីថ្ងៃទី៩ និងថ្ងៃទី១០ឧសភា នៅខេត្តសៀមរាប និងខេត្តកំពង់ចាម គឺសុទ្ធតែជាករណីនាំចូល។ ពោលគឺអ្នកទៅពីភ្នំពេញ និងខេត្តព្រះសីហនុ ត្រូវបានរកឃើញកើតជំងឺកូវីដ នៅពេលទៅដល់ស្រុកកំណើត នៅខេត្តកំពង់ចាម និងខេត្តសៀមរាប។ បណ្តាខេត្តដទៃទៀត ក៏មិនខុសពីខេត្តកំពង់ចាម និងខេត្តសៀមរាបនេះប៉ុន្មានឡើយ។
ជាវិធានការចំពោះមុខ នៅពេលមានជនចំណូលស្រុកថ្មី អាជ្ញាធរសមត្ថកិច្ច បានចាត់វិធានការបន្ទាន់ ដោយធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ចំពោះអ្នកជំងឺ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ហើយកំណត់អត្តសញ្ញាអ្នកពាក់ព័ន្ធ ជាអ្នករួមដំណើរ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺនៅស្រុកភូមិ ហើយបញ្ជូនមកយកសំណាក ធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
មួយវិញទៀត បន្ទាប់ពីយកអ្នកជំងឺចេញពីភូមិ ហើយអ្នកពាក់ព័ន្ធក៏ត្រូវបានប្រមូលធ្វើតេស្ត និងធ្វើចត្តាឡីស័ក អាជ្ញាធរសមត្ថកិច្ច ក៏បានសម្រេចបិទភូមិ ដែលមានអ្នកឆ្លងជំងឺកូវីដ ថែមទៀតផង។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលតាមបណ្តាខេត្ត សុទ្ធតែជាករណីនាំចូលពីក្រៅ។
ដោយសារតែមួយរយៈចុងក្រោយនេះ នៅតាមបណ្តាខេត្តមួយចំនួន បានកើនឡើងនូវចំនួនអ្នកឆ្លងកូវីដ១៩ ដែលជាករណីនាំចូល ដូច្នេះហើយ ទើបក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋយើង ពិសេសអ្នកនៅភ្នំពេញ ដែលជាតំបន់មានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩ គួរតែកុំទាន់ប្រញាប់ប្រញាល់ ធ្វើដំណើរទៅខេត្ត។ អ្នកខេត្ត ក៏គួរតែបង្អង់ចាំបន្តិចទៀត ចាំឡើងមកភ្នំពេញ។
ករណីស្ត្រីកម្មករកាត់ដេរ មានផ្ទៃពោះ ៧ខែ ដែលបានរកឃើញឆ្លងជំងឺកូវីដ១៩ នៅពេលទៅដល់ស្រុកកំណត់ នៅខេត្តកំពង់ចាម គឺជាករណីថ្មីមួយ ដែលត្រូវពិចារណា។ ករណីនេះ អាចនាងឆ្លងជំងឺដោយពុំដឹងខ្លួន នៅក្នុងតំបន់ក្រហម នៅភ្នំពេញ ឬក៏ពេលធ្វើដំណើរចេញពីផ្ទះជួល នៅតំបន់ក្រហម នៅព្រៃសនោះឯង ដែលជាឱកាស នាំឲ្យកូវីដ អាចឆ្លងបាន។
ប៉ុន្តែយ៉ាងណាក៏ដោយ បើថា ចាំបាច់ណាស់ ត្រូវធ្វើដំណើរចេញពីភ្នំពេញ ទៅស្រុកកំណើត ឬបំពេញការងារតាមបណ្តាខេត្ត ក៏សូមឲ្យប្រកាន់វិធានការ ៣កុំ និង៣ការពារជានិច្ច។ នោះគឺពាក់ម៉ាសជាប់ជានិច្ច ឧស្សាហ៍លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាព។ នេះជាវិធីសាមញ្ញៗ ដែលអាចការពារ កុំឲ្យឆ្លងជំងឺ ដល់ខ្លួនផង និងការពារ កុំឲ្យឆ្លងជំងឺទៅអ្នកដទៃផង បើសិនជាខ្លួនឯង មានជំងឺកូវីដ១៩ ដោយពុំដឹងខ្លួន៕srn