ដោយ បូកគោ​/​កំ​ពតៈ ឱ​សា​វាទ​នៃ​ការ​តម្រូវឱ្យ​ម្ចាស់​រុះរើ​របង​និង​កាយ​អាចម៍ដី​ចេញ​ដោយ​ខ្លួនឯង​នៅ​ចំណុច​ក្បែរ​ស្ពាន ក្បាល​រមាស​ស្ថិតក្នុង​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​បានមក​ដល់​ហើយ តែ​ម្ចាស់​សំណង់​មិនទាន់​អនុវត្ត​នៅឡើយ​។​

ប្រាប់ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ លោក អ៊ឹម​ច័ន្ទ​សោធន អភិបាលរង​ស្រុក​ទឹកឈូ បាន​បញ្ជាក់ថា​លោក​បានទទួល​លិខិត​ឧទ្ទេសនាម​ឱ្យ​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​របង និង​កាយ​អាចម៍ដី​ដែល​លោក អេង សុខ​ហេង បាន​ចាក់​រំលោភ​ចូល​ដី​ចំណី​ព្រែក និង​ព្រែក ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​នា​ថ្ងៃនេះ​។ ប៉ុន្តែ​ដោយសារ​នៅ​ព្រឹក​នេះដែរ​មាន​លិខិត​ស្នើសុំ​ពន្យា​ពេល​អនុវត្ត​ពី​លោក​អេង​សុខ​ហេង​ថា​មាន​ការជាប់​ពាក់ព័ន្ធ​បណ្តឹង ក្នុង​តុលាការ​ផង ហើយ​លោក​ក៏​ទើប​ទទួល​ការងារ​នេះ​ផង ដូច្នេះ​មិនទាន់​ហ៊ាន​សម្រេច​យ៉ាងណាទេ​លោក​នឹង​សុំ​ឆ្លង យោបល់​ពី​លោក​អភិបាលស្រុក​សិន​។ លោក​អភិបាលរង​បាន​បន្តថា រឿង​ពីមុន​យ៉ាងណា​លោក​មិនបាន​ដឹង​ទេ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ​លោក​សុំ​ណែនាំ​ឱ្យ​ម្ចាស់​សំណង់​បញ្ឈប់​សកម្មភាព​ដោយ​មិនអាច​ធ្វើ​អ្វី​បន្ថែម​នៅលើ​ទីតាំង​នេះ​ជាដាច់ខាត​។ ប្រសិនបើ​នៅ​ចាក់ដី ឬ​សាងសង់ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​រាយការណ៍ ហើយ​ចាប់ខ្លួន​ពេល​ភ្លាម​ព្រោះ​គ្មាន​បុគ្គល​ណា​អាចយ​កដី​ចំណី​ព្រែក​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​បានឡើយ​។

​លោក​អេង​សុខ​ហេង​ម្ចាស់​សំណង់​ខាងលើ​បាន​បំភ្លឺថា​លោក​មិនដឹង​ទេ​ថា​នេះ​ជា​ដី​របស់​រដ្ឋ​នោះ​ព្រោះ​លោក​បាន​ទិញ​ពី​គេ​ទំហំ​ជាង​៥.០០០​ម៉ែត្រក្រឡា​។​ចំណែក​ការចាក់ដី​និង​ធ្វើ​របង​គឺ​ដើម្បី​ការពារ​កុំឱ្យ​ពលរដ្ឋ​ដែលមាន​ដី​ក្បែរ​នោះមក​រំលោភ​យកតែ​ប៉ុណ្ណោះ​ព្រោះ​កន្លងមក​មាន​សកម្មភាព​ប៉ុនប៉ង​រំលោភ​យក​រហូត​លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលា​ការដែល​ពេលនេះ​កំពុង​រង់ចាំតែ​ការសម្រេច​អង្គសេចក្តី​ប៉ុណ្ណោះ​។

​ម្ចាស់​សំណង់​ដដែល​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​លើដី​លោក​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ព្រោះ​កាល​ទិញ​ម្ចាស់​ដើម​បាន​ប្រាប់ថា​មានការ​វាស់​រួចហើយ​។ ដូច្នេះ​លោក​សុំឱ្យ​ពន្យា​ពេល​ការអនុវត្ត​សិន​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​តុលាការ​។ ម្យ៉ាងទៀត​ដី​នេះ​លោក​បាន​លក់​បន្តទៅ​ឱ្យគេ​ចំនួន​៥​ម្ចាស់​ឯណោះ​។

​អាជ្ញាធរ​បាន​អះអាងថា​ទីតាំង​ដី​ចំណី​ព្រែក​និង​ព្រែក​ដែលមាន​ការហ៊ុមព័ទ្ធ​រំលោភ​យក​ខាងលើ​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​លក្ខណៈ​ជា​ប្រពន្ធ​រួចរាល់​ហើយ ។ រដ្ឋបាល​ស្រុក​បានចេញ​លិខិតផ្លូវការ​ផង និង​ចុះមក​ហាមឃាត់​ផ្តា​ល់​ផង ប៉ុន្តែ​លោក​អេង សុខ​ហេង​នៅតែ​បន្ត​សម្រុក​ធ្វើ​កាន់តែខ្លាំង បច្ចុប្បន្ន​របង​ធ្វើ​រួចរាល់​បួន​ម្ចាស់​នៅសល់​មួយ​ម្ចាស់​ទៀត​៕​សរន