ដោយៈប.ជ័យ/បន្ទាយមានជ័យៈកម្លាំងចម្រុះឃាត់ខ្លួនមេខ្យល់នាំពីរនាក់លួចនាំពលករ២៥នាក់ទៅប្រទេសថៃកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាល ការពារព្រំដែនគោក៨១៥និងកងរាជអាវុធហត្ថស្រុកចុះល្បាតក្នុងភូមិសាស្ត្រអូរព្រំដែនដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។លុះនៅវេលាម៉ោង ១:៣០រំលងអធ្រាត្របានប្រទះឃើញមេខ្យល់ពីរនាក់ បម្រុងនាំពលករ២៥នាក់ឆ្លងដែនចេញទៅប្រទេសថៃ។
មេខ្យល់ដែលត្រូវបានចាប់ខ្លួន ឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និងឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពួកគេទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួនដើម្បីសាកសួរនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។
ចំណែកឯពលករទាំង ២៥នាក់(ស្រី១៧ នាក់ ,ក្មេង២នាក់)ត្រូវបានកម្លាំងចម្រុះបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ៕សរន