ដោយ: ប.ជ័យ / បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថ បាននិងកំពុងស្រាវជ្រាវរកឃាតករដែលកាប់បុរសម្នាក់ស្លាប់ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីម៉ោង៣រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចចំការស្វាយចន្ទី តំបន់អូក្បាលស្វាយ ស្ថិតក្នុងភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបល្ល័ង្គ បានឲ្យដឹងថ្ងៃទី១០ខែឧសភាថា៖ ករណីឃាតកម្មនោះមានជនរងគ្រោះឈ្មោះយុត ងឿន ភេទប្រុស អាយុ៥៩ឆ្នាំ លំនៅភូមិកើតហេតុ។
សមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រស្រុក ខេត្តបានចុះមកត្រួតពិនិត្យឃើញថា ស្លាកស្នាមលើជនរងគ្រោះស្នាមកាប់ និងឧបករណ៍រឹងមានមុខមុតត្រង់ចំណុចកញ្ចឹងកខាងក្រោយ និងមុតខ្នងដៃខាងឆ្វេង។ ការសន្និដ្ឋាន នេះជាករណីឃាតកម្ម ហើយអាចបណ្តាលមកពីគំនុំ។
សមត្ថកិច្ចកំពុងបស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទារទោស៕