ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថទាំងអស់នៅទូទាំងប្រទេស នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។


ការបញ្ជាក់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងបន្ទាប់ពីរូបលោក និងមេបញ្ជាការរង និងនាយទាហានរបស់កងរាជអាវុធហត្ថនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់បានធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី១០ ខែឧសភា នេះថា ដើម្បីជាវោធានការបង្ការទុកជាមុនចំពោះការទប់ស្កាត់ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីអាវុធហត្ថបានធ្វើការផ្លាស់ប្តូរបន្ទាប់ពីការបិទខ្ទប់មកចែកតំបន់ ហើយពីចែកតំបន់ធំបង្រួមទៅជាតំបន់តូច តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង គឺកម្លាំងអាវុធហត្ថមួយចំនួនក៏បន្ថយតាមនឹងដែរ ទៅតាមទំហំនៃភារកិច្ច ដើម្បីនឹងត្រួតពិនិត្យសុខភាពកម្លាំងអាវុធនហត្ថទាំងអស់ដើម្បីរកឲ្យឃើញថា តើនៅក្នុងចំណោមកម្លាំងដែលកំពុងតែប្រើសព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគកូវីដ១៩ ឬក៏អត់? ទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ឃើញថាមានអ្នកឆ្លងកូវីដ១៩។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នេះ គឺចាប់ផ្តើមពីបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេស ហើយនឹងធ្វើនៅទូទាំងប្រទេសតែម្តង។ តាមរយៈការធ្វើតេស្តកាលពីព្រឹកថ្ងៃទី១០ ខែឧសភា រហូតមកដល់ល្ងាចនេះ គឺមិនទាន់រកឃើញថា មានវិជ្ជមានកូវីដ១៩នៅឡើយទេ គឺអវិជ្ជមានទាំងអស់គ្នាអ្នកដែលបានធ្វើតេស្តហើយ។ ហើយនឹងបន្តធ្វើតទៅទៀតឲ្យទាល់តែគ្រប់គ្នាទាំងអស់នៅក្នុងកងរាជអាវុធហត្ថទាំងមូល។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា “ធ្វើទាំងអស់ និយាយរួមចាប់ផ្តើមពីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសមុនគេ ហើយមុនគេបំផុតនឹងគឺខ្ញុំធ្វើមុនគេតែម្តង ហើយបន្ទាប់មកគឺមានមេបញ្ជាការរង មាននាយទាហានរបស់កងរាជអាវុធហត្ថ អ្នកមានឋានៈ អ្នកមានតួនាទីសំខាន់ៗ គឺត្រូវធ្វើមុនយុទ្ធជន ហើយក៏យើងយកចំពោះមុខសញ្ញាមួយចំនួនក៏យកមកធ្វើមុនដែរ”។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៩៧៤៣នាក់ , អ្នកជាសះស្បើយមានចំនួន ៧៨២០នាក់ និងអ្នកស្លាប់មានចំនួន ១២៦ នាក់៕