ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រយៈពេល ១០ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានប្រព្រឹត្តទៅដោយរលូន និងមិនមានឧបសគ្គអ្វីរារាំងនោះទេ។ ចំនួនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង គឺមានការកើនឡើងជាលំដាប់ ។ពោលគឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហម និងតំបន់ទាំងឡាយដែលមានការចាំបាច់ ។គឺចាក់ឲ្យអស់ បើចាក់មិនអស់គឺមិនដកចេញទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី១០ ខែឧសភា នេះថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គឺដំណើរការបានប្រព្រឹត្តដោយរលូន និងពុំមានឧបសគ្គអ្វីរារាំងនោះទេ។ ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺមានចំនួនកើនឡើងជាលំដាប់។បើទោះបីជាចំនួននៃការចាក់វ៉ាក់សាំងមានការកើនឡើងយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនៅតែបំពេញការងារតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហម និងតំបន់ទាំងឡាយដែលមានការចាំបាច់ គឺចាក់វ៉ាក់សាំងជូនបានគ្រប់គ្នា ។បើចាក់មិនអស់គឺមិនដកចេញទេ។ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានដំណើរការទៅមុខជានិច្ចអត់មានការដកថយទេ។

សម្តេចពិជ័យបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំពេញមានការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើន ។ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យដ៏ជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន ថា យកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហមឲ្យវាឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល និងធ្វើយ៉ាងណាទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតំបន់ក្រហមឲ្យមានប្រសិទ្ធិភាព។

បើយោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩៩ .៦១៧នាក់ផងដែរ។
ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅដោយផ្តើមចេញពីតំបន់ក្រហម។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន៕srn