ប្រែសម្រួលៈវាសនា/ញូវ ដែល្លី៖ សាកសពរាប់សិបដែលគេជឿថាជាជនរងគ្រោះដោយកូវីដ១៩ បានអណ្តែតមកទើតាមមាត់ទន្លេគង្គានៅឥណ្ឌាខាងជើង។
ជំងឺឆ្លងកូវីដ១៩បានរីករាលដាលលឿនចូលតំបន់ជនបទដ៏ធំល្វឹងល្វើយរបស់ឥណ្ឌាដោយបញ្ជូនអ្នកជំងឺចូលបណ្តាមន្ទីរពេទ្យមូលដ្ឋានយ៉ាងជោរជន់ខណៈឈាបនដ្ឋាននិងទីបញ្ចុះសពក៏រវល់ស្ទើរពេញ២៤ម៉ោងផងដែរ។
មន្ត្រីមូលដ្ឋានលោក អាសូក គុមារ បាននិយាយថា សាកសពប្រមាណ៤០បានអណ្តែតមកទើតាមមាត់ទន្លេក្នុងស្រុកប៊ូសា ជិតព្រំដែនរវាងរដ្ឋប៊ីហា និង អ៊ុតតា ប្រាដែសដែលជារដ្ឋក្រីក្របំផុត២របស់ឥណ្ឌា។«យើងបានប្រាប់ទៅមន្ត្រីពាក់ព័ន្ធអោយស្រង់សាកសពទាំងអស់ដើម្បីយកទៅកប់ឬដុត»។
សារព័ត៌មានខ្លះបាននិយាយថា ចំនួនសាកសពដូច្នេះអាចមានប្រមាណ១០០ ដោយមួយចំនួនហើមនិងត្រូវបានដុតឆេះខ្លះ និងអាចស្ថិតនៅក្នុងទន្លេអស់ពេលជាច្រើនថ្ងៃ។
អ្នកស្រុកបានប្រាប់សារព័ត៌មានបារាំងថា គេជឿថា សាកសពទាំងនេះត្រូវបានទម្លាក់ចូលក្នុងទន្លេដោយសារតែ កន្លែងបូជាជោរជន់ដោយសាកសពច្រើនពេក ឬក៏ដោយសារតែសាច់ញាតិមិនអាចរកអុសដុតសពបាន។
អ្នកស្រុកម្នាក់ឈ្មោះ កាមេសវ៉ា ប៉ានដេបាននិយាយថា«វាគួរអោយរន្ធត់ណាស់»។
យោងតាមស្ថិតិផ្លូវការ មនុស្សប្រមាណ៤.០០០នាក់បានស្លាប់ដោយកូវីដ១៩នៅឥណ្ឌាក្នុងមួយថ្ងៃៗ និងការស្លាប់សរុបដោយជំងឺនេះឡើងជិតដល់២៥០.០០០នាក់ហើយ៕
រូបកាលពីថ្ងៃ៥ឧសភា បង្ហាញការបូជាសពអ្នកកើតកូវីដ១៩ នៅជាប់មាត់ទន្លេគង្គារ