ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​ម៉ាឡេស៊ី​នឹង​ត្រូវ​បិទ​ជិត​មួយ​ខែ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​បន្ទាប់ពី​មាន​ការកើនឡើង​នូវ​ករណី​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ហើយ​ប្រ​​ជា​ជន​ត្រូវបាន​បញ្ជា​មិន​ឱ្យ​ទៅ​សួរសុខទុក្ខ​បងប្អូន​សាច់ញាតិ​ដើម្បី​អបអរ​ពិធីបុណ្យ​អ៊ី​ដ​នោះទេ​។​

​នាយករដ្ឋមន្ត្រី មូ​ហ៊ីដ​ឌីន យ៉ាស់​ស៊ីន បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​ឧសភា​ថា អាជីវកម្ម​នានា​នឹង​នៅតែ​អនុញ្ញាតឱ្យ​បន្ត​ដំណើរការ​ក្នុង​សមត្ថភាព​ដែល​បន្ថយ​តិច​ជាង​មុន​។​

​ការបិទ​ប្រទេស ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ​ទី​១២​ឧសភា​រហូត​ដល់​ថ្ងៃទី ៧ ខែមិថុនា បាន​បង្ក​ការភ្ញាក់ផ្អើល​ទូទាំង​ប្រទេស​ព្រោះ​ការ​រឹតត្បិត​លើ​បំលាស់​ទី​ត្រូវ​បាន​អនុវត្ត​រួចទៅហើយ​នៅក្នុង​តំបន់​​ជាច្រើន​នៃ​ប្រទេស​រួមមាន​ទីក្រុង​គូ​ឡា​ឡាំ​ពួ​និងរ​ដ្ឋ​មាន​ជាង​គេ​បំផុត សេ​ឡាន់​ហ្គ័​រ​។​

​លោកមូ​ហ៊ីដ​ឌីន​និយាយថា ការបិទ​ខ្ទប់​នេះ​គឺ​ចាំបាច់​ខ្លាំងណាស់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​វីរុស​កូរ៉ូណា មុន​ពេល​វា​ប្រែ​ក្លាយទៅជា​មហន្តរាយ​ជាតិ​។ លោក​និយាយថា​ការលេចឡើង​នូវ​វីរុស​​បំលែងខ្លួន​ថ្មី​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​មុន ឧបសគ្គ​លើ​ប្រព័ន្ធ​សុខភាព​សាធារណៈ និង​ការខកខាន​របស់​សាធារណជន​ក្នុង​ការការពារ​សុខភាព កំពុង​បង្ក​ការព្រួយបារម្ភ​ខ្លាំង​។​

​ករណី​ឆ្លង​វីរុស​កូរ៉ូណា​បាន​កើនលើស ៣.៥០០ នាក់​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​ម៉ាឡេស៊ី​កើន​ដល់ ៤៤៤.០០០ នាក់​គិត​ចាប់តាំងពី​ខែ​មករា​ហើយ​ចំនួន​​អ្នកស្លាប់​សរុប​កើន​ដល់ ១.៧០០ នាក់​៕

​រថយន្ត​សម្រុកចូល​ក្រុង​គូ​ឡា​ឡាំ​ពួ​ដើម្បី​អបអរ​បុណ្យ​អ៊ី​ដ មុន​ពេល​ប្រទេស​ត្រូវ​បិទ​នៅ​ថ្ងៃ​ពុធ