រដូវ​បុណ្យ​ស៊ីសាច់​ឆ្កែ​នៅ​ចិន​ចាប់ផ្តើម ទោះបី​ជាមាន​ពាក្យ​ចចាមអារ៉ាម​ថា​មានការ​ហាមឃាត់​ក៏ដោយ​

1743
ចែករម្លែក

​រដូវ​បុណ្យ​ល្បី​ខាង​ស៊ីសាច់​ឆ្កែ នៅ​ចិន បានចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​២១​ខែមិថុនា ដោយ​ពួក​អ្នកលក់​សាច់​ឆ្កែ​ចាប់ផ្តើម​ធ្វើ​ឆ្កែ​លក់​និង​កាប់សាច់​ឆ្កែ​ជា​ដុំ ហើយ​ដាក់​ចូលក្នុង​ឆ្នាំងខ្ទះ ទោះបី​ជាមាន​ពាក្យ​ចចាមអារ៉ាម​ថា ក្រុម​អាជ្ញាធរ​នឹងដាក់​បំរាម​ហាមឃាត់​នៅ​ឆ្នាំនេះ​ក៏ដោយ​។​

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពីដំបូង​ថា​ក្រុម​អាជ្ញាធរ​នឹង​ហាមឃាត់​ការលក់ដូរ​សាច់​ឆ្កែ​នៅ​រដូវ​បុណ្យ​ស៊ីសាច់​ឆ្កែ​នៅ​រដូវក្តៅ​នេះ នៅ​ទីក្រុង​យូ​លីន ភាគខាងត្បូង​នៃ​ប្រទេស​ចិន​មក​នោះ ក្រុម​អ្នកការពារ​សិទ្ធិ​សត្វ​បាន​និយាយថា ពួក​អ្នកលក់​សាច់​ឆ្កែ និង​ក្រុមមន្ត្រី បានសម្រេច​បានការ​ព្រម​ព្រៀង​គ្នា​ដែលថា នឹងមាន​ការដាក់​កម្រិត​នៃ​ការលក់​សាច់​ឆ្កែ ដោយ​ដាក់តាំង​លក់​សត្វ​ឆ្កែ​២​ក្បាល​ក្នុង​មួយ​តូប​។​

​ប៉ុន្តែ សត្វ​ឆ្កែ​ដែល​ធ្វើ​ហើយ​ច្រើន​ក្បាល ត្រូវបាន​ដាក់លក់​នៅតាម​តូប​មួយចំនួន​នៅ​ផ្សារ​ធំ​ណាន​ចាវ នៅ​ទីក្រុង​នេះ​។ នៅ​ផ្សារ​នេះ ក៏មាន​ដាក់លក់​សត្វ​មាន់​ទា ត្រី បន្លែ និង ផ្លែឈើ​ផងដែរ​។​

​មាន​វត្តមាន​ប៉ូលិស​ច្រើន​នាក់​នៅ​ខាងក្រៅ​ផ្សារ​នេះ នៅតាម​ផ្លូវ​ប្រសព្វ​គ្នា​។​

​លោក អា​រី​ន ហ្វេ​ង មកពី​អង្គការ​ការពារ​សិទ្ធិ​សត្វ​អាស៊ី “Animals Asia” បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ទោះបី​ការពិត​ដែលថា វា​ទំនងជា​មិនមាន​បំរាម​ហាម​លក់​សាច់​ឆ្កែ​ទាំងអស់​ក្តី នៅ​រដូវ​បុណ្យ​ស៊ីសាច់​ឆ្កែ​នេះ មាន​សកម្មភាព​លក់ដូ​រសាច់​ឆ្កែ​តិច​ទៅ​នៅ​ឆ្នាំនេះ ហើយ​សត្វ​ឆ្កែ​មាន​ចំនួន​តិច​ទៅ ដែល​គេ​សម្លាប់​សម្រាប់​ការលក់ដូរ​សាច់​ឆ្កែ​ដ៏​ឃោរឃៅ​នេះ​”​។​

​សត្វ​ឆ្កែ​រាប់ពាន់​ក្បាល ត្រូវបាន​គេ​សម្លាប់​តាម​ប្រពៃណី ក្នុងអំឡុងពេល​រដូវ​បុណ្យ​ស៊ីសាច់​ឆ្កែ ។​

​សត្វ​ឆ្កែ​រវាង​១០​លាន​ក្បាល​និង​២០​លាន​ក្បាល ត្រូវបាន​គេ​សម្លាប់​យក​សាច់​ធ្វើ​ម្ហូបអាហារ​រាល់​ឆ្នាំ​នៅ​ចិន ។ នេះ​បើ​យោងតាម​អង្គការ​សង្គម​មេត្តា​អន្តរជាតិ (Humane Society International) ។​

​ការ​ស៊ីសាច់​ឆ្កែ មិន​ខុសច្បាប់​ទេ​នៅ​ចិន ប៉ុន្តែ ក្រុម​អង្គការ​ការពារ​សិទ្ធិ​សត្វ បាន​ព្យាយាម​បញ្ឈប់​ការលក់​សាច់​ឆ្កែ​នៅ​បុណ្យ​ស៊ីសាច់​ឆ្កែ​រាល់​ឆ្នាំនេះ ៕

​សត្វ​ឆ្កែ​រាប់ពាន់​ក្បាល ត្រូវបាន​គេ​សម្លាប់​តាម​ប្រពៃណី ក្នុងអំឡុងពេល​រដូវ​បុណ្យ​ស៊ីសាច់​ឆ្កែ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ