Home ព័ត៌មានជាតិ នយោបាយ ឈឹម សំ​អ៊​ន់​...

ឈឹម សំ​អ៊​ន់​៖ ខ្ញុំ​មាន​មោទកភាព​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ខ្មែរក្រហម​

ដោយ​៖ ភា រស្មី បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​/​ភ្នំពេញៈ​
​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២១​ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​បាន​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើប្រាស់​កម្មវិធី​ហ្គូ​ហ្គ​ល មី​ត (Google Meet) ជាមួយ​លោកគ្រូ ឈឹម សំ​អ៊​ន់ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ដី​ថុ​យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដើម្បី​ស្នើសុំ​ការសហការ​ផ្តល់​កិច្ចសម្ភាសន៍ ទាក់ទង​ទៅនឹង​ជីវប្រវត្តិ​ឆ្លងកាត់​របប​ខ្មែរក្រហម​ពី​លោកគ្រូ​។

លោកគ្រូ ឈឹម សំ​អ៊​ន់ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ដី​ថុ​យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង បានផ្តល់​បទសម្ភាសន៍​ពី​ចម្ងាយ​ទាក់ទង​នឹង​ជីវប្រវត្តិ​របស់គាត់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើប្រាស់​កម្មវិធី​ហ្គូ​ហ្ក​ល​មី​ត (Google Meet) ដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​លោកគ្រូ ឈឹម សំ​អ៊​ន់ បង្រៀន​មុខវិជ្ជា រូប​-​គីមី ដល់​សិស្ស​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​បឹង​ព្រះ​។ លោកគ្រូ​មាន​ឪពុក​ឈ្មោះ ឈឹម ឆឹ​ត ធ្វើជា​ទាហាន​ក្នុង​របប លន់ នល់ និង​ម្ដាយ​ឈ្មោះ មឹង យ៉ា​ត់ រស់នៅ​ភូមិ​ដី​ថុ​យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វិដ​-១៩​នាពេល​បច្ចុប្បន្ន លោកគ្រូ សំ​អ៊​ន់ ក៏ដូចជា​គ្រូ​ឯទៀត ត្រូវ​បានទទួល​ការអនុញ្ញាត​ឲ្យ​បង្រៀន​សិស្ស​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​កម្មវិធី​បង្រៀន​តា​ម​អន​ឡាញ​។ នៅថ្ងៃនេះ លោកគ្រូ​ឈឹម​សំ​អ៊​ន់​បាន​ឆ្លៀត​យក​ពេល​សម្រាក​ពី​ការបង្រៀន​សិស្ស​ហើយ​បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ធ្វើការ​សម្ភាសន៍​គាត់​។ លោកគ្រូ សំ​អ៊​ន់ បាន​រៀបរាប់​ដូចខាងក្រោម​ថា ៖

នៅពេល​ខ្ញុំ​មាន​អាយុ​៦​ឆ្នាំ លោក​សេនាប្រមុខ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ឲ្យ​ចុះ​ចេញពី​តំណែង នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។ ដល់​ឆ្នាំ​១៩៧៣ ខ្ញុំ​ចាប់ផ្ដើម​ចូលរៀន​ថ្នាក់​ទី​១​នៅក្រោម​ផ្ទះ និង​នៅក្រោម​ដើមឈើ ជាមួយ​ក្មេងៗ​ប្រមាណ​ជាង​២០​នាក់​នៅក្នុង​ភូមិ​។

​ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​មានការ​ជឿជាក់ ហើយ​គាំទ្រ​ខាង​បដិវត្តន៍ និង​ស្អប់​ការគ្រប់គ្រង​របស់ លន់ លន់​។ យូរៗ​ម្ដង ខ្ញុំ​ឃើញ​មាន​ទាហាន លន់ នល់ ជិះ​រថក្រោះ​កាត់​តាម​ភូមិ​ដើម្បី​សង្កេតមើល​ជនបង្កប់​ខ្លួន​ខាង​បដិវត្តន៍ ប៉ុន្តែ​ពេល​ជួប​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ក៏​ចាប់យក​ទៅធ្វើជា​អាហារ​។ លើសពីនេះទៅទៀត ទាហាន លន់ នល់ ក៏​ចាប់​កូនក្រមុំ​របស់​ប្រជាជន​យកទៅ​ដែរ​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ឪពុកម្ដាយ​ដែលមាន​កូនក្រមុំ​តែងតែ​យក​ធ្យូង មក​លាបមុខ​កូនស្រី​នៅពេល​មាន​ទាហាន​ចូលក្នុង​ភូមិ​ម្ដងៗ​។​ខ្ញុំ​ចាំបាន​ថា​មាន​មីង​ម្នាក់​មកលេង​បងប្អូន​របស់គាត់​ដែល​រស់នៅ​ជិត​ផ្ទះ​របស់ខ្ញុំ​។ ពេលមកដល់​គាត់​បាន​ជួប​ជាមួយ​ទាហាន លន់ នល់​។ ទាហាន​នោះបាន​សួររក​ប្ដី​របស់ គាត់ ប៉ុន្តែ​ដោយសារ​គាត់​អត់​មាន​ប្ដី និង​ខ្លាច​ទាហាន​ចាប់​យកទៅ​ជាមួយ គាត់​ក៏​ឆ្លើយថា​ពូ តាត​ដែល​នៅ​ជិត​នោះ គឺជា​ប្ដី​របស់គាត់​។ មីង​នោះបាន​ចង្អុល​ទៅ​ពូ​តាត​ថា​ពូ​តាត​គឺជា​ប្ដី​របស់គាត់​ទើប​ពូ​តាត​នឹក​ក្នុង​ចិត្ត​ថាបើ​នាង​ហៅ​ខ្លួន​ថា ជា​ប្ដី​អញ្ចឹង​ហើយ ពូ​តាត ក៏​សម្រេចចិត្ត​ចូល​ស្ដីដណ្ដឹង​មីង​នោះ​រៀបការ​ហើយ​បានរស់នៅ​ជាមួយគ្នា​រហូតដល់ សព្វថ្ងៃ​។

លោកគ្រូ ឈឹម សំ​អ៊​ន់ នៅផ្ទះ​របស់គាត់​ស្ថិតនៅ​ក្នុងភូមិ​ដី​ថុ​យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ចន្លោះ​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៤ នៅ​ក្នុងភូមិ​របស់ខ្ញុំ​មាន​កងទ័ព​បដិវត្តន៍​ខ្មែរក្រហម​ចូលមក​រស់នៅ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ទាហាន លន់ នល់ ដែលមាន​មូលដ្ឋានទ័ព​នៅ​បាភ្នំ ផ្លោង​គ្រាប់​ចូល​ភូមិ​នៅវេលា​ម៉ោង​៦ ឬ​៧​ព្រឹក ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។​

នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ក្នុងការ​វាយយក​ទីក្រុង​ភ្នំពេញ​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ មាន​ប្រជាជន​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ ចូលមក​រស់នៅ ហើយ​អង្គការ​បាន​ហៅ​ប្រជាជន​ថ្មី​ថា ប្រជាជន​១៧ មេសា​។ ប្រជាជន​១៧ មេសា​ទាំងអស់ ធ្វើការ​ទៅតាម​អង្គការ​ចាត់តាំង បើទោះបីជា​មិនចេះ ឬ​មិន​ធ្លាប់ធ្វើ​ការងារ​ពីមុន​ក៏ដោយ ហើយ​ប្រសិនបើ​ធ្វើការ​មិន​ហើយ​តាម​ផែនការ​កម្មាភិបាល​ខ្មែរក្រហម​នឹងធ្វើ​ការ ទិតៀន​នៅពេល​ប្រជុំ​ជីវភាព​ពេលយប់​ឬក៏​យកទៅ​រៀនសូត្រ​។​នៅក្នុង​ស្រុក​បាភ្នំ​អង្គការ​បាន​យក​ប្រជាជន​ថ្មី​ជាច្រើន​នាក់​ទៅ​រៀនសូត្រ​នៅ​ភ្នំ​កំ​ផ្លុ​ក ទួល​ក្សេ ឬ​ទួល​សំពៅ និង​វាល​តា​ប្រុ​ញ​។

​អង្គការ​ចាប់ផ្ដើម​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​ទាំងអស់​ធ្វើជា​របស់​រួម ធ្វើស្រែ​ចម្ការ​រួម និង​ហូប​អាហារ​រួមគ្នា​។ មុនដំបូង​ប្រជាជន​ហូប​អាហារ​បាន​គ្រប់គ្រាន់ ដោយ​អង្គការ​បាន​កាប់​ជ្រូក កាប់​គោ​ធ្វើជា​ម្ហូបអាហារ​ឲ្យ​ប្រជាជន បរិភោគ​។ ប៉ុន្តែ​មិនយូរប៉ុន្មាន អង្គការ​ឲ្យ​ប្រជាជន​ហូប​បបរ​គោក ហើយ​ក្រោយមក ឲ្យ​ហូប​បបរ​លាយ​ជាមួយ​ពោត និង​ចុងក្រោយ ឲ្យ​ហូប​តែ​បបរ​រាវៗ​មួយ​វែកៗ​ជាមួយ​សម្លម្ជូរ​ប៉ុណ្ណោះ​។​

​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៦ អង្គការ​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​រស់នៅក្នុង​មណ្ឌល​ប្រមូលផ្ដុំ​កុមារ​ជាមួយ​កុមារ​ផ្សេងទៀត​នៅ ក្នុងភូមិ​។ នៅ​មណ្ឌល​ប្រមូលផ្ដុំ កុមារ​ដែលមាន​អាយុ​ចាប់ពី​១៣​ទៅ​១៤​ឆ្នាំ​ដូចជា​ខ្ញុំ តម្រូវ​ឲ្យ​ទៅ​លើក​ប្រព័ន្ធ​ភ្លឺស្រែ ឲ្យ​បាន​ពី​៧ ទៅ​៨​ម៉ែត្រ​នៅពេល​ព្រឹក និង​៧​ទៅ​៨​ម៉ែត្រ​នៅពេល​រសៀល ទៅតាម​ផែនការ​កំណត់​របស់​អង្គការ​។ ក្រៅពី​ការងារ​លើក​ប្រព័ន្ធ​ភ្លឺស្រែ ក្មេងៗ​ត្រូវ​ក្រោក​តាំងពី​ម៉ោង​៤ ដើម្បី​ធ្វើ​ការងារ​មួយទៀត គឺ​ការងារ​សង្គមនិយម​។ ការងារ​សង្គមនិយម គឺ​អង្គការ​តម្រូវ​ឲ្យ​ក្មេង​ដូចជា​ខ្ញុំ​ទៅ​ប្រមូល​ទឹកនោម លាមក​យកទៅ​ឲ្យ​ក្រុម​បងស្រី​ធ្វើជា​ជី លេខ​មួយ​សម្រាប់​ដាំ​ដើម​ចេក​និង​ត្រកួន​។​អង្គការ​បាន​ឲ្យ​ក្មេងៗ​ទាំងអស់​រួមទាំង​ខ្ញុំ​ទៅ​រៀន​នៅក្នុង​វត្ត​ជាមួយ​សម​មិត្ត​វប្បធម៌ (​គ្រូបង្រៀន​) ពីរ​នាក់​គឺ សម​មិត្ត​វប្បធម៌ ផេ​ន ហួន និង​សម​មិត្ត​វប្បធម៌ យៀប​។ ក្នុងសម័យ​ខ្មែរក្រហម ថ្នាក់​ទី​៤​គឺជា​ថ្នាក់​ខ្ពស់បំផុត នៅក្នុង​សាលា ហើយ​យើង​អាច​រៀន​បាន​ពីរ​មុខវិជ្ជា​ធំៗ​គឺ គណិតវិទ្យា និង​ភាសា​ខ្មែរ​។ គណិតវិទ្យា យើង​រៀន​ពី​វិធីចែក​ប្រភាគ ហើយ​ភាសា​ខ្មែរ គឺ​យើង​រៀន​អំពី​ការតស៊ូ​របស់​អ្នកស្នេហាជាតិ ឬ​អ្នកតស៊ូ​បដិវត្តន៍ និង​បង្រៀន​ឲ្យ​ស្អប់​សហរដ្ឋ​អាមេរិកកាំង ឬ​ស្អប់​សាសនា​។

លោកគ្រូ ឈឹម សំ​អ៊​ន់ នៅផ្ទះ​របស់គាត់​ស្ថិតនៅ​ក្នុងភូមិ​ដី​ថុ​យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
(​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​ឆ្នាំ​១៩៧៨ ពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ជា​យោធា​ខ្មែរក្រហម បើទោះបីជា​ឪពុកម្ដាយ បងប្អូន​របស់ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ក៏ដោយ​។ មូលហេតុ​ដែល​ខ្ញុំ​ចូល​ធ្វើជា​យោធា​ដោយសារតែ​ពូ​របស់ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ទៅធ្វើជា​យោធា​បាន​អាហារ​ហូប​ឆ្អែត​។​ដូចនេះ​បានជា​នៅពេល​មាន​ក្រុមខ្មែរក្រហម​មក​ជ្រើសរើស​យុវជន​ទៅធ្វើជា​យោធា ខ្ញុំ​ក៏​សម្រេចចិត្ត​ចូលរួម​។ ខ្ញុំ​បាន​ទៅ​ចូល​ធ្វើជា​យោធា​ខ្មែរក្រហម និង​ហ្វឹកហាត់​ក្បួន​យោធា​នៅ​ម្តុំ​ស្នេហ៍ (​កន្លែង​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​យោធា​) ដែលមាន​មេដឹកនាំ​ម្នាក់​ឈ្មោះ ថា​ត់ គ្រប់គ្រង​។ ក្រោយមក ថា​ត់ បាន​ប្រើ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើការ​នៅក្នុង​កង​ដឹកជញ្ជូន​ស្បៀង និង​សម្ភារ​ប្រើប្រាស់​ដូចជា ខោអាវ និង​ក្រមា ពី​មន្ទីរ​សេដ្ឋកិច្ច យកទៅដាក់​នៅតាម​សហករណ៍ មន្ទីរ​សន្តិសុខ ឬ​ទៅ​មូលដ្ឋានទ័ព​នៅ​សមរភូមិ​។

​ពេល​ខ្ញុំ​ទៅ​ដឹក​ស្បៀង​ពី​មន្ទីរ​សន្ដិសុខ​វាល​តា​ប្រុ​ញ​ខ្ញុំ​ឃើញ​កម្មាភិបាល​ខ្មែរក្រហម​ធ្វើបាប​ប្រជាជន​ដែល​ធ្លាប់ ធ្វើការ​ក្នុងសម័យ លន់ នល់ ឬ​អ្នក​ដែល​អង្គការ​ចោទថា​ក្បត់ ដោយ​ឲ្យ​អ្នក​ទាំងនោះ​ធ្វើការ​ងារ​ធ្ងន់ៗ ដូចជា កាប់​ដី រែក​ដី ធ្វើស្រែ​ចម្ការ និង​បង្អត់អាហារ​។ នៅក្នុង​អំឡុងពេល​ខ្ញុំ​នៅ​អង្គភាព​យោធា​ខ្ញុំ​អាច​សុំច្បាប់​ប្រធាន​ក្រុម​ដើម្បី មកលេង​ផ្ទះ​បាន​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​។​នៅតាម​ផ្លូវ​ធ្វើដំណើរ​មក​ផ្ទះ​ខ្ញុំ​ឃើញ​សម​មិត្ត​នារី​ដែល​ធ្លា​ប់រៀន​ជាមួយ​ខ្ញុំ​ឈរ​សម្លឹងមើល​មក​ខ្ញុំ​ដោយ​សេចក្ដី​កោតសរសើរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទកភាព​លើ​ខ្លួនឯង​ជាខ្លាំង​។ ក្នុងពេលនោះ ខ្ញុំ​ស្លៀក​ឯកសណ្ឋាន​ជា​យោធា​ខ្មែរក្រហម ខោ​ខ្មៅ អាវខ្មៅ ស្បែកជើង​ពុម្ព​ក្រវាត់​កែង​ហើយ​មាន​ស្ពាយ​កាំភ្លើង​ជាប់ ខ្លួន និង​ទទួលបាន​ការចាប់អារម្មណ៍​ពី ប្រជាជន​នៅក្នុង​ភូមិ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​រំភើប​យ៉ាងខ្លាំង​។ ពេលមកដល់​ផ្ទះ ខ្ញុំ​បាន​ទៅ​ជម្រាប​ប្រធាន​សហករណ៍​ឲ្យ​បានដឹង ហើយ​ប្រធាន​សហករណ៍​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​យក​មាន់ ទា ឬ​ដំណាំ​ផ្សេងៗ​ដែលមាន​នៅផ្ទះ​ដើម្បី​ធ្វើ​ម្ហូបអាហារ​ហូប​ជុំ​គ្រួ​សារបាន​ទៀតផង​។ នៅពេល​ធ្វើជា​យោធា ខ្ញុំ​ឃើញ​មាន​កម្មាភិបាល​ខ្មែរក្រហម​មកពី​ខាង​ភូមិភាគ​និរតី​ជាច្រើន​នាក់​ចូលមក​គ្រប់គ្រង​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​។ ថ្នាក់ដឹកនាំ​មួយចំនួន​ត្រូវបាន​ផ្លាស់ប្ដូរ ជាពិសេស​ការគ្រប់គ្រង​មន្ទីរ​សន្តិសុខ​ត្រូវបាន​ប្ដូរ​ដាក់​កម្មាភិបាល​មក​ពី​ខាង​និរតី និង​តាមដាន​ស្វែងរក​កម្មាភិបាល​ខ្មែរក្រហម ឬក៏​ប្រជាជន​ណា​ដែល​ក្បត់​ជាមួយ​អង្គការ​ដើម្បី​យកទៅ​សម្លាប់​។​

រហូតដល់​ចុងឆ្នាំ​១៩៧៨ ឈ្មោះ​សូ ដែលជា​ប្រធាន​សន្តិសុខ​ស្រុក​បានមក​ប្រកាស​ឲ្យ​ខ្ញុំ​និង​មិត្ត​របស់ខ្ញុំ ម្នាក់ទៀត​ឈ្មោះ ឌូ សំណាង ទៅធ្វើ​ការ​ក្នុង​ឡឥដ្ឋ​នៅ​វត្ត​តាពូង ខាងកើត​ផ្សារ​ធា​យ ឲ្យ​ផ្ដាច់​ចេញពី​អង្គភាព​យោធា​។ ស្ថានភាព​នៅក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​មាន​ភាពចលាចល​យ៉ាងខ្លាំង​ព្រោះ​កងទ័ព​ស្ម័គ្រ​វៀតណាម​បាន​វាយ​សម្រុកចូល ក្នុងប្រទេស​កម្ពុជា​កាន់​តែ​ខ្លាំង​។ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បានទទួល​ជ័យជម្នះ​ក្នុងការ​វាយ​ចូល​ទីក្រុង​ភ្នំពេញ​និង​បាន​គ្រប់គ្រង ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងស្រុង​។​ប្រជាជន​ទាំងអស់​រួមទាំង​ខ្ញុំ​បាន​វិលត្រឡប់​ទៅ​រស់នៅក្នុង​ភូមិកំណើត​រៀងៗ​ខ្លួន​វិញ​។ ក្នុងអំឡុង​ពេលដែល​ខ្ញុំបម្រើ​ការងារ​ជា​យោធា​ខ្មែរក្រហម ជីវិត​របស់ខ្ញុំ​មិនបាន​ជួប​ការអត់ឃ្លាន​ការធ្វើការងារ​លើស កម្លាំង​ការ​គំរាម​សម្លាប់​ពី​សំណាក់​កម្មាភិបាល​ខ្មែរក្រហម​ប៉ុន្តែ​ខ្ញុំ​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​និង​ការគោរព​សរសើរ​ពី​ប្រជាជន​។​

​នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​ចាប់ផ្ដើម​ចូលរៀន​ថ្នាក់​ទី​៤ នៃ​អនុវិទ្យាល័យ​នាគ​រង្សី ដែលមាន​ទីតាំងនៅ​ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​បាន​រៀន​ជាមួយ​អ្នកគ្រូ​ម្នាក់​ដែលមាន​ឈ្មោះថា គង់ ចិ​ត្រាច​។ ដល់​ឆ្នាំ​១៩៨១​ខ្ញុំ​បាន​ប្រឡង​ចូលរៀន នៅ​សាលា​កម្រិតសិក្សា​ទី​១​នៅ​បាភ្នំ រហូតដល់​រៀន​ចប់​ថ្នាក់​ទី​៥​ចូល​ទី​៦​។
​នៅក្នុង​សាលា​ក៏មាន​ការប្រឡង​ផ្លោះ​ថ្នាក់​ចូលរៀន​ទី​៧ ហើយ​ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​។ នៅ​ឆ្នាំ​១៩៨៥​ខ្ញុំ​បាន​ប្រឡង ជាប់​ចូលរៀន​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​រយៈពេល​ពីរ​ឆ្នាំ រួច​ក៏បាន​ចេញ​បង្រៀន​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៨៧​។ ខ្ញុំ​ចេញ​បង្រៀន​ដំបូង​នៅ​អនុវិទ្យាល័យ​ជាស៊ីមរ​ក្សជ័យ រហូតដល់​ឆ្នាំ​១៩៩១ ទើប​ខ្ញុំ​ប្ដូរ​ទៅ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ព្រះ​។ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​១៩៨៧ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ របស់ខ្ញុំ​ដែលមាន​ឈ្មោះថា ឡុង សុផល និង​សព្វថ្ងៃ ខ្ញុំ​មានកូន​ប្រុស​២​នាក់ និង​បាន​រៀប​អាពាហ៍ពិពាហ៍​អស់ហើយ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular