ដោយ៖ ទេពកង្រី / ពោធិ៍សាត់៖ បុរសពីរនាក់ បានទាស់សំដីគ្នា ក្នុងវង់ផឹកស៊ី ជាមួយគ្នា ហើយបុរសម្នាក់ (ជនរងគ្រោះ) បានទៅយកពូថៅ មកកាប់គូទំនាស់ របស់ខ្លួន ឱ្យរបួសដៃ ធ្វើឱ្យគូទំនាស់(ជនសង្ស័យ) យកកាំបិតខ្វែវ កាប់តបវិញ បណ្ដាលរងរបួស ជាច្រើនកន្លែង រហូតដល់ស្លាប់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧និង៣0នាទី យប់ថ្ងៃទី១0 ខែឧសភា ឆ្នាំ២០២១ នៅចំណុចព្រៃអណ្តូង ភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់មក នៅវេលាម៉ោង ២ រសៀល ថ្ងៃទី១១ ខែឧសភា នេះ ជនសង្ស័យ បានត្រូវសមត្ថកិច្ច តាមចាប់ខ្លួនបាន ពាក់ព័ន្ធករណីហិង្សា មានស្ថានទម្ងន់ទោស (កាប់បណ្តាលអោយស្លាប់) និងបានកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទទោស តាមច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង ទទួលផែនការងារ នគរបាលព្រហ្មណ្ឌ ខេត្តពោធិ៍សាត់ បានឱ្យដឹងថាៈ បុរសរងគ្រោះដល់ស្លាប់នោះ ឈ្មោះ ហុន ទឿន អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់តាមផ្លូវ នៅពេលក្រុមគ្រួសារ បានដឹកមកមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យ ឈ្មោះ អិត រ័ត្ន អាយុ ៣២ ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុនោះ បានប្រព្រឹត្តអំពើហិង្សា ដោយកាប់គូទំនាស់សំដីរួចហើយ ក៏បានរត់គេចខ្លួនបាត់ ។
លោកស្នងការរង បានបន្តថា ក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញ បានចុះពិនិត្យទីកន្លែង កើតហេតុជាក់ស្តែង ស្ថិតនៅចំណុចព្រៃអណ្តូង នៅលើដីភូមិ របស់ឈ្មោះ តើយ រុំ ឃើញមានបន្សល់នូវ វត្ថុតាងមួយចំនួន មានដូចជា មួកមួយ ពណ៌ខៀវលឿង មានរូបមនុស្ស, តំណក់ឈាម បាចពេញដី, ពូថៅដៃ ដងឈើមួយ , ស្បែក ជើងផ្ទាត់ មួយចំហៀង មានប្រឡាក់ឈាម, ពិលកែវ ពណ៌ខ្មៅមួយ, កាំបិត ក កុក ដងឈើមួយ មានប្រឡាក់ជាប់ឈាម ។
ប្រភព បានបន្តទៀតថា តាមរយៈការពិនិត្យ ស្នាមរបួសលើសាកសព សមត្ថកិច្ច បានបង្ហាញថា បុរសរងគ្រោះ ស្លាប់ដោយសារតែមាន របួសធ្ងន់ធ្ងរ នៅច្រើនកន្លែង មានដូចជា របួសលើចិញ្ចើម ថ្ងាសខាងឆ្វេង ផុងលលាដ៏, ក មានសភាពរឹង, ស្មាខាងឆ្វេង ដាច់ឆ្អឹង ២ កន្លែង (ឆ្អឹងស្មា និងឆ្អឹងស្លាបប្រចៀវ) , របួសខ្នង ខាងឆ្វេង ពីកញ្ចឹង ក រហូតដល់ក្រោមក្លៀក ដល់ឆ្អឹងជំនី និងសួត, របួសចង្កេះខាងឆ្វេង ដាច់ឆ្អឹង ដល់តម្រងនោម ។
យោងតាមការពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព គ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ ឈ្មោះ ហុន ទឿន ស្លាប់អាចបណ្តាលមក ពីប៉ះទង្គិចនឹងវត្ថុរឹង មានមុខមុត និងមានទម្ងន់។ ជនរងគ្រោះស្លាប់លើសពី ១២ ម៉ោង ។ សាកសពបានប្រគល់អោយឪពុកបង្កើតសព ឈ្មោះ តឺយ លោម អាយុ ៦១ឆ្នាំ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តបក្សីចាំក្រុង ហៅវត្តបាក់ត្រា។
ប្រភព បានបញ្ជាក់ថា ចំណែកជនសង្ស័យ ឈ្មោះ អិត រ័ត្ន បានប្រព្រឹត្តអំពើហិង្សា ដោយកាប់គូទំនាស់សំដីរួចហើយ ក៏បានរត់គេចខ្លួនបាត់ មកដល់ពេលនេះ សមត្ថកិច្ច បានចាប់ខ្លួនបាន នៅវេលាម៉ោង ២ រសៀល នាថ្ងៃទី១១ ឧសភានេះ ហើយជនសង្ស័យ ក៏មានស្នាមរបួស ២ កន្លែង ត្រូវដៃ។ ឥឡូវនេះ សមត្ថកិច្ចជំនាញ បានរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕/V