ដោយ​: បាយ័ន / សៀមរាប​: ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ បានទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​។ ពិ​ធិ​ផ្តល់​អំណោយ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០២១ លោក លី ប៊ុន​ណា លេខាធិការ​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ជា​តំណាង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ទាំងនោះ​គឺ​ប្រជាពលរដ្ឋ​ចំនួន ០៦​គ្រួសារ នៅក្នុង​ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ដែល​លំនៅឋាន​ពួកគាត់​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យ​របើក​ដំបូលផ្ទះ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , កន្ទេល​១ , ត្រីខ​១​យួរ , ទឹកស៊ីអ៊ីវ​១​យួរ , អង្ករ​៣០​គីឡូក្រាម , ស័ង្កសី ១០​សន្លឹក និង ថវិកា​ចំនួន ៨​ម៉ឺន​រៀល ។​

​លោក លី ប៊ុន​ណា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ខេត្តសៀមរាប ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ​។​

​លោក លី ប៊ុន​ណា ក៌​បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ ៣​ការពារ និង​៣​កុំ រួមទាំង​វិធានការ​ផ្សេងៗ​ទៀត​របស់​ក្រសួងសុខាភិបាល​៕​