ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កង​យោធា​ឈុត​សម្លៀកបំពាក់​ទ័ព​ពណ៌​ស ចុះ​រៀនសូត្រ​ពី​ក្រុមគ្រូពេទ្យ ដើម្បី​ជួយ​អនុវត្ត​ការយក​សំណាករ​កកូ​វីដ​១៩ ពី​ពលករ​ខ្មែរ​វិល​ពី​ថៃ និង​ពី​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែលជា​មុខសញ្ញា​សង្ស័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ យោធភូមិភាគ​ទី​៥ អោយដឹង​កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២១ ថា​៖ កងទ័ព​បាន​ត្រៀម​កង​កម្លាំង​យោធភូមិភាគ​ទី​៥ ស្លៀក ឈុត​សម្លៀកបំពាក់ ទ័ព ស ចុះ​រៀនសូត្រ​ឬ​ធ្វើ​កម្មសិក្សា​ពី​ក្រុមគ្រូពេទ្យ​ជួរមុខ​និង​ពេទ្យ​បច្ចេកទេស ដើម្បី​យកទៅអនុវត្ត​បន្ត​ការយក​សំណាក ក៏ដូចជា​ការងារ​ពេទ្យ​ផ្សេងៗ ចំពោះមុខ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ កង​វ៉ា របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​បន្តថា ៖​យោង​បទបញ្ជា​ថ្នាក់លើ ពិសេស​គឺ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​បញ្ជាការដ្ឋាន​ទ័ពជើងគោក បាន​ឲ្យ​កម្លាំង​ក្រុមគ្រូពេទ្យ​យោធា​ទាំងអស់​ដែល ចំណុះ​ឲ្យ​ទិស​ទី​១ យោធភូមិភាគ​ទី​៥ រួមមាន​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​អោយធ្វើ​កម្មសិក្សា ឬ​ហ្វឹកហ្វឺន បច្ចេកទេស​យក​សំណាក និង​របៀប​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ជាក់ស្តែង​នៅ​មណ្ឌល​ច​តា​ឡី​ស័ក​កង​វ៉ា​។​

​វគ្គ​ហ្វឹកហ្វឺន​នេះ ក្រោម​កិច្ចសហការ​ជួយ​បណ្តុះបណ្តាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្រុង​ប៉ោយប៉ែត​និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​ហើយ​ថ្ងៃនេះ​ជាការ​សាកល្បង​លើក​ទី​២ របស់​ក្រុម​ពេទ្យ នៃ​កងពលតូច​លេខ​៥១ និង​ក្រុម​ពេទ្យ​តំបន់​ប្រតិបត្តិការ​សឹក​បន្ទាយមានជ័យ ដែល​នឹង​អនុវត្ត​យក​សំណាករ​កកូ​វីត ១៩ ថ្ងៃស្អែក​ទី​១២​ខែឧសភា នៅ​មណ្ឌល​ខ្លះ នុង ជាពិសេស​នឹង​ចុះ​អនុវត្ត​ជាក់ស្តែង​នៅ​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​សង្កាត់​ប៉ោយប៉ែត និង​មណ្ឌល​សំចត​នា​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​
​គឺ​យក​សំណាក​ពលរដ្ឋ​នី​តំបន់​ក្រហម​នៃ​តំបន់​បិទ​ខ្ទប់ ។​

​ក្នុងនោះ​យោធភូមិភាគ​ទី​៥ ក៏បាន​ត្រៀមខ្លួន​រួចរាល់​ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់​ចល័ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ផងដែរ​៕​