ដោយ:សុខុម/ស្ទឹងត្រែង: រថយន្តមួយគ្រឿងបើកយ៉ាងលឿនបុកបុរសម្នាក់ដែលកំពុងជិះកង់ហាត់ប្រាណបណ្តាលឲ្យប៉ើងធ្លាក់ពីលើគល់ស្ពានមេគង្គស្ថិតក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២១។
ភ្លាមនោះអ្នកជិះកង់របួសធ្ងន់ឈ្មោះគង់ខេងអាយុ៦៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបាត់បង់ជីវិតបន្ទាប់ ពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់តាមរថយន្តពេទ្យបង្អែកខេត្ត ស្ទឹងត្រែង។ ចំណែកអ្នកបើកបររថយន្តឈ្មោះហេងសុខណាក់ភេទប្រុសអាយុ៣៥ឆ្នាំរស់ នៅភូមិចំការលើឃុំចំការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងជាមួយអ្នករួមដំណើរម្នាក់ទៀតត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
រថយន្តបង្កម៉ាកតូយូតាតាកូម៉ាពណ៌ក្រហមពាក់លេខកំពង់ចាម 2A 3323 និងកង់ជន រងគ្រោះកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានបញ្ជាក់ថាអ្នកបើកបររថយន្តពិតជាបានល្មើសនឹងច្បាប់ចរាចរណ៍ដោយបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។អ្នកជិះកង់បើកបរនៅខាងស្ដាំរថយន្តបុកពីក្រោយបន្តទៅបុកជាប់នឹងក្បាលស្ពានមេគង្គបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើគល់ស្ពាន៕/PC