ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ឥណ្ឌា កើន​ហួស​១​ភាគ​៤​លាន បន្ទាប់​ពី​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​

250

​ប្រែ​សម្រួលៈ​វាសនា​/​បេន​ហ្កា​លូ​រូ​៖ ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​ឧសភា​ថា នៅ​២៤​ម៉ោង​កន្លងទៅ ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ប្រចាំថ្ងៃ​មាន​ចំនួន​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​ដោយ​រុញ​ចំនួន​​មនុស្ស​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ឡើង​ហួស​១​ភា​៤​លាន​នាក់ នៅពេល​អ្នកជំនាញការ​ខាង​វីរុស​វិទ្យា​ម្នាក់​បាន​និយាយថា វា​លឿន​ពេក​ដែល​និយាយថា ការ​ឆ្លងកូវី​ដ​១៩​បាន​ឈាន​ដល់​ចំណុច​កំពូល​និង​ចាប់​​ផ្តើម​ស្រក​ចុះ​វិញ​។​

​ចំនួន​មនុស្ស​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ថ្ងៃ​ពុធ​នេះ​មាន​ចំនួន​៤.២០៥​នាក់ នៅពេល​មនុស្ស​៣៤៨.៤២១​នាក់​បាន​ឆ្លង​ជំងឺ​នេះ​បន្ថែម ។​ចំនួន​នេះ​ធ្វើអោយ​ឥណ្ឌា​មាន​អ្នក​ឆ្លង​សរុប ជាង​២៣​លាន​នាក់ និង​​ស្លាប់​ជាង​២៥០.០០០​នាក់​។​

​សា​ហ៊ី​ដ ចា​មី​ល អ្នកជំនាញ​វីរុស​ឥណ្ឌា​ម្នាក់​បាន​និយាយថា ការ​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​អាច​ថេរ បន្ទាប់​ពី​ធ្លាក់ចុះ​បន្តិច តែ​«​វា​លឿន​ពេក​ដែល​និយាយថា​យើង​បាន​មក​ដល់​កំពូល​។​មាន​សញ្ញា​បង្ហាញ​ថា​វា​​កំពុង​ទៅ​ថេរ​លើ​ខ្ពង់រាប​មួយ តែ​កុំភ្លេចថា​វា​ជា​ខ្ពស់​រាប​មួយ​ខ្ពស់​ណាស់ គឺ​នៅ​ឆ្លង​ប្រមាណ​៤០០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅឡើយ​ទេ​»​។​

​ឥណ្ឌា​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១,៤​ពាន់​លាន​នាក់ បច្ចុប្បន្ន តំណាង​អោយ​អ្នក​ស្លាប់​ម្នាក់​ក្នុងចំណោម​អ្នកស្លាប់​៣​នាក់​ដោយកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក ដោយ​អ្នកជំងឺ​ជោរជន់​នៅតាម​មន្ទីរ​​ពេទ្យ និង​សាកសព​ជនរងគ្រោះ​ជោរជន់​កន្លែង​តម្កល់សព​និង​ឈាបនដ្ឋាន​។​

​ថ្នាំពេទ្យ និង​អុកស៊ីសែន ក៏​កំពុង​ខ្វះខាត​។​

​ការវាយប្រហារ​របស់កូ​វីដ​១៩​នៅ​រលក​ទី​២​នេះ​បាន​រាលដាល​ពី​បណ្តា​ទីក្រុង​ទៅ​កាន់​បណ្តា​ទីប្រជុំជន​និង​ជនបទ ។​ផ្នែក​ខ្លះ​នៃ​ជនបទ​ឥណ្ឌា​ក៏​ខ្វះ​អុស​ដុត​សាកសព​ទៅ​តាម​ប្រពៃណី​ហិណ្ឌូ​ហើយ​សាកសព​រាប់​​សិប​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទន្លេ​គង្គា ។​សូម្បីតែ​នៅក្នុង​រដ្ឋធានី ញូវដែល្លី ជនរងគ្រោះ​ដោយកូវី​ដ​ជាច្រើន​ត្រូវបាន​សាច់ញាត់​បោះបង់ចោល​ក្រោយ​ការបូជា ទុក​អោយ​អ្នកស្ម័គ្រចិត្ត​ចូក​ធាតុ​​យកទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​ចោល​ឬ​បន់ស្រន់​ជំនួស ជា​ពិធី​ដែល​តាម​ទម្លាប់​ត្រូវធ្វើឡើង​ដោយ​សមាជិក​គ្រួសារ​៕

​បុរស​ក្នុង​ឈុត​ការពារ​មេរោគ បន់ស្រន់​នៅ​ចំពោះមុខ​ភ្នក់ភ្លើង​បូជាសព​ឪពុក​ខ្លួន​ដែល​ស្លាប់​ដោយកូវី​ដ​១៩ នៅ​កន្លែង​ដុត​សព​មួយ​នៅ​ក្រុង​ញូវដែល្លី​កាលពី​ថ្ងៃ​១១​ឧសភា​