ប្រែសម្រួលៈវាសនា/ប៉ាឡោ៖ ប្រទេសដែនកោះដ៏តូចនៅមហាសមុទ្រប៉ាស៊ីហ្វិក “ណៅរុយ”បានអបអរខ្លួនឯងថាបានសាង«កំណត់ត្រាឯតទគ្គកម្មពិភពលោក»អំពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដោយសារមនុស្សពេញវ័យនៅលើកោះនេះទាំងអស់បានចាក់វ៉ាក់សាំងដូសដំបូងរបស់គេ។
ប្រទេសដែនកោះដាច់ស្រយាលនេះ ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងពីរបីក្នុងលោក ដែលនៅមិនទាន់មានការឆ្លងវីរុសកូរ៉ូណាមួយករណីណានៅឡើយនិងឥឡូវក្លាយជាប្រទេសដំបូងគេដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យរបស់ខ្លួនទាំងអស់ ម្នាក់ៗយ៉ាងតិចមួយដូស។
អាជ្ញាធរប៉ាឡោ ដែលជាប្រទេសដែនកោះមួយទៀតនៅប៉ាស៊ីហ្វិក បាននិយាយថាខ្លួនក៏ជិតសំរេចជោគជ័យផងដែរ ដោយមនុស្សពេញវ័យ៩៧ភាគរយបានចាក់ដូសដំបូងរបស់គេ។
រដ្ឋាភិបាលប្រទេសណៅរុយ បាននិយាយថា យុទ្ធនាការ៤សប្តាហ៍របស់ខ្លួន បានសំរេចហួសការរំពឹងទុកនៅពេលមណ្ឌលចាក់វ៉ាក់សាំងបានបន្តបើកទទួលប្រជាជនហួសម៉ោងកំណត់។មនុស្ស៧.៣៩២នាក់បានទទួលវ៉ាក់សាំងដូសដំបូង ឬស្មើនឹង១០៨ភាគរយនៃប្រជាជនពេញវ័យរបស់ខ្លួន ដោយបញ្ចូលជនបរទេសក្នុងតួលេខនេះផងដែរ។
ដូសទី២ ត្រូវរំពឹងថានឹងចាក់នៅពាក់កណ្តាលខែកក្កដា។
កោះណៅរុយ បានទទួលវ៉ាក់សាំងកូវីដ១៩ AstraZeneca ជាផ្នែកនៃគំរោងចែកចាយវ៉ាក់សាំងសកលCovaxដើម្បីបង្កើនភាពស៊ាំនឹងជំងឺក្នុងចំណោមប្រជាជាតិក្រីក្រ។
នៅប៉ាឡោ ពួកមន្ត្រីនិយាយថា ពួកគេសង្ឃឹមថានឹងចាក់វ៉ាក់សាំងបាន៨០ភាគរយក្នុងចំណោមប្រជាពលរដ្ឋសរុបរបស់កោះប្រមាណ១៨.០០០នាក់ នៅយ៉ាងយូរត្រឹមចុងខែនេះ ៕
ប្រទេសដែនកោះណៅរុយ ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងពីរបីក្នុងលោក ដែលនៅមិនទាន់មានការឆ្លងវីរុសកូរ៉ូណាមួយករណីណានៅឡើយ