ដោយ: ម៉េងឆៃ / កំពង់ឆ្នាំង: ករណីអគ្គិភ័យមួយ បានកើតឡើង នៅភូមិខុនរ៉ង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ ហេតុការណ៍នោះ បានសម្លាប់ស្ត្រី មានផ្ទៃពោះបីខែម្នាក់ និងកូនប្រុស បួននាក់ទៀត អាយុចាប់ពី ៣ឆ្នាំដល់ ៩ឆ្នាំ។
ប៉ូលិសបានឲ្យដឹងថា នៅក្នុងគ្រោះអគ្គិភ័យនោះ មានតែបុរសជាប្ដីឈ្មោះ នន់ សារ៉េត អាយុ ៣៨ ឆ្នាំប៉ុណ្ណោះ ដែលបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ព្រោះបានរត់ចេញពីផ្ទះ ក្នុងពេលភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ។ ផ្ទះឆេះនោះ ទំហំ ៧ ម៉ែត្រ គុណ ១២ ម៉ែត្រ ធ្វើពីដែក ប្រក់ស័ង្កសី ហើយម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង និងទំនិញ ជាខោអាវជជុះជាង ៣ តោន ត្រូវបានឆេះខូចខាតអស់ទាំងស្រុង។
កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួនបី គ្រឿង និងប្រើប្រាស់ទឹកអស់ ១៨ ម៉ែត្រគូប ទើបអាចពន្លត់អគ្គិភ័យនេះ ឲ្យរលត់អស់។
ដំបូងសមត្ថកិច្ចនគរបាលជំនាញ បានសន្និដ្ឋានថា គ្រោះអគ្គិភ័យនេះ អាចបង្កឡើងពីការទូស្សេចរន្តអគ្គិសនី ឬផ្ទុះកំប៉ុងហ្គាស ក្នុងពេលដាំស្ល បណ្ដាលឲ្យឆាបឆេះរាលដល់គំនរខោអាវជជុះ ដែលជនរងគ្រោះបានទិញ យកមកស្តុកទុកលក់ នៅក្នុងផ្ទះ ព្រោះនៅមុនពេលអ្នកភូមិឃើញមានអណ្ដាតភ្លើងឆាបឆេះចេញមកក្រៅ គឺគេឮស្នូរសំឡេងផ្ទុះ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុការណ៍នោះ សមត្ថកិច្ចបានស្រាវជ្រាវបន្តដើម្បីរកមូលហេតុពិតនៃការបង្កឲ្យ មានករណីអគ្គិភ័យនេះ កើតឡើង។ ភ្លាមៗនោះ បុរសជាប្ដី ឈ្មោះ នន់ សារ៉េត ត្រូវបានសមត្ថកិច្ច ជួយអន្តរាគមន៍ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ដើម្បីពិនិត្យព្យាបាល។
ប៉ូលិសថា ក្រោយកើតហេតុភ្លាមៗ អារម្មណ៍របស់លោក នន់ សារ៉េត មិននឹងនរទេ ម្ដងយំ ម្ដងសើច ហើយសន្លប់ ព្រោះរន្ធត់ចិត្ត ដោយសារឃើញប្រពន្ធកូនគាត់ស្លាប់អស់។
ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី១២ ខែឧសភានេះ សំណុំរឿងអគ្គិភ័យភ្លើងឆេះផ្ទះនៅខេត្តកំពង់ឆ្នាំងនេះ ត្រូវបានបំបែក ដោយអ្នកជំនាញស៊ើបអង្កេតករណីអគ្គិភ័យនៅអូស្ត្រាលីបានសហការជាមួយអាជ្ញាធរ សមត្ថកិច្ចកម្ពុជា។ នោះគឺបុរស នន់ សារ៉េត បានដុតសម្លាប់ប្រពន្ធ និងកូនបួននាក់។ បុរសរូបនោះ ត្រូវបានចាប់ខ្លួន ហើយសមត្ថកិច្ច បញ្ជូនទៅតុលាការសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីផ្តន្ទាទោសពីបទឃាតកម្ម ទៅលើមនុស្ស ៥នាក់។
លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) ថ្លែងថាបន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែង កើតហេតុ និងសាកសពទាំង៥នាក់ យើងបានចាប់អារម្មណ៍ថា មានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើនដែលបានកើត ឡើងនៅក្នុងបរិវេណកន្លែងកើតហេតុនេះហើយសេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីវិធីភ្លើងចាប់ផ្តើមឆាបឆេះដំបូង និងព្រឹត្តការណ៍បន្ទាប់ ក៏មិនស៊ីសង្វាក់ជាមួយអ្វីៗ ដែលយើងបានឃើញ។
លោក James McCABE ថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញ នៅប្រទេសអូស្ត្រាលីដែលបានផ្តល់ជាជំនួយក្នុងការ វិភាគភស្តុតាង។ នេះគឺជាការស៊ើបអង្កេតដ៏ល្អ ដែលបានធ្វើឡើង ដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដើម្បីធ្វើអោយប្រាកដថា កុមាររងគ្រោះ និងម្តាយរបស់ពួកគេ បានទទួលនូវយុត្តិធម៌។
ជុំវិញករណីនេះ ជនដៃដល់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេបានសម្លាប់ប្រពន្ធដោយប្រើកន្ត្រៃ នៅពេលហូបបាយ មុននឹងដុតផ្ទះសម្លាប់ទាំងកូន ៤នាក់។
រូបថតៈបុរសជាប្តីក្នុងពេលកើតហេតុ
ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ ពិតជារឿងនឹកស្មានមិនដល់។ មហាជនទូទៅ បានថ្កោលទោសបុរស ជាប្តី និងជាឪពុកនោះ ថាមិនស្មើនឹងសត្វតិរច្ឆានឡើយ។
ទោះបីជាមានកំហឹងប៉ុណ្ណាក៏ដោយ ក៏គួរតែអត់អោនឲ្យគ្នា ហើយបើថា ដល់ថ្នាក់មិនអាចអត់អោន អធ្យាស្រ័យបាន ក៏ប្តី ដើរចេញទៅ។ បុរសចិត្តតិរច្ឆាននោះ បើថាមិនអាណិតប្រពន្ធទេ ក៏គួរតែអាសូរដល់កូនតូចៗ ភ្នែកខ្មៅ មិនដឹងអ្វី បែរជាត្រូវមករងគ្រោះរហូតដល់ត្រូវដុតទាំងរស់ ដោយសារតែចិត្តសាហាវឃោរឃៅគ្មានមេត្តាពីឪពុកដូច្នេះ។
ឯកសារបង្ហាញថា ក្នុងនាមជាឪពុកម្តាយ ត្រូវមានកាតព្វកិច្ចចំពោះកូនចៅ រួមមាន៖ ត្រូវចិញ្ចឹមថែរក្សាកូន និងមានព្រហ្មវិហារចំពោះកូន។ អប់រំកូនឱ្យគោរពសមាជិកគ្រួសារតាមឋានៈ ចេះគោរពព្រឹទ្ធចារ្យ។ អប់រំកូនឱ្យប្រព្រឹត្តតែអំពើសុចរិតសច្ចៈទៀងត្រង់។ត្រូវធ្វើជាគំរូល្អនិងផ្តល់ភាពកក់ក្តៅដល់កូនឱ្យមានទំនុកចិត្តលើយើង។ ស្វែងរកអនាគតឱ្យពួកគេ (ផ្តល់ចំណេះដឹង ទ្រព្យសម្បត្តិ រៀបចំគ្រួសារ) ជាដើម។
ផ្ទុយទៅវិញ បុរសខាងលើនេះ មិនបានបំពេញកាត្វកិច្ចជាឪពុក ចំពោះកូនទេ បែរក្លាយជាឃាតកឥតមេត្តា លើកូន និងប្រពន្ធ។ ច្បាប់នឹងដាក់ទោសធ្ងន់ធ្ងរ ហើយវិប្បដិសារី រួមទាំងកម្មពារក៏តាមតបស្នងសងដល់អំពើរបស់ប្តីកំណាច និងជាឪពុកចិត្តតិរច្ឆាននោះថែមទៀត៕សរន