ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ក្រសួងយុត្តិធម៌​បានស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​យកចិត្តទុកដាក់​ក្នុងការ​ស្រាវជ្រាវ​សំណុំរឿង​ទាំង ឲ្យ​បានច្បាស់លាស់​លើ​សំណុំរឿង​លោក​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV ដែល​បាន​ប្តឹង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​ការពិត​នៃ​អង្គហេតុ​ទំនាស់​និង​ផ្តល់​យុត្តិធម៌​ដល់ ភាគី​ពាក់ព័ន្ធ​។​

រូបថតៈ លោក គឹម សន្តិភាព (រូបឯកសារ)

​ការស្នើ​របស់​ក្រសួងយុត្តិធម៌​បានធ្វើ​ឡើង​បន្ទាប់ពី​រឿង​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី កំពុងតែ​ក្តៅ និង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រហូតដល់​មានការ​វែកញែក​រក​ខុសត្រូវ​ឲ្យ​ភាគី​ទាំងពីរ​ផងដែរ​។
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា នៅថ្ងៃនេះ មានការ​ចុះផ្សាយ និង​ចែករំលែក​ព័ត៌មាន​ជាច្រើន​ជុំវិញ​ករណី​ទំនាស់​រវាង​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV រហូតដល់​មានការ​ប្តឹង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ក្នុងនោះ​ភាគី​ឧកញ៉ា ហេង សៀ បាន​ប្តឹង​កញ្ញា មាន ពេជ្រ​រីតា ទាក់ទង​នឹង​ការបង្ក​របួសស្នាម និង​ការ​លួច​យក​ទូរស័ព្ទ ចំណែកឯ​កញ្ញា មាន ពេជ្រ​រីតា​បាន​ចោទប្រកាន់ ឧកញ៉ា ហេង សៀ ថា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​រូបនាង​។

​លោក​បាន​បញ្ជាក់ថា ក្រសួងយុត្តិធម៌​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ព័ត៌មាន​នេះ​និង​បាន​ស្នើសុំ ឲ្យ​ស្ថាប័ន​តុលាការ យកចិត្តទុកដាក់​ក្នុងការ​ស្រាវជ្រាវ​សំណុំរឿង​ទាំងពីរ​នេះ ឲ្យ​បានច្បាស់លាស់​ដើម្បី​ស្វែងរក ការពិត​នៃ​អង្គហេតុ​ទំនាស់​និង​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ​។​ក្រសួងយុត្តិធម៌​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា រហូតមកដល់​ម៉ោង​នេះ សាធារណជន​ទទួល​បានតែ​ព័ត៌មាន​មួយចំនួន និង​ភស្តុតាង​ខ្លះ​នៃ​អង្គហេតុ ដែល​ត្រូវបាន​ផ្សព្វផ្សាយ និង​ចែករំលែក​តាម​បណ្តាញសារព័ត៌មាន ក៏ដូចជា​បណ្តាញ​សង្គម​នានា​។ ដូចនេះ ដើម្បី​កំណត់​ភាគី​ណា​ខុស​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ គឺ​ត្រូវការ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​រក​ឲ្យ​ឃើញ​ដំណើររឿង​ពិត និង​អង្គហេតុ​ពិតប្រាកដ​ក្នុង​សំណុំរឿង​ទាំងពីរ​នេះ​។

រូបថតៈវីដេអូទាក់ទងនឹងករណីលោកឧកញ៉ា ហេង សៀ

​លោក​គឹម សន្តិភាព បាន​បាន​បញ្ជាក់ទៀតថា ក្រសួងយុត្តិធម៌​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ករណីនេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា​ចំណាត់ការ​តាមផ្លូវ​ច្បាប់​នឹងត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​សំណុំ​រឿងនេះ​និង​សូម​អំពាវនាវ​បងប្អូន​សាធារណៈជន​មេត្តា​រក្សា​ភាពស្ងប់ស្ងាត់​និង​ទុក​សមត្ថកិច្ច​នេះ​ជូនទៅ​ស្ថាប័ន​តុលាការ​ដំណើរការ​ចំណាត់ការ​តាម​នីតិវិធី​របស់ខ្លួន​។​

​ចំណែក​លោកស្រី អ៉ឹ​ង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា ក្រសួង​កិច្ចការនារី​កំពុងធ្វើការ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ យ៉ាង​យកចិត្តទុកដាក់​ករណី​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ស្ថានីយទូរទស្សន៍ MYTV ប្ដឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​រីឯ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដឹកនាំ​ដោយ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​ក្រុម មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​តុលាការ ដើម្បី​អនុញ្ញាត​ឲ្យ​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន បាន​ស្ថិត​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន ក្រោយពី​ស្នើសុំ​ឲ្យ​តុលា​ការយក​កញ្ញា ពេជ្រ​រីតា ពី​ពន្ធនាគារ​មក​សាកសួរ​ម្តងទៀត នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​។​
​លោក​គី​តិច​បាន​បញ្ជាក់ថា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចំនួន​ពីររូប​ជា​ស្ត្រី​ត្រូវបាន​ឲ្យ​ចូល​ការពារ​ក្តី​លើ​សំណុំរឿង​ខាងលើ​នេះហើយ​។​

រូបថតៈកញ្ញា មាន ពេជ្ររីតា(រូបថតឯកសារ)

​ពិធី​ការិនី​ទូរទស្សន៍ My TV បានដាក់​ពាក្យបណ្តឹង​ប្តឹង​បក​លោក​ឧកញ៉ា ហេង សៀ​ពីបទ​ប៉ុនប៉ង​រំលោភ​រូបនាង​នៅ ក្នុង​រថយន្ត​នៅ​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ ៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។​
​ការប្តឹង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​នគរ​បាន​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន និង​បញ្ជូន​កញ្ញា មាន ពេជ្រ​រីតា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​បណ្តឹង​របស់លោក​ឧកញ៉ា ហេង សៀ ដោយ​ចោទប្រកាន់ថា កញ្ញា មាន ពេជ្រ​រីតា លួច​ទូរស័ព្ទ និង​ចាក់​លើ​លោក​ឧកញ៉ា ហេង សៀ​នៅក្នុង​ឡាន​បណ្តាល ឲ្យ​រងរបួស​ធ្ងន់​។​

​ចំពោះ​ករណីនេះ កំពុងតែ​កក្រើក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស​ពិសេស​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​រង់ចាំ​មើល​ថា តើ​លោក​ឧកញ៉ា ហេង សៀ ប៉ុនប៉ង​រំលោភ​កញ្ញា មាន ពេជ្រ​រីតា នៅក្នុង​រថយន្ត​មែនឬ​យ៉ាងណា​? ហើយ​តើក​ញ្ញា មាន ពេជ្រ​រីតា ពិតជា​លួច​ទូរស័ព្ទ និង​ចាក់​លើ​លោក​ឧកញ៉ា ហេង​សៀ​នៅក្នុង​ឡាន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​មែនឬ​មិនមែន​?​។​រឿង​រ៉ាង​របស់​អ្នក​ទាំងពីរ​នេះ​គឺ​នឹង​លាតត្រដាង​នៅពេលដែល សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រក​ការពិត និង​តុលាការ​ធ្វើការ​សម្រេច​ដោ​យ​យុត្តិធម៌​៕srn​