ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅមុននេះបន្តិចថាៈ ចំពោះសំណុំរឿងលោក ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនី ទូរទស្សន៍ My TV ដែលបានប្តឹងចោទប្រកាន់គ្នា ទៅវិញទៅមក គឺត្រូវស្រាវជ្រាវឡើងវិញ ក្រោមការដឹកនាំ របស់ព្រះរាជអាជ្ញា។
ចំណែកលោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ ករណីកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយទូរទស្សន៍ MYTV ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ង រំលោភសេពសន្ថវៈ។
រីឯក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវី រាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាត ឲ្យ កញ្ញា មាន ពេជ្ររីតា ពិធីការិនី ទូរទស្សន៍ My TV ដែលត្រូវបានតុលាការ ឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការ យកកញ្ញា ពេជ្ររីតា ពីពន្ធនាគារ មកសាកសួរម្តងទៀត នៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។
លោក គី តិច បានបញ្ជាក់ថាៈ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួនពីររូបជាស្ត្រី ត្រូវបានឲ្យចូលការពារក្តី លើសំណុំរឿង ខាងលើនេះហើយ។
ពិធីការិនីទូរទស្សន៍ My TV បានដាក់ពាក្យបណ្តឹង ប្តឹងបកលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភ រូបនាង នៅក្នុងរថយន្ត នៅម្តុំផ្សារគីឡូម៉ែត្រលេខ ៤ ជិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ការប្តឹងនេះ បានធ្វើឡើង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីនគរបានខណ្ឌទួលគោក បានឃាត់ខ្លួន និងបញ្ជូនកញ្ញា មាន ពេជ្ររីតា ទៅសាលាដំបូង រាជធានីភ្នំពេញ តាមបណ្តឹងរបស់លោក ឧកញ៉ា ហេង សៀ ដោយចោទប្រកាន់ថា កញ្ញា មាន ពេជ្ររីតា លួចទូរស័ព្ទ និងចាក់លើលោកឧកញ៉ា ហេង សៀ នៅក្នុងឡាន បណ្តាលឲ្យរងរបួសធ្ងន់។
រីឯលោកគឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានថ្លែងថាៈ នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែក ព័ត៌មានជាច្រើន ជុំវិញករណីទំនាស់ រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនី ទូរទស្សន៍ My TV រហូតដល់មានការប្តឹង ចោទប្រកាន់គ្នា ទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ។ ចំណែកឯ កញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភ សេពសន្ថវៈ លើរូបនាង។
លោកបានបញ្ជាក់ថាៈ ក្រសួងយុត្តិធម៌ បានតាមដាន ដោយយកចិត្តទុកដាក់ ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យ ស្ថាប័នតុលាការ យកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ សំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិត នៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ ដល់ភាគីពាក់ព័ន្ធ។
ក្រសួងយុត្តិធម៌ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា រហូតមកដល់ម៉ោងនេះ សាធារណជន ទទួលបានតែព័ត៌មាន មួយចំនួន និងភស្តុតាងខ្លះ នៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែក តាមបណ្តាញសារព័ត៌មាន ក៏ដូចជា បណ្តាញសង្គមនានា។ ដូចនេះ ដើម្បីកំណត់ភាគីណាខុស ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញ ដំណើររឿងពិត និងអង្គហេតុ ពិតប្រាកដ ក្នុងសំណុំរឿង ទាំងពីរនេះ។
លោកគឹម សន្តិភាព បានបានបញ្ជាក់ទៀតថា ក្រសួងយុត្តិធម៌ នឹងបន្តតាមដាន ដោយយកចិត្តទុកដាក់ ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការ តាមផ្លូវច្បាប់ នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវ បងប្អូនសាធារណៈជន មេត្តារក្សាភាព ស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះ ជូនទៅស្ថាប័នតុលាការ ដំណើរការ ចំណាត់ការ តាមនីតិវិធី របស់ខ្លួន។
យោងតាមពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា ដាក់ទៅព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ង រំលោភសេពន្ថវៈ មកលើរូបរាងកាយនាង ដែលប្រព្រឹត្តនៅក្នុងរថយន្ត ម្តុំផ្សារគីឡូម៉ែត្រលេខ ៤ ជិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។
នៅក្នុងពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា បានរៀបរាប់ថា “នាងខ្ញុំឈ្មោះ មាន ពេជ្រវីតា ជានិស្សិតឆ្នាំទី២ ផ្នែក ជំនួញពាណិជ្ជកម្ម ហើយសព្វថ្ងៃ នាងខ្ញុំ រៀនផងធ្វើការផង និងធ្វើជាពិធីកាវិនី បម្រើការ នៅស្ថានីយ៍ទូរទស្សន៍ “MyTV” ផង។ មួយរយៈកន្លងមក ដោយមិនចាំថ្ងៃ ពេលវេលា ច្បាស់លាល់ នាងខ្ញុំ បានទៅចូលរួមកម្មវិធី សម្ពោធហាងកូនស្រី របស់ឧកញ៉ ហេង សៀ ហើយពេល នោះ គាត់ក៏បានឃើញ និងស្គាល់នាងខ្ញុំ ហើយក៏បានធ្វើការ ទំនាក់ទំនង តាមរយៈប្រព័ន្ធទំនាក់ទំនង សង្គម Telegram មកនាងខ្ញុំ។ នៅពេលដែលគាត់ទាក់ទងមកនាងខ្ញុំ នាងខ្ញុំពុំដឹងថា គាត់ជានរណាគេទេ គ្រាន់តែថា ធ្លាប់ឃើញ នៅពេលសម្ពោធហាងនានា រួចគាត់ក៏បានប្រាប់ថា ចង់យកនាងខ្ញុំ ធ្វើជាពិធីការិនី នៅពេលចប់កូវីដ ហើយចាំទាក់ទងមកទៀត។ តែអំឡុងពេលនោះ គាត់បានលួងលោម ឲ្យនាងខ្ញុំ ប្រើលេខ ដែលគាត់ទិញឲ្យវិញ ដើម្បីងាយស្រួល ក្នុងការទំនាក់ទំនង។ នាងខ្ញុំក៏បានប្រកែកមិនប្រើ តែគាត់និយាយថា គាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូនចៅគាត់ អាចរកលេខឲ្យបាន ហើយគាត់ក៏បានទិញចំនួន ៣លេខ ហើយនាងខ្ញុំ ក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មានការសង្ស័យច្រើន ទៅលើគាត់ដែរ ព្រោះគាត់មានវ័យចំណាស់ គួរអោយគោរព ហើយដែល អាចផ្តល់ឱកាសការងារ ដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ។ ពេលនោះ គាត់ក៏បានប្ដូរលេខទូរសព្ទ័ថ្មី ០១២ ៧៩២ ០០១ មកឲ្យនាងខ្ញុំ និងបានផ្ញើលុយចំនួន ប្រាំ (៥) ដង គឺលើកទី១ ចំនួន ១៦៨ដុល្លារ, លើកទី២ ចំនួន ១១១ដុល្លារ, លើកទី៣ ចំនួន ១៦៨ដុល្លារ, លើកទី៤ ចំនួន ៣៥០ដុល្លារ, និងលើកទី៥ ចំនួន ៥០ដុល្លារ តាមរយៈគណនី ABA ០០០៥៧១១២១ របស់នាងខ្ញុំ ហើយគាត់ក៏បានផ្ញើសារថា : សំណាងណាស់ បានស្គាល់នាងខ្ញុំ តែនាងខ្ញុំ បានបដិសេធថា ខ្ញុំមិនយកទេ កុំផ្ញើមកខ្ញុំអី ! ព្រោះខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែឧកញ៉ារូបនោះ នៅតែផ្ញើលុយ ជាបន្តបន្ទាប់ទៀត។
ក្រោយមកទៀត គាត់ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារ ទើបនាងខ្ញុំ ព្រមជួបគាត់ ។ គាត់ក៏នៅតែបន្តរំខាន រហូតដល់មានការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញ ដោយខ្លួនឯង ធ្វើឲ្យនាងខ្ញុំ មានចម្ងល់ តែក៏មិនគិតថា គាត់មានបំណងអាក្រក់ មកលើរូបនាងខ្ញុំឡើយ។ រហូតដល់ថ្ងៃកើតហេតុ ខ្ញុំចាំមិនច្បាស់ទេ ប្រហែលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង ១៤:០០ ទៅ ១៥:០០ នាទីរសៀល គាត់បានទូរស័ព្ទ មកឲ្យនាងខ្ញុំប្រាប់ថា ចង់ជួបនាងខ្ញុំ ហើយចង់ឲ្យអីវ៉ាន់ មកនាងខ្ញុំ មានដូចជា អង្ករ ទឹកត្រី មួយចំនួន ដើម្បីចែកអំណោយ ទៅប្រជាពលរដ្ឋ ដែលទទួល រងគ្រោះ ដោយសារកូវី គាត់បានឲ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ ៤ ជិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប រួចក៏បង្ខំឲ្យចូលក្នុងឡាន គាត់ថាឲ្យចូលឡានសិនមក ដោយមានរឿង ការងារត្រូវនិយាយគ្នា ក៏ដូចជា ចែកម្ហូបអាហារ សម្រាប់ចែកអ្នកកូវីដ ហើយចាំបាច់ ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំ ចូលក្នុងនឹក ឃើញថា ពេលយកម្ហូបអាហារ សម្រាប់ចែកអ្នកកូវីដ ពីគាត់ហើយ ចេញទៅវិញ ពេលនៅក្នុងឡាន គាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់ មកលូកស្ទាបអង្អែលភ្លៅ និងប្រដាប់ភេទ របស់នាងខ្ញុំ ជាញឹកញាប់។ គាត់បាននិយាយថា គាត់ខានរួមភេទយូរហើយ ព្រោះប្រពន្ធ មិនឲ្យគាត់រួមភេទសោះ ចាប់តាំងពីចាក់វ៉ាសាំង ការពារកូវីដមក គាត់មានអារម្មណ៍ ចង់រួមភេទ ខ្លាំងណាស់ ហើយចង់យកនាងខ្ញុំ ទៅផ្ទះសំណាក់។ ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សូមកុំធ្វើចឹង ប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំ ទៅផ្ទះវិញទៅ ហើយគាត់បានប្រាប់ថា គាត់មាន កាំភ្លើង។ ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំង ស្ទើរតែបាត់បង់ស្មារតី និងស្លន់ស្លោរ ខ្លាំងណាស់ ដោយមិនអាចចេញពីក្នុងឡានបាន នាងខ្ញុំក៏បានរត់មកខាងក្រោយ កៅអីឡានផ្នែក ខាងក្រោយ ហើយគាត់ ក៏បានឈប់ឡាន យកដៃរបស់គាត់ មកចាប់សង្គ្រប់លើរូបនាងខ្ញុំ។ ពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ក៏ខិតខំរើបំរាស់ និងច្រានដៃគាត់ ចេញ ហើយពេលនោះ ដៃនាងខ្ញុំ មិនមានកាន់របស់អ្វីទេ គឺដៃទទេរសុទ្ធ ហើយនាងខ្ញុំ បានបើកទ្វារឡានរត់ ចេញពីគាត់ រត់ក៏ត្រឡប់ទៅផ្ទះវិញ ទាំងការភិតភ័យបំផុត។ ប្រសិននាងខ្ញុំ មិនអាចបើកទ្វារឡានចេញបានទេ គាត់នឹងធ្វើការ រំលោភសេពសន្ថវៈនៅក្នុងឡាន ឬដឹកនាងខ្ញុំ យកទៅផ្ទះសំណាក់តែម្តង ពីព្រោះនាងខ្ញុំ បានភ័យតត់ស្លុត ខ្លាចអាចគាត់សម្លាប់ ដោយប្រើប្រាស់កាំភ្លើង មិនហ៊ានតដៃ ឬរើបម្រាស់ នោះឡើយ។ ហើយ នាងខ្ញុំមិនហ៊ានប្រាប់ម្តាយ ឲ្យដឹងរឿងនេះទេ ព្រោះមិនចង់ឲ្យគាត់ពិបាកចិត្ត។
ស្រាប់តែនៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២១ ប៉ូលិសអធិការដ្ឋាន ខណ្ឌទួលគោក បានទៅជួប នាងខ្ញុំនៅផ្ទះ ហើយក៏បាននាំនាងខ្ញុំ មក ដោយមិនដឹងមូលហេតុ រហូតដល់ឃុំខ្លួននាងខ្ញុំ រយៈពេល ២ ថ្ងៃ ទើបបញ្ចូនមកសាកសួរ នៅសាលា ដំបូងរាជធានីភ្នំពេញ ហើយនាងខ្ញុំ ត្រូវបានចោទពីបទ លួចមានស្ថានទម្ងន់ទោស ដោយនាងខ្ញុំ មិនបានលូចអ្វី របស់អ្នកណាឡើយ។
អាស្រ័យដូចបានជម្រាជូន ខាងលើ សូមឯកឧត្ដមព្រះរាជអាជ្ញា ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មេត្តាជួយរកយុត្តិធម៌ ឲ្យរូបនាងខ្ញុំផង នាងខ្ញុំទទួលរងភាព អយុត្តិធម៌ ខ្លាំងណាស់ ការចោទថានាងខ្ញុំបានលួចទូរស័ព្ទ និងបានបង្កឲ្យមានរបួស ដល់គាត់ គឺមិនពិតទេ អ្វីដែលនាងខ្ញុំធ្វើ គឺនាងខ្ញុំ បានរុញដៃរបស់គាត់ មិនឲ្យបំពាន មកលើរូបរាងកាយនាងខ្ញុំ ដែលជាស្ត្រីទន់ខ្សោយ ដើម្បីការពារសុវត្ថិភាពនាងខ្ញុំ ព្រោះគាត់មានកាំភ្លើង ខ្ញុំគ្រាន់តែចង់រំដោះខ្លួន ទៅផ្ទះតែប៉ុណ្ណោះ។ ហើយគាត់ ក៏បានបំផ្លើសការពិត ទៅដល់សមត្ថកិច្ច ហើយគាត់បានធ្វើអំពើ អសីលធម៌ ជាមួយនាងខ្ញុំជាច្រើនដង ដោយប្តូរនឹងប្រាក់ ហើយបានបង្កាច់បង្អួចកិត្តិយស របស់នាងខ្ញុំ នៅចំពោះមុខសមត្ថកិច្ច បន្ថែមពីលើការប៉ុនប៉ុង រំលោភមកលើនាងខ្ញុំ មិនបានសម្រេចថែមទៀត។
នាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ ឯកឧត្តមព្រះរាជអាជ្ញា នៅត្រង់នេះថា នាងខ្ញុំជាស្ត្រីទន់ខ្សោយ មូលហេតុអ្វី ដែលនាងខ្ញុំ ហ៊ានលួចយកទូរស័ព្ទ និងបង្ករបួសស្នាម ដល់ឧកញ៉ាម្នាក់ នៅកណ្តាលទី ក្រុង។ នាងខ្ញុំជានិស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ ទូរស័ព្ទមួយគ្រឿង តម្លៃមួយជាង ពាន់ដុល្លានេះទេ។ ក្នុងនាមគាត់ ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិត ស្មោគគ្រោកល្មោភតណ្ហា ហើយមួលបង្កាច់ ចោទប្រកាន់នាងខ្ញុំ ដែលជាជនរងគ្រោះទៅវិញ។ ដូចនេះ នាងខ្ញុំសូមធ្វើបណ្តឹងតប ដោយធ្វើការទាមទារ ដូចខាងក្រោម៖
១.ប្ដឹងឧកញ៉ា ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់
២.ទាមទារសំណង់ជម្ងឺចិត្ត ចំនួនទឹកប្រាក់ ១០,០០០០ដុល្លារ ( ដប់ម៉ឺនដុល្លារអាមេរិក)
៣.ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)។
នាងខ្ញុំសង្ឈឹមជឿជាក់ថា ឯកឧត្តមព្រះរាជអាជ្ញា ដែលធ្លាប់តែផ្តល់យុត្តធម៌ និងសច្ចៈធ៌មដល់ ប្រជាពលរដ្ឋក្នុងក្នុងរាជធានីភ្នំពេញ ប្រកបដោយសុភវិនិច្ឆ័យ ប្រកបដោយយុត្តិធម៌ សច្ចធម៌ និងគុណធម៌ នៅក្នុងរឿងនេះ ហើយនាងខ្ញុំក៏សង្ឃឹមជឿជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្រោមម្លប់ របស់ សម្តេចតេជោហ៊ុន សែន សម្តេចនឹងផ្តល់ជូនយុត្តិធម៌ និងសច្ចធម៌ មកដល់ជនរងគ្រោះ ដែល ជានារីទន់ខ្សោយ ក៏ដូចជាប្រជាពលរដ្ឋដែលជាកូនចៅរបស់សម្ដេចដែរ”។
ចំណែលោកឧកញ៉ា ហេង សៀ មិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយបានទេ ចំពោះការចោទ ប្រកាន់ របស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ពីបទប៉ុនប៉ងរំលោភរូបនាង នៅក្នុងរថយន្ត៕/V