​ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ សូម​ប្រកាស ជូន​សាធារណជន​ថា មិនមាន​ការហាមឃាត់ ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ឬ​ចេញ​-​ចូល ទៅតាម​បណ្ដា​ខេត្ត​នោះទេ ហើយ​សារ​សំឡេង របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​កំពុង​ចែកចាយ តាម​បណ្ដាញ​សង្គម​នោះ គឺជា​សំឡេង​ចាស់ តាំងពី​ឆ្នាំ​២០២០(​ឆ្នាំមុន​) មកម៉្លេះ​។​

​ជាមួយគ្នា​នោះ លោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ បានស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ស្រាវជ្រាវ និង​ចាត់វិធានការ តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​អគតិ​មួយចំនួន ដែលមាន​ចេតនា ញុះញង់ បង្កចលាចល យក​សំឡេង​របស់​សម្ដេច តាំងពី​ឆ្នាំមុន មក​ចែកចាយ​ឡើងវិញ នាំ​ឲ្យ​មានការ​យល់ច្រឡំ ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ រាជធានី​ភ្នំពេញ​។​

​លោក កើត ឆែ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថាៈ «​សារ​សំឡេង​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​ចែកចាយ តាម​បណ្ដាញ​សង្គម​នេះ គឺជា​សំឡេង​ចាស់ តាំងពី​ឆ្នាំ​២០២០ មកម្ល៉េះ ហើយ​ពេលនេះ មិនមាន​ការហាមឃាត់ ការធ្វើដំណើរ​របស់ ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ នោះទេ សេចក្តីសម្រេច​លេខ ១០៤ របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នៅមាន​សុពលភាព​។ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ស្រាវជ្រាវ អ្នក​ប្រឌិត​ព័ត៌មាន​នេះ ដើម្បី​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​»​។​

​លោក កើត ឆែ បាន​គូសបញ្ជាក់ថា​៖ បច្ចុប្បន្ន តាមរយៈ​សេចក្ដីសម្រេច​ថ្មី ដែល​បានចេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្រួម​តំបន់​ក្រហម និង​តំបន់​លឿងទុំ កាន់តែ​តូច​ជាង​មុន ហើយ​ពង្រីក​តំបន់​លឿង កាន់តែច្រើន នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ មានការ​ថយចុះ ជា​បន្ដបន្ទាប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច ដាក់ចេញ​វិធានការ រដ្ឋបាល​បន្ត សម្រាប់​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ដោយ​បែងចែក ជា «​តំបន់​ក្រហម​», «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» សម្រាប់​រយៈពេល ១ សប្តាហ៍​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ដោយ​បង្រួម​តំបន់​ក្រហម កាន់តែ​តូច​ជាង​មុន​៕/V​