​ដោយ​៖ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ ស្ត្រី​ម្នាក់​ឈ្មោះ សូ វាសនា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្លែង​ព័រ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន បាន​ឈឺពោះ​សម្រាលកូន ត្រូវ​ក្រុមគ្រូពេទ្យ​ដឹកយក ទៅ​សម្រាល​ដោយ​សុវត្ថិភាព នៅ​មន្ទីរពេទ្យបង្អែក ១៦​មករា នៅ​ល្ងាច ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​។​

​លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ស្ត្រី​ដែល​ឈឺពោះ ឆ្លងទន្លេ​នេះ គឺ​គាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់គាត់ ទើបតែ​បាន ៩ ថ្ងៃ​ប៉ុណ្ណោះ​។ បន្ទាប់ពី​គាត់ បានធ្វើ​ដំណើរ​មកពី តំបន់​ប្រឈម ត្រូវបាន​ក្រុមការងារ មន្ទីរ​សុខាភិបាល​ខេត្ត វាយតម្លៃ​ឃើញថា គាត់​ស្ថិតនៅក្នុង​ហានិភ័យ ដែលមាន​កម្រិត​ទាប ទើប​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល បាន​ថ្លែងថា បន្ទាប់ពី​ក្រុមការងារ រាយការណ៍​មក​ថា ស្ត្រី​ដែល​កំពុង​ធ្វើ ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឈឺពោះ​ឆ្លងទន្លេ​នោះ រូបលោក​ក៏បាន​ណែនាំ ដល់​ក្រុមការងារ ឲ្យ​យក​រថយន្ត របស់​មន្ទីរពេទ្យ ទៅ​ទទួល​គាត់ យកមក​សម្រាល នៅ​មន្ទីរពេទ្យបង្អែក ១៦​មករា​។ ដោយ​មុននឹង សម្រាល គឺ​យើង​បានធ្វើ Rapid Test ភ្លាមៗ លទ្ធផល គឺ​អវិជ្ជមាន ហើយក៏​បញ្ជូន​គាត់ ចូលក្នុង​បន្ទប់​សម្រាល ក្រោម​ការខិតខំ របស់​ក្រុមគ្រូពេទ្យ ស្ត្រី​រូបនោះ បាន​សម្រាល​ដោយ​ជោគជ័យ ទទួលបាន​កូនស្រី​ម្នាក់ គួរអោយ​ស្រឡាញ់​។​

​លោក​វេជ្ជបណ្ឌិត គួ​ង ឡូ បានឱ្យដឹង​ទៀតថា ក្រោយ​សម្រាល​រួច ស្ត្រី​រូបនេះ ត្រូវបាន​ដាក់​នៅ ដាច់ដោយឡែក ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅក្នុង​មន្ទីរពេទ្យ គម្រប់ ១៤ ថ្ងៃ បើ​គិតពី​ថ្ងៃ​សម្រាល គឺ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក តែ ៥​ថ្ងៃ​ទៀត គឺអាច​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ​។​

​លោក​ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ រស់នៅ​ខេត្តព្រះវិហារ​ទាំងអស់ សូម​បន្ត​ការពារ​ខ្លួន ក្រុមគ្រួសារ សហគមន៍ ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្ត​ឱ្យបាន​ទៀងទាត់ តាម​វិធានការ​របស់ ក្រសួងសុខាភិបាល និង​អនុសាសន៍​ណែនាំ របស់​រាជរដ្ឋាភិបាល «៣​កុំ និង​៣​ការពារ​»៕/V​