Home ព័ត៌មានជាតិ សន្តិសុខ នគរបាល ខេត្តប...

នគរបាល ខេត្តបន្ទាយមានជ័យ បញ្ជូន​ខ្លួន​ជនសង្ស័យ ៥​នាក់ ទៅ​សាលាដំបូង​ខេត្ត ពីបទ​នាំ​ផ្លូវ ដឹកជញ្ជូន​ពលករ ឆ្លងដែន​ខុសច្បាប់​

ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ៥ នាក់ ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ពីបទ​នាំ​ផ្លូវ ដឹកជញ្ជូន​ពលករ ឆ្លងដែន​ខុសច្បាប់ ។​

​ក្នុងចំណោម ជនសង្ស័យ​ទាំងនោះ ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ពីបទ ដឹកជញ្ជូន និង​នាំ​ជនជាតិ​ថៃ ចំនួន​៥​នាក់ / ស្រី​១​នាក់ ឆ្លង​ពី​ថៃ គេច​សមត្ថកិច្ច​ខ្មែរ នៅតាម​បន្ទាត់​ព្រំដែន ទៅ​ប៉ោយប៉ែត ដើម្បី​បញ្ចៀស​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ចំណែក ៣ នាក់​ទៀត ពា​កើ​ព័ន្ធ​ពីបទ​ដឹកជញ្ជូន​ពលករ​ខ្មែរ ចំនួន​៦​នាក់ /​ស្រី​២​នាក់ ដោយ​ម៉ូតូ​ចំនួន ៣ គ្រឿង ទៅ​ថៃ ដោយ​ខុសច្បាប់​។​

​លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការនគរបាល ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ ២ នាក់​នោះ ១-​ឈ្មោះ ថូ​វ ឈឿង ហៅ តា​ឃ្វាលគោ ភេទ​ប្រុស អាយុ ៦២ ឆ្នាំ ពាក់ព័ន្ធ​នាំ​ជនជាតិ​ថៃ ចំនួន​៥ នាក់ ស្រី​១ មក​ខ្មែរ​។ ២-​ឈ្មោះ សោភ័ណ សតវត្ស ភេទ​ប្រុស អាយុ ២១ ឆ្នាំ បើកបរ​រថយន្ត ១ គ្រឿង ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A.0130 បានទទួល​ដឹក​ជនជាតិ​ថៃ ចំនួន ៥​នាក់ / ស្រី​១​នាក់ ពី​ឈ្មោះ ថូ​វ ឈឿង ទៅ​ប៉ោយប៉ែត ដោយ​ក្នុង ១ នាក់ តម្លៃ ១.០០០​បាត​។​

​ទាំង​ជនជាតិ​ថៃ ៥ នាក់ និង​អ្នក​នាំ​ផ្លូវ រួមទាំង​អ្នក​ដឹកជញ្ជូន ត្រូវបាន​កម្លាំង​សមត្ថកិច្ច នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ​៩១១ ប្រចាំការ​គោលដៅ​សិលា​ខ្មែរ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ឃាត់ខ្លួន តាំងពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ កន្លងមក​។​

​ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​ថៃ ចំនួន ៥​នាក់ / ស្រី​១​នាក់ បានប្រគល់​ឲ្យ​សមត្ថកិច្ច​ថៃ​វិញ ដោយ​ជនសង្ស័យ ទាំង ២ នាក់ ឈ្មោះ ថូ​វ ឈឿង និង​ឈ្មោះ សោភ័ណ សតវត្ស ត្រូវបាន​បញ្ជូន ទៅធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ ។​

​ក្រោយពី​បញ្ចប់​ធ្វើ​ច​ត្តា​ឡី​ស័ក ពុំមាន​មេរោគ​កូ​វីដ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ជន​ទាំង ២ នាក់ ត្រូវ​បញ្ជូនទៅ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាត់ចែង​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​។​

​ដោយឡែក នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១១​និង​១៧​នាទី​ព្រឹក កម្លាំង​នគរបាល ស្រុក​ស្វាយចេក ឈរជើង​នៅមុខ​ខ្លោងទ្វារ ចូល​វត្ត​តេ​ជោ​ភ្នំ​ឆ័​ត្រ បាន​សហការ​ជាមួយ កម្លាំងយោធា ព្រំដែន​គោក ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣ នាក់ ម៉ូតូ​ចំនួន ៣ គ្រឿង បាន​ដឹកជញ្ជូន​ពលករ​ខ្មែរ ចំនួន ៦ នាក់ ស្រី​២​នាក់ ដើម្បី​ឆ្លងដែន ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ទាំង ៣ នាក់ មាន​៖ ១.​ឈ្មោះ រ៉​ន ហ៊ីង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ២- ឈ្មោះ សុខ អេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ , ៣-​ឈ្មោះ មាស ង៉ែត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​បាន​ដកហូត ម៉ូតូ​ចំនួន ៣ គ្រឿង ដែល​ដឹកជញ្ជូន​ពលករ​ផងដែរ​។​

​ជនសង្ស័យ​ទាំង ៣ នាក់ បាន​និយាយថា​៖ ពួកគេ​ធ្លាប់​ដឹក​ពលករ​ខ្មែរ ចំនួន ៧ លើក​រួចមកហើយ ។​
​មាន​ពលករ សរុប​ចំនួន ១៤ នាក់ ស្រី ៣ នាក់ ពី​ភូមិសាស្ត្រ​ភូមិ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ មក​ចំណុច ឃាត់ខ្លួន ក្នុង​ចំការ​ស្វាយចន្ទី ក្នុងភូមិ​សាស្ត្រ ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​នេះ ដោយ​យក​តម្លៃ ១ នាក់ ចំនួន ៥០.០០០ រៀល ។​

​ក្នុងនោះ រួមមាន ១-​ឈ្មោះ រ៉​ន ហ៊ីង បាន​សារភាពថា​៖ គេ​ធ្លាប់​ដឹក​ពលករ​ខ្មែរ​ទៅ​ថៃ ចំនួន ២ លើក រួចមកហើយ សរុប ៤​នាក់​, ២-​ឈ្មោះ សុខ អេង បាន​សារភាពថា​៖ គេ​ធ្លាប់​ដឹក​ពលករ​ខ្មែរ​ទៅ​ថៃ ចំនួន ២ លើក រួចមកហើយ​ដែរ សរុប ៤ នាក់ ស្រី​២​នាក់​, និង​៣-​ឈ្មោះ មាស ង៉ែត បាន​សារភាពថា​៖ គេ​ធ្លាប់​ដឹក​ពលករ​ខ្មែរ​ទៅ​ថៃ ចំនួន ៣ លើក​រួចមកហើយ សរុប ៦​នាក់ ស្រី​១​នាក់ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular