ដោយៈមុនីរ័ត្ន/ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។
សេចក្តីប្រកាសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត គណបក្សនយោបាយ ចំនួន ៤ នឹងចូលរួមប្រកួតប្រជែងរួមមាន ៖
១.គណបក្សប្រជាជនកម្ពុជា
២. គណបក្សសញ្ជាតិកម្ពុជា
៣. គណបក្សយុវជនកម្ពុជា
៤. គណបក្សហ្វ៊ុនស៊ិនប៉ិច
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា បន្ទាប់ពីសម្រេចទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណៈ កម្មការរៀបចំការបោះឆ្នោតខេត្តនឹងរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដើម្បីរៀបចំការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
គណបក្សនយោបាយចំនួន៤ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
គណបក្សដែលចុះឈ្មោះ មានដូចជា ៖
១. គណបក្ស ប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។
២. គណបក្ស សញ្ជាតិកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។
៣. គណបក្ស គណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។
៤. គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។
សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ៕សរន