ពលរដ្ឋ​ជាង​១០០​គ្រួសារ នៅ​ភូមិ​បឹង​កា​ឆាង កំពុង​ខ្វះ​បណ្តេញ​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​

1832
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​កា​ឆាង ជាង​១០០​គ្រួសារ​ដែល​រស់​នៅតាម​ព្រែក​មាត់សមុទ្រ ខេត្តកោះកុង មិនទាន់មាន​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ភូមិឋាន​ឆ្ងាយ​ដាច់​ស្រ​យោល​នៅ​កម្ពុជា​មួយចំនួន​មាន​ភ្លើងអគ្គិសនី និង​ទឹកស្អាត​ប្រើប្រាស់​ស្ទើរតែ​១០០​ភាគរយ​ហើយក៏​ដោយ​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី អាជ្ញាធរ​ឃុំ​ប៉ាក់​ខ្លង​វិញ អះអាងថា ពួកគាត់​ពុំបាន​ប្រ​ងើយ​កន្តើយ​នឹង​សេចក្តី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទេ ដោយ​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​យ៉ាងខ្លាំង​។​

​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​បឹង​កា​ឆាង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា អ្នក​មីង ជូរ សារឹម និង​លោក ម៉ាប់ រស្មី បានលើកឡើង​កាល​ថ្ងៃទី​៦ ឧសភា ថ្មីៗ​នេះ​ថា សព្វថ្ងៃ ពួកគាត់​ប្រើប្រាស់​ភ្លើង​អាគុយ​បញ្ចូល​ពី​ផ្ទាំង​សូ​ឡា​ពន្លឺព្រះអាទិត្យ ដែលជា​ជំនួយ​អាជ្ញាធរ​សហគមន៍ ដោយ​តម្រូវ​ឲ្យ​បង់​សេវា​ផ្គត់ផ្គង់​ភ្លើង​អាគុយ​គ្រឿង​ថ្លៃ​ចាប់ពី​១០០០​រៀល​ទៅ​១៥០០​រៀល និង​ទិញ​ទឹកស្អាត​ប្រើ​ដឹក​តាម​ទូក​។​

​អ្នក​មីង ជូរ សារឹម និង​លោក ម៉ាប់ រស្មី បន្ថែមថា ការរស់នៅ​ទាំង​មិនទាន់​បណ្តាញ​ប្រព័ន្ធ​ទឹកស្អាត និង​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ប្រចាំថ្ងៃ ដូច​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​នោះ គឺ​កើតមាន​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។ ក្រៅពី​យក​អាគុយ​ទៅ​បញ្ចូល​នៅ​ទីស្នាក់ការ​សហគមន៍ ដោយ​ផ្តល់ ធនាគារអភិវឌ្ឍន៍អាស៊ី និង​ក្រសួងបរិស្ថាន ក៏មាន​ផ្ទះ​ពលរដ្ឋ​ដែលមាន​ជីវភាព​ធូរធារ​ខ្លះ​បាន​ទិញ​ម៉ាស៊ីនភ្លើង​តូច​ល្មម ដើម្បី​ប្រើប្រាស់​ក្នុងផ្ទះ​របស់​ពួកគេ​។

​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​មាត់​ព្រែក​ដៃសមុទ្រ ប្រាប់​ពី​ផល​លំបាក​ទៀតថា ចំពោះ​ទឹកសាប​ប្រើប្រាស់​វិញ គឺ​ត្រូវ​ទិញ​តាម​ទូក​ដែល​ឈ្នួ​ញ​យកមក​លក់​នៅក្នុង​ភូមិ ក្នុង​ធុង​ថ្លៃ​៣០០០​រៀល​។ កន្លងទៅ​ពួកគេ​ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​អោយជួយ​ដោះស្រាយ​ដែរ​។​

​តាម​ការអះអាង​របស់​ពលរដ្ឋ​ខាងលើ ការចំណាយ​ថវិកា​១៥០០​រៀល​ប្រចាំថ្ងៃ វា​បានធ្វើឱ្យ​ខាតបង់​ច្រើន​គួរសម​ស្របពេល​ពួកគាត់​រក​ចំណូល​ចូល​គ្រួ​សារបាន​បន្តិចបន្តួច សម្រាប់​ចិញ្ចឹម​គ្រួសារ​។ ពលរដ្ឋ​រំពឹង​ទុកជាមុន​ថា រដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​អោយមាន​ទឹកស្អាត និង​អគ្គិសនី​ប្រើ​ត្រឹមត្រូវ​នឹង​គេ​។​

​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ លោក អ៊ីវ កុសល មេឃុំ​ប៉ាក់​ខ្លង តប​ថា អ្វី​ដែលជា​តម្រូវការ​ខាងលើ មិនបាន​មើលរំលង​អំពី​ទុក​លំបាក​របស់​ពលរដ្ឋ​នោះទេ ពោលគឺ​អាជ្ញាធរ​ឃុំ និង​ស្រុក​ខិតខំ​ពិភាក្សា និង​ជំរុញ​ដល់​ក្រុមហ៊ុន LYP Group ចុះ​ពិនិត្យ​ស្រាវជ្រាវ​ពី​ភូមិសាស្ត្រ ដើម្បី​ផ្តល់​ភាព​ចែកចាយ​បណ្តាញ​អគ្គិសនី និង​ទឹកស្អាត​ជូន​ពលរដ្ឋ​ដែលមាន​កំពុងមាន​តម្រូវការ​។​

​លោក អ៊ីវ កុសល មេឃុំ​ប៉ាក់​ខ្លង ក៏​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​ត​ភ្ជាប់​បណ្តាញ​ភ្លើងអគ្គិសនី និង​ទឹកស្អាត គឺ​វា​ត្រូវ​ឆ្លងកាត់​ព្រែក​លំបាក​ចុះ​ដើមទុន​ច្រើនពេក ព្រោះតែ​ក្រុមហ៊ុន​គេ​យល់ថា​វា​ចំណាយ​ថវិកា​ច្រើន ទើប​មិនមាន​ទាន់​មានការ​ផ្តល់​ចម្លើយ​តប​ថា​នឹង​វិនិយោគ​ពេលណា​ឡើយ​»​។​

​អាជ្ញាធរ​ឃុំ ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​អត្ត​ប្រយោជន៍​ណាស់ដែរ ចំពោះ​វត្តមាន​ផ្ទាំង​ថាមពល​សូ​ឡា ដោយ​កំពុង​ដើរតួនាទី​សំខាន់​លើ​ការផ្គត់ផ្គង់​ភ្លើង​ជូន​ពលរដ្ឋ​បឹង​កា​ឆាង​។ ទៅ​ថ្ងៃមុខ អាជ្ញាធរ អាច​នឹង​គៀងគរ​សុំ​ជំនួយ​សប្បុរសជន​ពាក់ព័ន្ធ ដើម្បី​ទិញ​ផ្ទាំង​សូ​ឡា​បំពាក់​ក្នុងភូមិ​របស់​ពលរដ្ឋ​បន្ថែម​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ