Home ព័ត៌មានអន្តរជាតិ អ្នក​ឡើង​ភ្នំ...

អ្នក​ឡើង​ភ្នំ​បរទេស​២​នាក់ ស្លាប់​លើ​ភ្នំ​អេ​វើ​រ៉េស​

​ប្រែ​សម្រួលៈ​វាសនា​៖ អ្នក​រៀបចំ​កម្មវិធី​ឡើង​ភ្នំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​អ្នក​ឡើង​ភ្នំ​២​នាក់​ទៅ​ពី​អាម៉េរិក​និង​ស្វីស បាន​ស្លាប់​នៅលើ​ភ្នំ​អេ​វើ​រ៉េស និង​ជា​ការ​បាត់បង់​ជីវិត​ដូច្នេះ​លើកដំបូង​នា​​រដូវ​ឡើង​ភ្នំ​ឆ្នាំនេះ ។​

​ជា​មធ្យម អ្នក​ឡើង​ភ្នំ​ប្រមាណ​៥​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅលើ​កំពូលភ្នំ​ខ្ពស់​បំផុត​ក្នុង​លោក​នេះ​។​តែ​នៅ​រដូវ​ថ្មីៗ​នេះ មាន​អ្នក​ឡើង​ភ្នំ​អេ​វើ​រ៉េស​កាន់តែ​ច្រើន​ជា​ហេតុ​នាំ​អោយ​មាន​មនុស្ស​កកកុញ​តាម​​ផ្លូវ​ឡើង​និង​ជា​មូលហេតុ​នៃ​ការស្លាប់​មនុស្ស​ជាច្រើន​នាក់​។​

​មគ្គទេសក៍​ឡើង​ភ្នំ មីង​ម៉ា សឹ​ប៉ា នៅ​ក្រុម​Seven Summit Treks បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​អ្នក​ឡើង​ភ្នំ​២​នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​»​។​

​មគ្គទេសក៍​ឡើង​ភ្នំ ឆាង ដា​វ៉ា សឹ​ប៉ា មក​ពី​ក្រុម​ដដែល​បាន​និយា​ថា អ្នក​ឡើង​ភ្នំ​ស្វីស​វ័យ​៤០​ឆ្នាំ បាន​ស្លាប់​នៅ​ជិត​កំពូលភ្នំ ដោយសារ​ហត់​ហេវ​ខ្លាំងពេក ចំណែក​អ្នក​ឡើង​ភ្នំ​ជនជាតិ​អាម៉េរិក ពូ​វេយ លីវ អាយុ​៥៥​ឆ្នាំ បាន​ហត់​អស់កម្លាំង​ខ្លាំង​ហើយ​ងងឹតភ្នែក និង​បាន​ស្លាប់​ផងដែរ​។​

​កាលពី​ឆ្នាំ​២០១៩ មនុស្ស​១១​នាក់​បាន​ស្លាប់​លើ​កំពូលភ្នំ​ខ្ពស់​បំផុត​លើ​លោក​មួយ​នេះ ហើយ​ការស្លាប់​៤​នាក់​ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​កកកុញ​មនុស្ស​ច្រើនពេក​។​នៅ​ថ្ងៃមួយ មនុស្ស​ដល់​ទៅ​៣៥៤​នាក់ បាន​​តម្រង់​ជួរ​ឡើង​ទៅ​កំពូលភ្នំ ទៅ​ពី​ខាង​ជម្រាលភ្នំ​ខាង​ខាងត្បូង​របស់នេ​ប៉ាល់ និង​ភាគ​ខាងជើង​ទី​បេតិ៍​។​

​នៅ​រដូវ​ឡើង​ភ្នំ​ឆ្នាំនេះ នេ​ប៉ាល់​អនុញ្ញាត​អោយ​មានកា​រ​ឡើង​៤០៨​លើក ហើយ​ជំរំ​តង់​សង់​នៅ​ជើងភ្នំ​អេ​វើ​រ៉េស រួមទាំង​សណ្ឋាគារ​វិល​មក​ទទួល​ភ្ញៀវ​ឡើងវិញ​។​កាលពី​ថ្ងៃអាទិត្យ សារព័ត៌មាន​រដ្ឋ​ចិន​បាននិ​​យាយ​ថា អាជ្ញាធរ​នឹង​បង្កើត​ខ្សែបន្ទាត់​ខ័ណ្ឌ កំពូលភ្នំ​អេ​វើ​រ៉េស ដើម្បី​បញ្ចៀស​ការ​ចម្លងជំងឺ​កូវី​ដ​១៩​ដែល​អាច​កើតមាន​ពី​អ្នក​ឡើង​ភ្នំ​មកពី​ខាងនេ​ប៉ាល់​ដែល​កំពុង​រងគ្រោះ​ពី​ជំងឺឆ្លង​នេះ​។​

​កំពូលភ្នំ​ខ្ពស់បំផុត​នេះ ខ័ណ្ឌ​ដោយ​ព្រំដែន​នេ​ប៉ា​ល់​និង​ចិន ដែល​ជម្រាល​ខាងជើង​ជា​របស់​ចិន​។​ចិន​ហាម​មិន​អោយ​ជនបរទេស​ឡើង​ភ្នំ​អេ​វើ​រ៉េស ចាប់តាំងពី​ឆ្នាំ​មុន ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular